ភ្នំពេញៈ ថ្មីៗនេះ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលតារាចម្រៀងស្រីអ្នកមេម៉ាយកូន ៣ មានវ័យ ៤០ ឆ្នាំ ទៅហើយតែសម្រស់នៅផូរផង់មិនចាញ់ក្មេង អ្នកនាង ស៊ិន ឧត្តមផល្លា ត្រូវបានក្រុមប្រិយមិត្តនារីៗ បានលើកជាសំណើឲ្យជួយចែករំលែកនូវបទពិសោធន៍ក្នុងការថែរក្សារូបរាងកាយ សម្ផស្ស និងសុខភាព ដើម្បីឲ្យមានសម្រស់ស្រស់ស្អាតជាងវ័យ។
តារាចម្រៀងស្រីមានបន្ទុកចិញ្ចឹមកូន ៣ នាក់ ខណៈស្វាមីបានចែកឋានចោលអស់ពេលប្រមាណ ៧ ឆ្នាំមកហើយ ព្រោះតែជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ និងបច្ចុប្បន្ននេះ ក្លាយជាថៅកែលក់គ្រឿងស្បង់ចីពរ និងសម្ភារបុណ្យនានា ហើយក៏ទើបតែបានប្រកាសវិលត្រឡប់មករកទ្រនំចាស់នៃវិថីសិល្បៈចម្រៀង បន្ទាប់ពីបានបាត់មុខអស់រយៈពេលប្រហែល ១២ ឆ្នាំមកនោះ បានសរសេរសារដ៏វែងអន្លាយ ដើម្បីរៀបរាប់ប្រាប់ថា៖ «ដោយសារតែមានការសំណូមពរពីបងប្អូននារីៗ សុំឲ្យនាងខ្ញុំធ្វើការចែករំលែកនូវ បទពិសោធន៍ដែលទាក់ទងទៅហ្នឹង រូបរាង សុខភាព និងសម្រស់ ថ្ងៃនេះ នាងខ្ញុំមានសេចក្ដីរីករាយ សូមធ្វើការបរិយាយនៅលើបណ្ដាញហ្វេសប៊ុកនេះតែម្តង ដើម្បីងាយស្រួលដល់ បងប្អូននារីៗដទៃទៀត ដែលមានចំណាប់អារម្មណ៍ចង់ដឹងពីអាថ៌កំបាំងទាំងអស់នេះដែរ»។
តារាចម្រៀងស្រី ដែលនិយមតែបង្ហើរសំនៀងបទចម្រៀងជាភាសាបរទេស និងទឹកដមសមសួននឹងបទចម្រៀងចិនជាច្រើនគឺអ្នកនាង ស៊ិន ឧត្តមផល្លាបន្តថា៖«សព្វថ្ងៃនេះ នាងខ្ញុំមានអាយុ ៤០ ឆ្នាំ នឹងមានកូន ៣ នាក់ ហើយនាងខ្ញុំសំរាល ( កើត ) កូនដោយធម្មជាតិទាំងអស់ ចាប់តាំងពីនាងខ្ញុំធំពេញវ័យអាយុ ១៦ ឆ្នាំ នាងខ្ញុំមានទម្ងន់ ៤៧ គីឡូក្រាម រហូតមកដល់បច្ចុប្បន្ននេះ នាងខ្ញុំនៅតែរក្សាទម្ងន់ ៤៧ គីឡូក្រាមនេះដដែល ។ បងប្អូននារីៗ តែងសួរថាមេ៉ចបានមានកូន3ហើយរូបរាងនៅដដែលហើយអត់ក្បាលពោះ តើមានវិធីសាស្ត្រណាដែលអាចរក្សារូបរាងឲ្យនៅដដែលបែបនេះ ? ចាស! រាល់ពេលនាងខ្ញុំសម្រាលបុត្រម្តងៗ នាងខ្ញុំតែងឆ្ពង់រាល់ព្រឹករយៈពេល ៦ ខែ »។
ចំណែកឯសារចុងក្រោយដែលនិយាយពីរបបអាហារប្រចាំថ្ងៃវិញនោះ ក៏ត្រូវបាន អ្នកនាង ស៊ិន ឧត្តមផល្លា បន្ថែមថា៖ «ឥឡូវនេះ បង្វែររឿងជីវិតប្រចាំថ្ងៃម្តង ជារៀងរាល់ថ្ងៃនាងខ្ញុំញ៉ាំអាហារ ១ ថ្ងៃ ៣ ពេលដូចជាអ្នករាល់គ្នា ពេលព្រឹកនាងខ្ញុំញ៉ាំម៉ាឆ្អែតដូចជាបាយ ឬគុយទាវ កាហ្វេទឹកដោះគោ ឬក្រូចច្របាច់ ព្រោះអាហារពេលព្រឹកមានសារៈសំខាន់ខ្លាំងសម្រាប់សុខភាព ចំណែករៀងរាល់ថ្ងៃត្រង់នាងខ្ញុំតែងញ៉ាំបាយតែ ១ កូនចានចង្កឹះប៉ុណ្ណោះជាមួយម្ហូបទូទៅ។ ចំណែករៀងរាល់ពេលល្ងាច នាងខ្ញុំតែងញ៉ាំបាយជាមួយម្ហូប នៅរៀងរាល់ម៉ោង ៤ ល្ងាច គឺបាយ ១ កូនចានចង្កឹះជាមួយម្ហូបទូទៅដូចថ្ងៃត្រង់ដែរនឹងពេលខ្លះខ្ញុំនិយមញ៉ាំបន្លែអត់សាច់និងញ៉ាំទឹក ៨ កែវជារៀងរាល់ថ្ងៃ»៕