ភ្នំពេញៈ ថ្មីៗ​នេះ​ស្រាប់តែ​បង្ក​ការភ្ញាក់ផ្អើល​ខ្លាំង​ពេញ​បណ្តាញ​សង្គម​ទៅ​នឹង​សារ​ទម្លាយ​ការពិត​ខ្លួន​ថា បាន​យល់ព្រម​ទទួល​យក​នូវ​ក្តីស្រឡាញ់​ពី​បុរស​ស្មោះ​ស្នេហ៍​ម្នាក់​ដែល​តាម​សុំ​ស្នេហ៍​នាង ៨ ​ឆ្នាំ​មក​ហើយ​ទើប​អ្នកនាង ស៊ិន ឧត្តមផល្លា សម្រេចចិត្ត​នាពេល​នេះ​ក្រោយពី​បាន​រស់នៅ​ក្នុង​សភាព​ជា​ស្ត្រី​មេម៉ាយ​កូន ៣ ជាង ១០ ​ឆ្នាំ​មក​នោះ​។

តារាចម្រៀង​ស្រី​មាន​បន្ទុក​ចិញ្ចឹម​កូន ៣ នាក់ ខណៈ​ចាប់​តាំងពី​ស្វាមី​បាន​ចែក​ឋាន​ចោល​អស់​ពេល​ប្រមាណ ៧-៨ ឆ្នាំ​មក​ហើយ ព្រោះតែ​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍ និង​បច្ចុប្បន្ន​នេះ​ក្លាយ​ជា​ថៅកែ​លក់​គ្រឿង​ស្បង់​ចីពរ និង​សម្ភារ​បុណ្យ​នានា ហើយ​ក៏​ទើប​តែ​បាន​ប្រកាស​វិលត្រឡប់​មក​រក​ទ្រនំ​ចាស់​វិថី​សិល្បៈ​ចម្រៀង​បាន​ជាង ២ ​ឆ្នាំ បន្ទាប់ពី​បាត់​មុខ​រយៈពេល​ជាង ១០ ​ឆ្នាំ​មក​នោះ​។

ក្រោយពី​បាន​វិល​ចូល​សិល្បៈ​វិញ​នោះ​មហាជន​ឃើញ​ថា រាសី​របស់​តារាចម្រៀង​ស្រី​មេម៉ាយ​កូន ៣ កាន់តែ​មាន​សម្រស់​ផូរផង់ ចង់​ខ្លាំង​ជាង​កាលពី​នៅ​លីវ​ទៀត ខណៈ​ទីផ្សារ​សិល្បៈ​វិញ​នោះ​គឺ​អ្នកនាង ស៊ិន ឧត្តមផល្លា មិន​ត្រឹម​តែ​សម្បូរ​កន្លែង​ច្រៀង​នោះ​ទេ ថែម​ទាំង​ក្តោប​បាន​ឱកាស​ថតកុន​ភាគ​ជា​ហូរហែ​រហូត​មក​ដោយ​ការស្វាគមន៍​កុន​ភាគ​ដំបូង​ត្រូវ​ផលិតកម្ម​ហង្សមាស ហៅ​ថតកុន​រឿង «​រាជិនី​ភូមិគ្រឹះ​» និង​ក្រោយមក​នៅ​​ទូរទស្សន៍​ប៉ុស្តិ៍​លេខ ៥ ទូរទស្សន៍​បាយ័ន និង​ទូរទស្សន៍ PNN ជាដើម​។

ដោយ​ចង់​ដឹង​ពី​គម្រោងការ​បន្ទាប់​ក្រោយពី​ឃើញ​ការទម្លាយ​សារ​ការពិត​ខ្លួនឯង​មក​នោះ ភ្នំពេញ​ប៉ុស្តិ៍​ក៏​បាន​ទាក់ទង​ច្រើន​លើក​ទៅ​លេខ​ទូរស័ព្ទ​នាង​នា​រសៀល​ម្សិលមិញ​ដែរ​ដើម្បី​សុំ​បញ្ជាក់​ការពិត ដ្បិត​អាច​ជា​សារ​ក្លែម​ល្បោយ​រូបភាព​ក្នុង​ឈុត​ថតកុន​ណាមួយ​របស់​អ្នកនាង តែ​គ្មាន​អ្នក​លើក​ទូរស័ព្ទ​ឡើយ​។

យ៉ាងណា​គូស្នេហ៍​ថ្មី ឬ​ម្ចាស់​ចិត្ត​ទី​ ២ ​នេះ​ជា​បុរស​ជាតិ​ខ្មែរ ឬ​បរទេស ឬ​ក៏​ជា​អាណិកជន​ខ្មែរ​រស់នៅ​ក្រៅ​ប្រទេស​នោះ និង​មាន​ផែនការ​ចូល​រោង​ជ័យ​ពេល​ណា មិន​ត្រូវ​បាន​តារាចម្រៀង​ស្រី​វ័យ​ឈាន​ចូល ៤០ ​ឆ្នាំ និង​មាន​កូន​ ៣ អ្នកនាង ស៊ិន ឧត្តមផល្លា បង្ហើប​ប្រាប់​នោះ​ឡើយ ដោយសារ​មើល​ទៅ​គឺ​មាន​ចេតនា​ចង់​រក្សា​ការសម្ងាត់​សិន​។

បើ​តាម​ពិនិត្យ​សារ​ឆ្លើយឆ្លង​របស់​ប្រិយមិត្ត​តាម​បណ្តាញ​សង្គម​ដែល​បាន​ចូល Comment ទៅ​នឹង​សារ​ទម្លាយ​ការពិត​នោះ​បាន​ចោទសួរ​យ៉ាង​ក្តៅគគុក និង​សួរ​ចំៗ​ថា​៖ «​តើ​ជា​ការពិត​ឬទេ​?» និង​សារ​ទៀត​ថា​៖ «​តើ​ជា​សារ​សម្រាប់​ការសម្តែង​កុន ឬ​ជា​រឿង​ពិតប្រាកដ​?»​។

ខណៈ​អ្នកនាង ស៊ិន ​ឧត្តមផល្លា បាន​តប​វិញ​ថា​៖ «​គឺជា​ការពិត​។ មិនមែន​សម្រាប់​សម្តែង​កុន​នោះ​ទេ ហើយ​ក៏​សុំ​លាក់ទុក​វា​ជា​ការសម្ងាត់​ឯកជន​សិន ចាំ​ថ្ងៃ​ណា​មួយ​នឹង​បង្ហាញ​ការពិត ឬ​លោក​អ្នក​នឹង​បាន​ដឹង​នៅ​ថ្ងៃ​ណាមួយ​ជា​មិន​ខាន​នោះ​ទេ​»៕