ភ្នំពេញ: អាណាព្យាបាល និង​កុមារតូចៗដែល​ស្រឡាញ់​ផ្នែក​តូរ្យ​តន្ដ្រី​លំនាំ​តាម​តន្ដ្រីករ​ល្បីៗ​ជុំវិញ​ពិភពលោក អាច​ចាប់​ផ្ដើម​ក្ដី​ស្រមៃ​មួយ​នេះ​នៅ​សោន​ស្គូល (SoundsKool)។

ក្រោយពី​សម្ពោធ​យីហោ​ជា​លើកដំបូង​នៅ​កណ្ដាល​ក្រុងភ្នំពេញ​អស់​រយៈពេល ៤ ឆ្នាំ សោន​ស្គូល​សាលា​តូរ្យតន្ដ្រី និង​លក់​ឧបករណ៍​តន្ដ្រី បាន​ពង្រីក​ខ្លួន​ទៅ​កាន់​មួយ​កន្លែង​ទៀត​ក្បែរ​ផ្សារ​ទួល​ទំពូង ដើម្បី​បំពេញ​បំណង​អ្នក​ចង់​ស្វែង​សិក្សា​ជំនាញ​តន្ដ្រី និង​ទិញ​ឧបករណ៍​នៅ​ជិត​បង្កើយ។

ថ្លែង​នៅ​ថ្ងៃ​បើកសម្ពោធ​សាខា​សាលា​តូរ្យតន្ដ្រី និង​ហាង​លក់​ឧបករណ៍​តន្ដ្រី​ថ្មី លោក ហ្កាប៊ី ហ្វាចា នាយក​គ្រប់គ្រង​ក្រុមហ៊ុន សោន​ស្គូល បាន​ឲ្យ​ដឹង​ថា៖ «យើង​ពិតជា​រំភើប​ណាស់​ដែល​បាន​នាំយក​សោន​ស្គូល​ទៅ​ទួល​ទំពូង»។

លោក​បង្ហាញ​ពី​ប្រយោជន៍​នៃ​តន្ដ្រី​ថា៖ «បេសកកម្ម​របស់​យើង​គឺ ដើម្បី​បម្រើ​អារម្មណ៍​និង​ធ្វើ​ឲ្យ​មាន​ការ​រួប​រួម​គ្នា​តាមរយៈ​តន្ត្រី។​ជាមួយ​នឹង​សាលា​រៀន​នានា​នៅ​ក្នុង​តំបន់ និង​គ្រួសារ​វ័យ​ក្មេង​ជាច្រើន​ដែល​កំពុង​រស់​នៅ​ក្នុង​សង្កាត់​នេះ​យើង​គិត​ថា​វា​នឹង​ក្លាយជា​កន្លែង​ដ៏​ល្អ​ឥត​ខ្ចោះ ក្នុង​ការ​តភ្ជាប់​ទំនាក់​ទំនង​ជាមួយ​សហគមន៍»។

ផ្ដើម​ពី​ការទទួល​ចុះឈ្មោះ​ចូលរៀន​របស់​កុមារតូចៗ សោ​ន​ស្គូ​ល ផ្ដល់នូវ​វគ្គ​សិក្សា​គ្រប់​កម្រិត​ចាប់​ពី​ថ្នាក់​ដំបូង​រហូត​ដល់​ថ្នាក់​ជំនាញ។

សោនស្គូល​មានលក់​ឧបករណ៍តន្ត្រីម៉ាក​ល្បីៗ និង​បង្រៀន​សិស្ស​ចាប់ពីអាយុ ៣ ឆ្នាំកន្លះ​​។a សហការី

កញ្ញា គី ម៉េង​ហៀ​ង បុគ្គលិក ផ្នែក​ទំនាក់ទំនង​បាន​និយាយថា៖ «យើង​ផ្ដើម​ទទួល​សិស្ស​ពី​អាយុ ៣ ឆ្នាំ​កន្លះ​ឡើង ដែល​មាន​បំណង​ចង់​ក្លាយជា​តន្ដ្រីករ​អាជីព និង​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​សហគមន៍»។

Group Play វគ្គ​សិក្សា​ឧបករណ៍​តន្ដ្រី​ព្យ៉ា​ណូ និង​ហ្គីតា​ដែល​ទទួល​សមាជិក​ពី ២ ទៅ ៤ នាក់ តម្លៃ ៣០០ ដុល្លារ​ក្នុង​មួយ​វគ្គ សិស្ស​នឹង​ទទួល​ការ​សិក្សា ១២ មេរៀន​រយៈពេល ១២ សប្ដាហ៍។

ស្ថិតនៅ​វិថី ១៣៥ កែង​ផ្លូវ ៤៥៦ សង្កាត់​ទួល​ទំពូង សោ​នស្គូ​ល មាន​លក់​ឧបករណ៍​តន្ដ្រី ម៉ាក​ល្បីៗ​ដូចជា Fender, Roland, Aria និង Conn-Selmer ជាដើម។

នៅ​ក្នុងឱកាស​បើកសម្ពោធ​ជាមួយ​ស្នាមញញឹម​ដ៏​រីករាយ​ពី​សំណាក់​អាណាព្យាបាល និង កុមារ​តូចៗ ព្រម​ទាំង លោកគ្រូ អ្នកគ្រូ​ផ្នែក​តូរ្យ​តន្ដ្រី និង​តារា​ចម្រៀង​កិត្ដិយស កញ្ញា រ៉ុន ស៊ីរ៉ា អ្នក​សម្រប​សម្រួល​កម្មវិធី សោន​ស្គូល កញ្ញា អេវី អេវែនស៍ បាន​លើក​ឡើង​ថា៖ «ខ្ញុំ​ស្រឡាញ់​ការ​ពិត​ដែល​ថា ការ​អប់រំ​មុខវិជ្ជា​តូរ្យ​តន្ត្រី​កំពុង​តែ​កើន​ឡើង និង​ចាប់​អារម្មណ៍​ខ្លាំង​នៅ​ប្រទេស​កម្ពុជា​ហើយ​តាមរយៈ សោន​ស្គូល​ខ្ញុំ​នឹង​អាច​រួម​ចំណែក​ជួយ​ដល់​សិល្បករ​ជំនាន់​ក្រោយ»៕