ភ្នំពេញ៖​ តារា​សម្តែង ២ ដួង ​ដែល​តែងតែ​បង្ហាញ​​វត្តមាន​ជាមួយ​គ្នា​គ្រប់​កម្មវិធី​សិល្បៈ​នានា​​ក្នុង​ស្រុក កញ្ញា ស៊ិន យូប៊ីន និង​លោក​ ខាត់ វ៉ៃហាំង ​ដឹក​ដៃ​គ្នា​ដើរ​លើ​កម្រាល​ព្រំ​​ក្រហម​ នៅ​ក្រៅ​ស្រុក​​​លើក​​ទី​ ​២ ជាប់​គ្នា​​​​​ក្នុង​កម្មវិធី​​មហោស្រប​ភាពយន្ត​អន្តរជាតិ​មួយ​ឈ្មោះ​ Silk Road International Film Festival នៅ​​ខេត្ត​​ហ្វូជៀន​ ប្រទេស ​ចិន​ ​ខែ​ក្រោយ​នេះ​។

នេះ​​ជា​កិត្តិយស​ដ៏​ធំ​មួយ សម្រាប់​តារាសម្តែង​ប្រុស​​ស្រី​របស់​កម្ពុជា​ទាំង ​២ ​នាក់ ​គឺ​កញ្ញា ស៊ិន យូប៊ីន និង​លោក​ ខាត់ វ៉ៃហាំង ដែល​ថ្មីៗ​នេះ ត្រូវ​បាន​​រដ្ឋាភិបាល​ចិន​អញ្ជើញ​​ចូលរួម​ក្នុង​​កម្មវិធី​ធំ​មួយ​នេះ​ នៅ​ប្រទេស ចិន ហើយ​នេះ​គឺ​​ជា​វត្តមាន​​លើក​ទី ​២​ របស់​លោក ខាត់ វ៉ៃហាំង តែ​ជា​​លើក​ទី ​៣​ ​របស់​​ស្រី​ស្រស់​ ស៊ិន យូប៊ីន ក្នុង​នាម​សិល្បករ​កម្ពុជា​ក្នុង​កម្មវិធី​ខាង​លើ។

យ៉ាង​ណា​ការ​បញ្ជាក់​បន្ថែម​ពី​អារម្មណ៍​ក៏​​ដូច​ជា​ដើម​ចម​នៃ​ការ​អញ្ជើញ​តារា​ប្រុស​ស្រី​ណា​ខ្លះ​​ទៅ​ចូលរួម​ក្រៅ​ពី​វត្តមាន​ដៃគូ ​គឺ​​លោក ខាត់ វ៉ៃហាំង និង​ខ្លួន មិន​ត្រូវ​បាន​កញ្ញា ស៊ិន យូប៊ីន បញ្ជាក់​ឲ្យ​ដឹង​ឡើយ​ដោយសារ​កញ្ញា កំពុង​មាន​វត្តមាន​នៅ​ប្រទេស ​ថៃ ហើយ​បិទ​​ទូរស័ព្ទ​។

លោក ខាត់ វ៉ៃហាំង និង​កញ្ញា ស៊ិន យូប៊ីន ត្រូវ​បាន​រដ្ឋាភិបាល​ចិន​អញ្ជើញ​ចូល​​រួម​មហោស្រព​ភាព​យន្តលើកទី ៤​​។ រូប ហ្វេសប៊ុក​

តែ​បើ​តាម​ការ​បញ្ជាក់​ពី​កញ្ញា លក្ខិណា ដែល​ជា​ជំនួយ​ការ​ផ្ទាល់​របស់​កញ្ញា ស៊ិន យូប៊ីន បាន​បង្ហើប​ឲ្យ​ដឹង​ថា៖ «តាម​ពិត​​ទៅ​ការ​ទៅ​ចូលរួម​កម្មវិធី​មហោ​ស្រព​​ភាពយន្ត​នៅ​ចិន​នោះ មិន​មែន​ជា​លើក​ទី ​១ ​របស់​​គាត់​ទេ​គឺ​ជា​លើក​ទី ៣​ ហើយ ខណៈ​ជា​លើក​ទី ​២ សម្រាប់​វត្តមាន​គាត់ និង​លោក ខាត់ វ៉ៃហាំង​ បាន​ទៅ​​ចូលរួម​​ជាមួយ​គ្នា​​​នោះ និង​មាន​ក្រុម​ប្រតិភូ​​ជា​​​តំណាង​កម្ពុជា​មក​ពី​​នាយកដ្ឋាន​ភាពយន្ត​​​​ផង​ដែរ​»។​

កម្មវិធី​មហោស្រព​ភាពយន្ត​ខាង​លើ នៅ​ប្រទេស ​ចិន ដែល​តារា​​​ខ្មែរ​ទាំង ​២ នឹង​ទៅ​ចូលរួម​​​នោះ​ នឹង​ប្រារព្ធ​ឡើង​ចាប់​ពី​ថ្ងៃទី ១៥ ទៅ​ដល់​ថ្ងៃ​​ទី ២០ ខែ ​តុលា ឆ្នាំ ​២០១៩ ខណៈ​តារា ​២ ​ដួង ​​លោក ខាត់ វ៉ៃហាំង និង​កញ្ញា ស៊ិន យូប៊ីន នឹង​ចេញ​​ដំណើរ​​​​ពី​​ស្រុក​ខ្មែរ​នៅ​​ថ្ងៃទី ​១៥ ខែ​តុលា ហើយ​នឹង​ត្រឡប់​​មក​​​​​​វិញ​ ​នៅ​ថ្ងៃទី ​១៩ ខែ​​ ​តុលា ឆ្នាំ ​២០១៩​​។

ដោយ​ឡែក​​កញ្ញា ស៊ិន យូប៊ីន ក៏​បាន​ឲ្យ​ដឹង​ពី​អារម្មណ៍​ផ្ទាល់​ខ្លួន​​តាមរយៈ​​បណ្តាញ​សង្គម​ដែរ​ថា៖ «សូម​គោរព​អរគុណ​​ដល់​ the government of the republic of China ​សម្រាប់​​ការ​​ផ្តល់​កិត្តិយស​ អញ្ចើញ​​នាង​ខ្ញុំ​​ចូលរួម​ជា​លើក​ទី ​៣ ​ក្នុង​​កម្មវិធី​កម្រាល​​ព្រំ​ក្រហម the 6th Silk Road international film festival នៅ ​fujian ប្រទេស ​ចិន ក៏​ដូច​ជា​អរគុណ​ទៅ​​ដល់​ក្រសួង ​និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​អស់​ ដែល​ទុក​ចិត្ត​ Yubin​ to represent ​Cambodia លើ​ឆាក​អន្តរជាតិ​រហូត​មក»៕