ភ្នំពេញ៖ ជា​រឿយៗ​គេ​តែង​ឃើញ​វត្តមាន​កញ្ញា សំ ថារ័ត្ន​ ក្នុង​ការ​សម្តែង​​​កីឡា​ល្បុក្កតោ​ និង​​ការ​​​​​ប្រកួត​​កីឡា​​​គុន​ចម្រុះ​ ONE ​Championships ​កម្រិត​​ពិភព​លោក​ និង​​ធ្លាប់​ថត​កុន​បែប​វាយ​ប្រហារ​ប្រើ​ក្បាច់​គុន​យ៉ាង​រស់​រវើក ​រួម​ផ្សំ​នឹង​ទេពកោសល្យ​ ដែល​ជា​ជំនាញ​របស់​ខ្លួន​ធ្លាប់​ស្រូប​បាន​ការ​គាំទ្រ​ពី​ប្រិយ​មិត្ត​ដ៏​ច្រើន​​សន្ធឹក​។

តែ​ថ្មីៗ​នេះ តារា​សម្តែង​ស្រី​ខាង​យុទ្ធ​គុន ​ដែល​ផ្ទុះ​​​​ភាព​ល្បី​ក្នុង​ខ្សែ​ភាពយន្ត​ខ្នាត​ធំ​រឿង​ «ការពារ​ឧក្រិដ្ឋ​​ជន-Jailbreak»​​ និង​រឿង​​​ដឹក​នាំ​សម្តែង​​លំដាប់​ហូលីវូដ ​អ្នកនាង ​អេនជេលីណា ជោលី ​គឺ​រឿង «ដំបូង​ពួក​គេ​សម្លាប់​ប៉ា​របស់​ខ្ញុំ» ​​កីឡាការិនី សំ ថារ័ត្ន​ នឹង​លេច​មុខ​ក្នុង​កុន​ខ្នាត​ធំ​មួយ​ មាន​លក្ខណៈ​ខុស​ប្លែក​ពី​កុន​មុនៗ​ ដែល​មហាជន​ខ្លះ​អាច​​ខក​បំណង​ក៏​ថា​​បាន​ព្រោះ​មិន​មែន​ជា​ការ​សម្តែង​​បែប​វាយ​តប់ ប្រើ​​ក្បាច់​គុន​ដូច​មុន​នោះ​​ទេ ​គឺ​ជា​កុន​បែប​ព្រឺព្រួច​អារម្មណ៍​ទៅ​វិញ​។​

ដោយសារ​តែ​ជា​លក្ខខណ្ឌ​របស់​ផលិតកម្ម​សុំ​មិន​ទាន់​ឲ្យ​ប្រាប់​​ចំណង​ជើង​កុន​ថ្មី កញ្ញា សំ ថារ័ត្ន កំពុង​តែ​ថត​ជាមួយ​នឹង​តារា​សម្តែង​ប្រុស​មាន​ប្រជាប្រិយភាព​ផង​ដែរ ​គឺ​លោក អ៊ុន សុធា ខណៈ​ការ​ថត​កុន​បាន​ចាប់​ផ្តើម​ថត​បាន​ចំនួន​ ​៣-៤ ​ថ្ងៃ​មក​ហើយ ​រហូត​មក​​ដល់​ត្រឹម​ថ្ងៃ​ទី ​៧ ខែ ​តុលា ឆ្នាំ ​​២០១៩​។

អ្នក​លេង​កីឡា​​ប្រយុទ្ធ​ចម្រុះ​​​ដ៏​លេច​ធ្លោ​ សំ ថារ័ត្ន ​បាន​​ក្លាយ​ជា​កីឡាការិនី​ តែ​ម្នាក់​​គត់ និង​ដំបូង​គេ​ដែល​ត្រូវ​​បាន​ជ្រើសរើស​ឲ្យ​ចេញ​ទៅ​ប្រកួត​ស៊ីហ្គេម​លើក​ទី ៣០ ​នៅ​ប្រទេស ​ហ្វីលីពីន លើ​ប្រភេទ​កីឡា​​គុន​ខ្មែរ ឬ​ហៅ​ថា «កីឡា​មួយ​» តំណាង​ឲ្យ​កម្ពុជា នៅ​ចុង​​ខែ​វិច្ឆិកា និង​ដើម​ខែ ​ធ្នូ ឆ្នាំ ២០១៩​ នេះ បាន​បង្ហើប​​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ខណៈ​ពេល​សម្រាក​ពី​ការ​ថត​កុន​បន្តិច នា​កាល​ពី​​រសៀល​​​ពី​ម្សិលមិញ​​ថា៖ «​ចាសបង! ​ខ្ញុំ​ពិត​ជា​​កំពុង​​ថត​កុន​ដុំ​ខ្នាត​ធំ​ថ្មី​មួយ​ទៀត​មែន! តែ​សុំ​អធ្យាស្រ័យ​ផង ដែល​មិន​​ទាន់​អាច​ជម្រាប​បង​បាន​ឡើយ​កុន​នោះ​រឿង​អ្វី​បាន​នៅ​ឡើយ ដោយសារ​ជា​លក្ខខណ្ឌ​របស់​ផលិតកម្ម​។ តែ​គ្រាន់​តែ​អាច​ជម្រាប​​បង​ និង​ទស្សនិក​ជន ទាំង​​អស់​ពេល​នេះ​បាន​ថា ជា​ខ្សែ​ភាពយន្ត​មួយ​មិនមែន​មាន​ឈុត​វាយ​ប្រហារ ឬ​វាយ​តប់​ប្រើ​ក្បាច់​គុន​ដូច​រឿង​មុនៗ​ឡើយ​។ វាជា​ប្រភេទ​​រឿង​ថ្មី​មួយ​សម្រាប់​នាង​ខ្ញុំ​ ពេល​ចាប់​ថត​កុន​នេះ​ដែរ ហើយ​អ្នក​ដឹកនាំ​រឿង​ក៏​បាន​ប្រាប់​ដែរ រឿង​នេះ​គឺ​​​ចង់​ឲ្យ​​ខ្ញុំ​ទទួល​បាន​​ពិសោធ​​ថ្មី​មួយ​ទៀត​ដែរ​​សម្រាប់​វិស័យ​ថត​​​កុន​របស់​ខ្ញុំ ពោល​គឺ​គាត់​ចង់​​​ឲ្យ​ខ្ញុំ​មាន​ទេពកោសល្យ​សម្តែង​កុន​​បាន​ច្រើន ​គឺ​មិន​ចង់​ឲ្យ​ថត​តែ​ជា​​រឿង​កុន​មាន​ឈុត​វាយ​តប់​នោះ​ឡើយ»​។​​

កញ្ញា សំ ថារ័ត្ន បន្ត​ថា​​៖ «រឿង​នេះ​ដែរ ​តម្រូវ​ឲ្យ​​ខ្ញុំ​សម្តែង​អារម្មណ៍​ជា​មនោសញ្ចេតនា​ច្រើន​ជាង​ឈុត​​វាយ​តប់​។ ដូច្នេះ សម្រាប់​ទស្សនិកជន​ខ្លះ​អាច​នឹង​មាន​ការ​ខក​ចិត្ត​នៅ​ពេល​កុន​មួយ​​នេះ​ចេញ​បញ្ចាំង​នោះ​ផង​ដែរ ព្រោះ​ថា​វា​ជា​កុន​មួយ​ប្រភេទ​​មាន​​លក្ខណៈ​​ព្រឺព្រួច»៕