ភ្នំពេញ៖ ជារឿយៗតារាសម្តែងស្រី និងពិធីការិនីទូរទស្សន៍ មេម៉ាយកូន ១ តែសម្រស់នៅស្អាតហំ ក្រមុំមិនដូរជាទូតសុច្ឆន្ទៈនៃក្រុមហ៊ុនភេសជ្ជៈអូអ៊ិឈិ សុខ សោម៉ាវត្តី ដែលរមែងច្រានចោលពីរឿងសម្ព័ន្ធបេះដូងរវាងខ្លួន និងកំលោះរូបសង្ហា កីឡាករបាល់ទាត់ លី វ៉ាហេដ មែនក្តី តែពួកគេនៅបន្តផូស្តរូបភាពស្និទ្ធស្នាល និងផ្អែមជាគូស្នេហ៍ ហូរហែ មិនលាក់លៀម មហាជនឡើយ តាមបណ្តាញសង្គមហ្វេសប៊ុក និងបានប្រើពាក្យពេចន៍ហៅគ្នាថា «អូន និងបង» ឡើងរត់មាត់បាត់ទៅហើយផងដែរ។
ជាក់ស្តែងតារាសម្តែងស្រី ដែលមានទេពកោសល្យសម្តែងដ៏ប៉ិនប្រសប់ ចេះបត់បែនតាមតម្រូវការរបស់ផលិតករ អ្នកនាង សុខ សោម៉ាវត្តី ក៏បង្ហោះរូបស្និទ្ធស្នាលថ្មីសន្លាង តាមហ្វេសប៊ុក បង្កើតភាពភ្ញាក់ផ្អើលមហាជនសាជាថ្មីម្តងទៀតជាមួយនឹងបណ្តុំរូបបំពាក់ចិញ្ចៀនគូស្នេហ៍ នឹងកំលោះរូបសង្ហា មានបេះដូងស្មោះ គឺកីឡាករ លី វ៉ាហេដ នៅក្នុងទឹកមុខដ៏មានក្តីសុខ។
អ្នកនាង សុខ សោម៉ាវត្តី ក៏បានបរិយាយអមទៅនឹងរូបនោះថា៖ «អត់ Surprise អីម៉ា បន្តិច គេមានខ្សែខាងហាងជាងប្រាក់ វណ្ណហុងហ៎ មិនបាច់ល លក្ខណៈខ្សឹបខ្សៀវដឹងលេខរង្វង់ដៃហ្មង ខាងស្រីជាម៉ូយ ឬខាងប្រុស ឥឡូវ Meybanks សុំចម្លើយម្នាក់មួយមក ពូហ្នឹងកិបកេងលុយមែន?»។
ការពិតនៅតែមិនអាចលាក់បាំងគេបាន ស្រាប់តែស្រីស្រស់ តារាសម្តែងមេម៉ាយកូន ១ សុខ សោម៉ាវត្តី បង្ហើបនូវសារដ៏ផ្អែមល្ហែមបន្តឱ្យដឹងពីជម្រៅចិត្តនៃក្តីស្នេហ៍ខ្លួន ទៅចំពោះបុរសរូបសង្ហានោះថា៖ «កន្លងមកនេះ ឆ្លងកាត់រឿងច្រើនណាស់ តែអ្វីដែលសំខាន់យើងមិនធ្លាប់គិតថា យើងនឹងលែងដៃគ្នាម្ដងណាទេ អរគុណ ដែលទុកអូនជាមនុស្សសំខាន់! Happy anniversary 4- year I do love Ly Vahed »។
បន្ថែមពីនេះតារាស្រី ដែលកំពុងតែបានពង្រីកនូវអាជីវកម្មក្រៅសិល្បៈរីកដូចផ្សិត នារយៈពេលប្រមាណ ២-៣ ឆ្នាំចុងក្រោយ ពិធីការិនីទូរទស្សន៍បាយ័នអ្នកនាង សុខ សោម៉ាវត្តី ក៏មានសារបង្ហាញពីសម្ព័ន្ធភាពនឹងកីឡាករ លី វ៉ាហេដ នាពេលទទួលបានផ្កាកុលាប ១ បាច់ផងដែរថា៖ «តាមសួររឿងកាដូរហូតថា អូនអត់ស្រឡាញ់ មែនឃើញដូចអត់សប្បាយចិត្ត ខ្ជិលឆ្លើយណាស់ ចង់ប្រាប់ថា ទោះបីគ្មានក៏សប្បាយចិត្តដែរ ព្រោះថាស្នាមញញឹមស្នាមសើច និងទឹកភ្នែកដែលហូរពីការរំភើបចិត្ត ដែលបងឱ្យអូនរាល់ថ្ងៃនេះ គឺវាជាកាដូដ៏ធំហើយ សម្រាប់មនុស្សស្រីម្នាក់នេះ អរគុណបងគ្រប់យ៉ាង។ ហើយកាដូហ្នឹងមិនមែនថា មិនសប្បាយចិត្តនោះទេ តែឆ្ងល់ថា ប្រាក់ខែបើកមកឱ្យអស់ហើយ ហើយចុះបាន $ ពីណាមកទៅទិញហ្នឹង។ ទឹកមុខសង្ស័យហ្នឹងណា!»៕