ក្រុងរ៉ូម: គំនរ​សំរាម​ឆេះ​សន្ធោសន្ធៅ និង​កណ្ដុរ​កាយ​សំរាម​តាម​ចិញ្ចើមផ្លូវ​បាន​បង្ក​ជា​ក្ដីបារម្ភ​ចំពោះ​សុខភាព​ក្នុង​ទីក្រុង​រ៉ូម ខណៈ​ក្រុម​វេជ្ជបណ្ឌិត​ព្រមាន​ថា ពលរដ្ឋ​ត្រូវ​ចៀស​ពី​កាកសំណល់​បង្ក​ជំងឺ ហើយ​អ្នកស្រុក​បាន​បើក​ការប្រកួត​ស្វែងរក​ធុងសំរាម​អសោច​តាម​អនឡាញ​។

ភ្ញៀវទេសចរ​នៅ​រដូវក្ដៅ​ត្រូវ​បាន​បង្ខំ​បន្ថែម​កាកសំណល់​លើ​ធុងសំរាម​ដ៏ជោរជន់​ក្នុង​បរិយាកាស​ក្ដៅ​យ៉ាងខ្លាំង ខណៈ​ក្លិន​សំរាម​ដ៏អសោច​បាន​ទាក់ទាញ​សត្វ​អនាថា និង​ការគំរាមកំហែង​ពី​ជំងឺ​មកកាន់​ទីក្រុង​រ៉ូម ហើយ​ពលរដ្ឋ​មូលដ្ឋាន​មាន​ការខឹងសម្បា​ចំពោះ​ការគ្រប់គ្រង​សំណល់​របស់​ក្រុង​។

ប្រធាន​ពេទ្យ​ប្រចាំ​ក្រុង​រ៉ូម លោក អង់តូនីញ៉ូ ម៉ាហ្គី បាន​ចេញ​សេចក្ដី​ប្រកាស «​អាសន្ន​ចំពោះ​អនាម័យ​» ដោយ​បាន​ប្រាប់​ថា​បញ្ហា​នេះ​អាច​ជះឥទ្ធិពល​ចំពោះ​សុខុមាលភាព​ដោយ​ជំងឺឆ្លង​តាមរយៈ​សត្វល្អិត និង​សត្វ​អនាថា​ញាំញី​កាកសំណល់​រលួយ​។

សំរាម​រាយប៉ាយ​ពេញ​ផ្លូវ​បង្ក​ក្លិន​អសោច និង​អាច​ចម្លង​មេរោគ​នានា​។ រូបថត AFP

ការព្រមាន​របស់​លោក​បាន​ជំរុញ​ឲ្យ​រដ្ឋអាជ្ញា​មូលដ្ឋាន​បើក​ការស៊ើបអង្កេត​មួយនា​សប្ដាហ៍​នេះ​ចំពោះ​ការខកខាន​ក្នុង​ការប្រមូល​សំរាម​។ ស្រប​ពេល​នេះ ពលរដ្ឋ​ក្រុង​រ៉ូម​ដ៏ខឹងសម្បា​បាន​បើក​យុទ្ធនា​ការប្រកួត​លើ Twitter ដើម្បី​ស្វែងរក​ធុងសំរាម​ជះក្លិន​អសោច​បំផុត​។

ប្រអប់​ភីហ្សា​ចាស់ៗ ឬ​សំណល់​មី​ស្ពេហ្គាទី និង​ផ្លែឈើ​រលួយ​បាន​ទាក់​ចិត្ដ​រំពេ​សមុទ្រ កណ្ដុរ និង​ថែមទាំង​ជ្រូកព្រៃ​នាំ​គ្នា​សម្រុក​ចូល​ក្នុង​ក្រុង ហើយ​សូម្បីតែ​ហ្វូង​ឆ្កែព្រៃ​ក៏​ចូល​មក​ក្បែរ​ខុស​ប្រក្រតី​ផង​ដែរ​។

ទីក្រុង​រ៉ូម​បាន​ចំណាយ​ប្រាក់ ៦៧០ ដុល្លារ​សម្រាប់​លំនៅឋាន​មួយ​ចំពោះ​ការគ្រប់គ្រង​កាកសំណល់​ក្នុង​ឆ្នាំ​ ២០១៧ ដែល​មាន​តម្លៃ​ខ្ពស់​បំផុត​នៅ​ទូទាំង​ប្រទេស​ដោយ​ក្រុង​វេនិក ៣៩៥ ដុល្លារ និង​ក្រុង​ហ្វ្លរ៉េន ២៩៨ ដុល្លារ​។ តាម​របាយការណ៍​ចេញ​ដោយ Openpolis Foundation​។

ទីលាន​ចាក់សំរាម​មួយ​ក្នុង​ចំណោម ៣ ត្រូវបាន​បិទ​។ សំរាម​គ្រាន់តែ​ជា​ក្ដីកង្វល់​មួយ​នៅ​ទីក្រុង​សម្បូរ​វិថី​រន្ធ​បាយខុំ​ប៉ុណ្ណោះ ខណៈ​អគ្គិភ័យ​រដូវក្ដៅ​ជា​រឿង​ដ៏គួរ​ឲ្យ​បារម្ភ​៕ HR