The Phnom Penh Post Search

Search form

សោភា និង​សក្កដា ចែក​រំលែក​ក្តីស្រឡាញ់​ដល់​អ្នកក្រ

Content image - Phnom Penh Post
សកម្មភាព​ ពេជ្រ សោភា និង សក្កដា ចែក​អំណោ​យកុមារ និង​ចាស់​ជរា​។ ហ្វេសប៊ុក

សោភា និង​សក្កដា ចែក​រំលែក​ក្តីស្រឡាញ់​ដល់​អ្នកក្រ

ភ្នំពេញៈ មហាជន​មានការ​ភ្ញាក់ផ្អើល​ខ្លាំង​កាលពី​ទិវា​នៃក្តី​ស្រឡាញ់ថ្ងៃទី ១៤ ខែកុម្ភៈ កន្លង​មកនេះ ដោយ​បានឃើញ​គូស្នេហ៍​ស្ថិតនៅ​ក្នុងការ​ស្វែងយល់​ចិត្តគ្នា រវាង​តារា​ចម្រៀង​ស្រី​លំដាប់​កំពូល​ហង្សមាស អ្នកនាង ពេជ្រ សោភា និងតារា​សម្តែង​រូបសង្ហា​លោក ឆឹម សក្កដា បានធ្វើ​អំពើល្អ​រួមគ្នា ចែកក្តី​ស្រឡាញ់​ជាមួយគ្នា ដោយ​នាំយក​កាដូ​ជាសំពត់ និង​ក្រមា ប្រមាណ​ជិត ៣០០ សម្រាប់​ទៅ​ចែកជូន​ដល់​បងប្អូន​ពលរដ្ឋ​ខ្មែរក្រីក្រ​ទាំងក្មេង​ទាំងចាស់ នៅម្តុំ​មន្ទីរពេទ្យ​គន្ធបុប្ផា ក្បែរ​តំបន់​រមណីយដ្ឋាន​វត្តភ្នំ។

អ្នក​ទាំងពីរ​មិនត្រឹមតែ​អត់​ប្រើប្រាស់​រថយន្ត​ទំនើប​ផ្ទាល់ជិះ​នាំយក​កាដូ​ទេ ថែមទាំង​ជួល​រ៉ឺម៉ក​កង់បី​ជិះចែក​ជូនដល់​ជនក្រីក្រ​ទាំងអស់​ផងដែរ ដើម្បី​បញ្ជាក់​ពីភាព​សាមញ្ញ និងមិន​ប្រកាន់​ខ្លួន​របស់​គូស្នេហ៍​ដែល​ទើបតែ​ចាប់​ប្រតិព័ទ្ធ​គ្នា​ថ្មោងថ្មី​នេះ។

Content image - Phnom Penh Post

ទោះជា​មិនបាន​បង្ហើប​ប្រាប់ពី​ការចំណាយ​អស់ប្រាក់​ប៉ុន្មាន​សម្រាប់​ទង្វើល្អ​រួមគូស្នេហ៍​ជាតារា​សម្តែង​រូបសង្ហា​នេះ​ក្តី ក៏​អ្នកនាង ពេជ្រ សោភា បាន​ឲ្យ​ភ្នំពេញ​ប៉ុស្តិ៍ ដឹង​ពី​គំនិត​នៃការ​ធ្វើទង្វើ​ល្អរួមគ្នា​របស់​អ្នក​ទាំងពីរ​នាថ្ងៃ​នៃក្តី​ស្រឡាញ់​ទី ១៤ ខែកុម្ភៈ នោះ​ផងដែរ​ថា៖ «ដោយ​សារតែ​ពួកយើង​មានគំនិត​ស្របគ្នា ទើប​សម្រេច​ចូលប្រាក់​គ្នា​យកទៅ​ទិញ​ជាគ្រឿង​ប្រើប្រាស់​សំពត់ និង​ក្រមា​ដើម្បី​យកទៅ​ចែកជូន​ដល់​បងប្អូន​ពលរដ្ឋ​ខ្មែរ​ក្រីក្រ​នៅតាម​ដងផ្លូវ​នានា​នៅម្តុំ​មន្ទីរពេទ្យ​គន្ធបុប្ផា»។

តារា​ចម្រៀង​ល្បី​ដែល​ជ្រកកោន​ក្រោម​ទ្រនំ​រស្មីហង្សមាស​ឡើង​ដុះស្លែ អ្នកនាង ពេជ្រ សោភា បន្តថា៖ «ទោះបី​នេះ វា​មិនមាន​ចំនួន​ច្រើន​មែនក្តី តែយើង​យល់ថា នេះ​ជាការ​ចែករំលែក​ក្តីស្រឡាញ់ និង​សន្តាន​ចិត្តជួយ​ទៅដល់​អ្នក​ខ្វះខាត​នៅថ្ងៃ​នៃក្តីស្រឡាញ់។ តាមពិត ខ្ញុំ និងគាត់ [សក្កដា] មិន​គិតថា​ទាល់តែ​ដល់ថ្ងៃ​នៃ​ក្តីស្រឡាញ់​ទើបបាន​ធ្វើ​នោះទេ ដោយ​យើង​សន្យាថា នឹងចូល​ប្រាក់​រួមគ្នា​ដែលបាន​ពីការងារ​សិល្បៈ​បន្តិច​ម្នាក់ ធ្វើ​សកម្មភាព​សប្បុរសធម៌​នានា​ទៅតាម​លទ្ធភាព​ពួកយើង​ទៀតផង»។

មើលទៅ​មហាជន​កាន់តែ​បាន​ជ្រួតជ្រាប​ច្បាស់ពី​សម្ព័ន្ធភាព​ស្នេហា​រវាង​តារា​ទាំងពីរ​កាន់តែមាន​ពន្លឺ​ចែងចាំង និងមាន​ការវិវត្ត​ល្អ​ទៅមុខ​ដោយ​រលូន​តែម្តង ខណៈ​ឃើញ​តារាចម្រៀង​ពេជ្រ សោភា ក៏បាន​បង្ហោះសារ​កោតសរសើរ និង​សារភាព​ពីបេះដូង​សម្រាប់​វត្តមាន​បុរស​សង្ហា​លោក ឆឹម សក្កដា កំពុង​ធ្វើឲ្យ​រូបនាង​មានការ​ផ្លាស់ប្តូរ​ទៀតផង​ថា៖ «អរគុណ​គ្រប់យ៉ាង​នូវ​អ្វីដែល​ពូដា [សក្កដា] ធ្វើដើម្បី​ចែចែ។ ពូដា ប្រាប់ថា អ្នក​ដំបូង​គេ ចែចែ ត្រូវគិត​នោះ​គឺជា​ម្តាយ។ ចែចែ ចង់​ប្រាប់ពូដា ថា អរគុណ​ពូដា ដែល​ចូលមក​ក្នុង​ជីវិត​ចែចែ» និងសារ​ខ្លីជា​ភាសា​អង់គ្លេស​សម្រួល​ជាខ្មែរ​ថា «ពូក៏បាន​ធ្វើឲ្យ​ជីវិត​ចែចែ​ផ្លាស់ប្តូរ ហើយ​ចែចែ​ក៏​សន្យាថា​ផ្លាស់​ប្តូរជីវិត​ពូដែរ»៕

អត្ថបទគួរចាប់អារម្មណ៍

  • គម្រោង​ធំៗ​ជាច្រើន​អាច​នឹង​លេច​ឡើង​នៅ​តាម​មាត់ទន្លេ

    ក្រុមហ៊ុន​អភិវឌ្ឍន៍​ដ៏ធំ​មួយ​របស់​ចិន​មាន​ប្លង់​រចនា​ក្នុង​ការ​អភិវឌ្ឍ​នៅ​តាម​បណ្តោយ​ឆ្នេរ​ទន្លេ​ដែល​គម្រោង​នោះ​រួម​មាន​ខុនដូ​ប្រណីត អគារ​ការិយាល័យ ខណៈ​បច្ចុប្បន្ន​ទីតាំង​នោះ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​កំពង់ផែ​ស្វយ័ត​រាជធានី​ភ្នំពេញ​។

  • ស្ថាបត្យកម្ម និង​វិចិត្រសិល្បៈ គឺ​មិន​អាច​ញែក​ដាច់​ពី​គ្នា​បាន​ឡើយ

    នៅក្នុង​បន្ទប់​សិក្សា​ក្នុង​ផ្ទះ​ធំ​មួយ​នៅ​តាម​មាត់ទន្លេ​ក្នុង​រាជធានី​ភ្នំពេញ លោក ថាង សុធា វ័យ​ ៣៥ ​ឆ្នាំ​កំពុង​ពិនិត្យ​មើល​ប្លង់​រចនា 3D របស់​បន្ទប់​គេង​នៃ​អាផាតមិន​មួយ​ដែល​ជា​ផ្នែក​នៃ​គម្រោង​កែលម្អ​ចុងក្រោយ​បំផុត​ដែល​លោក​បាន​ចូលរួម​ធ្វើ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន នៅ​លើ MacBook ដើម្បី​បំផុស​គំនិត​សម្រាប់​ការងារ​នាពេល​អនាគត​។

  • ត្រី​ចិញ្ចឹម​ប្រមាណ​ ១២ ​តោន​ងាប់​ដោយ​កម្ដៅ​ពេល​ទឹក​ស្រក

    កំពង់ឆ្នាំងៈ យ៉ាង​ហោចណាស់​ត្រី​ចិញ្ចឹម​តាម​ដង​ទន្លេ​ស្ថិត​ក្នុង​សង្កាត់​ខ្សាម និង​ផ្សារឆ្នាំង ខេត្ត​កំពង់ឆ្នាំង​ប្រមាណ​ជា​ ១២ ​ពាន់​គីឡួ​បាន​ងាប់​ក្នុង​រយៈពេល​ ៣ ​ថ្ងៃ ព្រោះ​តែ​ទឹក​បាន​ស្រក​ចុះ​ជា​គំហុក និង​ក្ដៅ​ខ្លាំង​។ នេះ​បើ​យោង​តាម​ការរៀបរាប់​របស់​ប្រជានេសាទ​ក្នុង​តំបន់​នោះ​ដែល​មាន​ប្រមាណ​ជា​ ៧០ ​គ្រួសារ​។

  • ព្រះរាជអាជ្ញា​ភ្ជាប់​រឿង​ហិង្សា​នៅ​ស្ពាន​នាគ​ជា​ចលនា​បដិវត្តន៍​ពណ៌

    ភ្នំពេញៈ សាលាឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃ​ពុធ​ម្សិលមិញ​បាន​បញ្ចប់​សវនការ​ជំនុំជម្រះ​សំណុំ​រឿង​ហិង្សា​នៅ​ស្ពាន​នាគ​កាលពី​ខែ​កក្កដា ឆ្នាំ ២០១៤ ដោយ​ព្រះរាជអាជ្ញា និង​មេធាវី​ការពារ​ដើមបណ្ដឹង​សម្រេច​ភា្ជប់​ករណី​ហិង្សា​នោះ​ទៅ​នឹង​បដិវត្តន៍​ពណ៌ បន្ទាប់ពី​សវនការ​រយៈពេល​ ៣ ​ថ្ងៃ​ជាប់ៗ​គ្នា​។ ទោះ​ជា​យ៉ាងណា​ក៏ដោយ​ភាគី​ជនរងគ្រោះ​ថា​គ្មាន​អំពើ​កុបកម្ម​កើតឡើង​ទេ​ និង​ស្នើ​ដល់​តុលាការ​ឲ្យ​ដោះលែង​ពួកគេ​។