ភ្នំពេញៈ បន្ទាប់ពីសំងំរស់នៅបែបសាមញ្ញជនជាមួយនឹងកូនប្រុសទាំង ៣ នៅក្រោមដំបូលផ្ទះជួលដែលស្ថិតនៅក្នុងសង្កាត់ចាក់អង្រែក្រោមនៃរាជធានីភ្នំពេញមួយរយៈ ក្រោយពីបានបែកបាក់ពីប្រពន្ធដែលរស់នៅឯទឹកដីក្រុងប៉ោយប៉ែតអស់រយៈពេល ៣-៤ ឆ្នាំមកនោះ ក៏បែកធ្លាយដំណឹងដ៏សែនកម្សត់ចំពោះជីវភាពដុនដាបខ្លាំងរបស់អតីតតារាចម្រៀងប្រុសក្រុម EV ម្នាក់ទៀតគឺលោក សែម សង្វាត បន្ទាប់ពីលោក បូ វិចិត្រ។
អតីតតារាចម្រៀងប្រុសនៃក្រុម EV លោក សែម សង្វាត បង្ហាញវត្តមានជាថ្មីនេះក៏ធ្វើឲ្យអ្នកគាំទ្របានឃើញក្រោយពីលោកឃ្លាតឆ្ងាយពីសិល្បៈចម្រៀងមួយនេះអស់រយៈពេលយ៉ាងយូរគឺចាប់តាំងពីលោកបានរៀបការប្រពន្ធទី ២ នាអំឡុងឆ្នាំ ២០០៣ មក និងស្របពេលដែលក្រុមបែកគ្នា ចំពេលផលិតកម្មធ្លាប់ច្រៀងក៏ត្រូវបានបិទមកផងដែរនោះ។
តាមពិតទៅភាពភ្ញាក់ផ្អើលនៃការធ្លាក់ខ្លួនមានជីវភាពលំបាកលំបិនសមាជិករបស់អតីតតារាចម្រៀងប្រុសក្រុម EV ដំបូងនោះគឺជារូបលោក បូ វិចិត្រ ម្ចាស់បទ «ប៊ិះស៊យ» ឯណោះទេ ដោយសារមានប្រិយមិត្តគាំទ្រឃើញ និងស្គាល់ច្បាស់ថាជាតារាចម្រៀងល្បីប្រចាំក្រុមកាលពីអំឡុងឆ្នាំ ១៩៩៣-១៩៩៤ ដោយក្នុងនោះមានលោក ឃុំ ប៉ុណ្ណាដែត អ្នកនាង យក់ ឋិតរដ្ឋា អ្នកនាង ឱក សុគន្ធកញ្ញា លោក បូ វិចិត្រ និងលោក សែម សង្វាត។
តែក្រោយពីបានដឹងការពិតនៃភាពធ្លាក់ខ្លួនរបស់លោក បូ វិចិត្រ ពីតារាចម្រៀងមកជាអ្នកបោយឡានឲ្យគេមកក៏បែកធ្លាយរហូតដល់លោក សែម សង្វាត វិញនាអំឡុងចុងខែមិថុនាឆ្នាំ ២០១៩ កន្លងមក។
ទោះបីក្រោយពីដឹងឮ និងមានការសហការគ្នាពីសំណាក់ក្រុមសប្បុរសជនទាំងក្នុង និងក្រៅសិល្បៈ ដើម្បីផ្តល់ជូនជាថវិកាជាហូរហែអាចជួយសម្រួលជីវភាព និងកង្វះខាតរបស់លោក សែម សង្វាត និងកូនប្រុសទាំង ៣ ដែលកំពុងតែរស់ក្រោមដំបូលផ្ទះជួលនៅសង្កាត់ចាក់អង្រែក្រោម ហើយលោកក៏កំពុងតែមានជំងឺប្រចាំកាយទៀតផងគឺថាជួយបានតែមួយរយៈតែប៉ុណ្ណោះ ខណៈកូនៗលោកក៏នៅក្មេងមិនទាន់អាចចិញ្ចឹមខ្លួនបានឡើយតទៅថ្ងៃមុខ ដោយលោក សែម សង្វាត ជាជំហរគ្រួសារ ទើបលោកបារម្ភពីអនាគតរបស់កូនៗ និងមានសេចក្តីប្រាថ្នាចង់បានកន្លែងដែលខ្លួនអាចទៅច្រៀងបានជាប់លាប់ក្រែងអាចបានប្រាក់ខ្លះសម្រាប់ចិញ្ចឹមកូនប្រចាំថ្ងៃ។
លោក សែម សង្វាត ដែលមានជំងឺរ៉ាំរ៉ៃច្រើនមុខដូចជាក្រពះ ពោះវៀន និងជាចុងក្រោយមានជំងឺក្រិនថ្លើម ទើបតែធូរស្បើយបន្តិចក្រោយពីការព្យាបាលនៅមន្ទីរពេទ្យខ្មែរ-សូវៀត ដោយសារមានការជួយអន្តរាគមន៍ពីសមាគមសិល្បៈ និងក្រុមសប្បុរសជនទាំងក្នុង និងក្រៅប្រទេសនោះក៏រៀបរាប់ពីបច្ចុប្បន្នភាពខ្លួន និងសំណូមពរខ្លះដល់សប្បុរសជនផងដែរតាមរយៈភ្នំពេញប៉ុស្តិ៍ឲ្យមហាជនបានដឹង។
លោក សែម សង្វាត ម្ចាស់បទចម្រៀងដែលល្បីខ្លាំងគឺបទ «ជីវិតកម្មករឆ្លងដែន» ប្រាប់ថា៖ «ទៅថ្ងៃមុខចង់បានទីកន្លែងណាមួយដែលអាចឲ្យខ្ញុំទៅច្រៀង ហើយក៏អាចរកបានប្រាក់ខ្លះសម្រាប់ការចិញ្ចឹមកូនៗព្រោះថាកូនៗនៅក្មេង ទោះបីជានៅពេលនេះកូនប្រុសបង គេអាចឆ្លៀតរកការងារធ្វើបណ្តើរ រៀនបណ្តើរក៏ដោយ តែគ្នានៅក្មេងគឺពិតជាត្រូវការពេលរៀនឲ្យបានច្រើន»។
តាមការរៀបរាប់បន្ថែមនោះលោក សែម សង្វាត វ័យ ៤៤ ឆ្នាំធ្លាប់រៀបការ ២ ដងគឺប្រពន្ធដំបូងមានកូនប្រុសម្នាក់ បច្ចុប្បន្នវ័យ ១៩ ឆ្នាំ កូនច្បងចំណោមកូនប្រុសទាំង ៣ របស់លោក ខណៈកូនប្រុស ២ នាក់ទៀតជាមួយប្រពន្ធទី ២ ដែលបានរៀបការកាលពីឆ្នាំ ២០០៣ តែបានចែកផ្លូវគ្នា ៣-៤ ឆ្នាំចុងក្រោយនេះ បន្ទាប់ពីមុខរបររកស៊ីបរាជ័យ និងពេលជំងឺលោកកាន់តែធ្ងន់ធ្ងរមក៕