ភ្នំពេញៈ តារាចម្រៀងស្រីអតីតជាបេក្ខនារីប្រឡង Cambodian Idol រដូវកាលទី ៣ កញ្ញា សោភា ទេពី ទើបបានជួបរឿងស៊យត្រូវចោរឆក់ទូរស័ព្ទសោះ ក៏ស្រាប់តែនាងបានធ្វើឲ្យប្រិយមិត្តមានការភ្ញាក់ផ្អើលខ្លាំងជាមួយលាភថ្មីរបស់នាងវិញគឺទទួលបានកាដូរថយន្តទំនើបថ្មីសន្លាងម៉ាកឡិចស៊ីស NX 200t លួងចិត្តនាងបង្ហោះតាមហ្វេសប៊ុក។
ការទទួលបាននូវកាដូជារថយន្តថ្មីនេះក៏បានបន្ទរឲ្យមានសូរសៀងល្បីថា តារាចម្រៀងស្រីមានសាច់ទ្រលុកទ្រលន់ និងរូបសម្ផស្សស្រស់សោភាឈ្មោះពិតថា ញឹម សួនសោភាទេពី ធ្លាប់ជាបេក្ខនារីប្រឡងកម្មវិធី Cambodian Idol រដូវកាលទី ៣ រូបនេះលើកឡើងថា នាងច្បាស់ជាមានម្ចាស់ចិត្តជូនកាដូលួងចិត្ត ក្រោយពីនាងបានរអ៊ូរឿងបាត់ទូរស័ព្ទដៃរំលងបានប៉ុន្មានយប់មកនោះ។
ហាក់ដូចជាបានដឹងរឿងមុន និងខ្លាចមានអ្នកសួរនាំទៅនឹងរឿងកាដូរថយន្តថ្មីសន្លាងនោះ ក៏ស្រាប់តែកញ្ញា សោភា ទេពី ចេញសារយ៉ាងវែងអន្លាយបរិយាយបញ្ជាក់ឲ្យដឹងតាមហ្វេសប៊ុកផងដែរថា៖ «កាដូពិសេសដែលម៉ាក់ផ្តល់ឲ្យកូន!អរគុណម៉ាក់ ដែលបានទិញរថយន្តមួយនេះឲ្យកូន ហើយកូនពិតជាសប្បាយចិត្ត និងរំភើបខ្លាំងណាស់រកអ្វីប្រៀបពុំបានឡើយទេ ហើយស្រឡាញ់ពេញបេះដូង ចំពោះឡាននេះគឺកូនគ្មានអ្វីសងគុណម៉ាក់ឲ្យបានគ្រប់នោះទេ គឺមានតែការតបស្នងតាមការខំរៀនឲ្យពូកែ ខំធ្វើអំពើល្អ ដើរក្នុងផ្លូវល្អ ធ្វើជាកូនល្អ ឲ្យលោកសប្បាយចិត្ត និងមានអនាគតត្រចះត្រចង់ សូមឲ្យទេវតា និងវត្ថុស័ក្តិសិទិ្ធតាមថែរក្សាអ្នកមានគុណខ្ញុំឲ្យមានសុខភាពល្អចៀសផុតពីជំងឺផ្សេងៗ ដើម្បីជាម្លប់ដល់កូនចៅ!»។
ទន្ទឹមមន្ទិលនេះដែរក៏ត្រូវបានកញ្ញា សោភា ទេពី នាងបានបញ្ជាក់ប្រាប់ថា៖ «ចំពោះរថយន្តឡិចស៊ីសដែលមានតម្លៃ ៦៦ ០០០ ដុល្លាររបស់នាងខ្ញុំគឺពិតជាកាដូរបស់អ្នកម្ដាយ ១០០ ភាគរយពិតមែន ហើយក៏មិនមានបុរសណាម្នាក់ គេហ៊ានយកលុយមកជះមកឲ្យនាងខ្ញុំនៅក្នុងចំនួនដ៏ច្រើនបែបហ្នឹងនោះទេ!»។
ចំពោះវិស័យសិល្បៈចម្រៀងវិញ ឃើញថាតារាចម្រៀងស្រីដែលសម្បូរសាច់ឈាមមានឈ្មោះពិត ញឹម សូនសោភាទេពី ដែលប្រិយមិត្តច្រើនតែស្គាល់ និងហៅក្រៅថា កញ្ញា សោភាទេពី នោះនាពេលបច្ចុប្បន្នកំពុងតែមានប្រជាប្រិយភាពខ្លាំងដែរជាមួយនឹងបទចម្រៀងដែលនាងច្រៀង Cover បទចាស់ៗដោយមានសំនៀងពីរោះរណ្តំចិត្តនៅផលិតកម្ម អនឡាញ។
ជាក់ស្តែងតារាចម្រៀងស្រីវ័យក្មេងកញ្ញា សោភា ទេពី កំពុងតែមានឈ្មោះបោះសំឡេងនៅលើវិថីសិល្បៈចម្រៀងផងដែរ ជាមួយនឹងបទ «អ្នកណាកែចិត្តបង» ដែលនាងបកស្រាយថ្មីៗនេះ៕