ភ្នំពេញ៖ តារាសម្តែង និង​ចម្រៀងស្រី អ្នកនាង ស៊ិន ឧត្តមផល្លា បាន​ធ្វើឱ្យ​អ្នកគាំទ្រ​តក់ស្លុត​មិនតិច​ទេ ដោយ​អ្នកនាង​បានប្រកាស​ថា ខ្លួន​កំពុង​រស់នៅ​ជាមួយ​ជំងឺ​មហារីក​ដំណាក់កាល​ចុងក្រោយ។

តារាស្រី​វ័យ ៤១ ឆ្នាំ​រូបនេះ ថ្មីៗ​នេះ​បាន​បង្ហោះ​សំណេរ​បរិយាយ​ដំណឹង​អកុសល​ស្ដីអំពី​សុខភាព​របស់​អ្នកនាង​យ៉ាង​ដូច្នេះ​ថា៖ «បងប្អូន​តែងតែ​ខមមិន (comment) សួរ​ខ្ញុំ​ថា​តើ​ខ្ញុំ​កើត​អី​មែន​ទេ? ឥឡូវនេះ​ខ្ញុំ​សម្រេច​ថា បង្ហាញ​ការពិត​ហើយ​គឺ​ខ្ញុំ​កំពុងតែ​រស់នៅ​ជាមួយ​ជំងឺ​មហារីក​ដំណាក់កាល​ចុងក្រោយ»។

ខណៈ​សុខភាព​រួមរឹត​ដោយ​ជំងឺ​កាចសាហាវ តារាសម្ដែង និង​ចម្រៀង​មេម៉ាយ​កូន ៣ រូបនេះ​ក៏បាន​លាតត្រដាង​ពី​ក្ដីរំពឹង​ពី​អនាគត​នៃ​មនុស្ស​ជា​ទីស្រឡាញ់​របស់ខ្លួន​ថា៖ «ក្នុង​ចិត្ត​ខ្ញុំ​គ្រាន់តែ​ចង់ឃើញ​កូនៗ​ខ្ញុំ​មាន​ប្ដី​មាន​ប្រពន្ធ​រួចហើយ ចាំ​យក​ខ្ញុំ​ទៅ​ពេលណា​ក៏បាន​ដែរ»។

សំណេរ​លាតត្រដាង​ពី​ជីវិត​ដុនដាប​ដោយ​ជំងឺមហារីក​នេះ​ក៏បាន​ធ្វើឱ្យ​អ្នកគាំទ្រ និង​មិត្តភក្ដិ​សិល្បៈ​របស់​អ្នកនាង ស៊ិន ឧត្តមផល្លា សួរជជីក និង​ខ្លះ​លើក​ទឹកចិត្ត​ឱ្យ​អ្នកនាង​មាន​ក្ដីសង្ឃឹម​ និង​តស៊ូ​ជម្នះ​រោគ​ដ៏សាហាវ​នេះ។

ក្នុងនោះ​តារាសម្ដែង និង​ចម្រៀង​លោក យ៉ែម សំអូន បាន​ថ្លែង​សារ​ទៅកាន់​អ្នកនាង ស៊ិន ឧត្តមផល្លា​ថា៖ «ប្អូន​មិន​អី​ទេ តែ​សុំ​អូន​តាំងចិត្ត​ឱ្យ​រឹងមាំ មិនមែន​មានតែ​យើង​ទេ មាន​អ្នក​កើត​ដូច​យើង​ច្រើន​ណាស់ អូន​ត្រូវតែ​ជម្នះ​យក​ឈ្នះ​ជំងឺ​នេះ ព្រោះ​កម្លាំង​ចិត្តខ្លាំង​ជាង​កម្លាំងកាយ ដើម្បី​កូន​ក្រុមគ្រួសារ និង​មនុស្ស​គ្រប់គ្នា​ដែល​ស្រឡាញ់​អូន ស៊ូៗ​ណា​អូន»។

ទោះ​ជា​ស្ថិតក្នុង​វ័យ​ចូល ៤១ ឆ្នាំ​ក៏​តារាចម្រៀង និង​សម្ដែង​អ្នកនាង ស៊ិន ឧត្តមផល្លា នៅ​មាន​រូប​សម្រស់​ស្រស់​សោភា។ ហ្វេសប៊ុក

រីឯ​មិត្តសម្លាញ់​របស់​អ្នកនាង អតីត​តារាចម្រៀង​ទសវត្សរ៍ ៩០ និង​ឆ្នាំ ២០០០ អ្នកនាង ឌីកាន សុភនាថ ក៏បាន​សរសេរ​ទៅកាន់​អ្នកនាង ស៊ិន ឧត្តមផល្លា ថា៖ «រឹងមាំ​សម្លាញ់ កម្លាំង​ផ្លូវចិត្ត​គឺ​ខ្លាំង​ជាង​ថ្នាំពេទ្យ​ទៀត ស៊ូៗ​ឯង​នឹង​ឈ្នះ​ជំងឺ»។

ដោយ​មិនមាន​ការឆ្លើយតប​វែងឆ្ងាយ អ្នកនាង ស៊ិន ឧត្តមផល្លា បាន​បង្ហោះ​សំណេរ​សន្ទនា​ខ្លីៗ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ថា៖ «គេ​ឱ្យ​បង​ស្គែន​មួយ​តួខ្លួន​ខ្លាច​ជំងឺ​ហ្នឹង​វា​រាលដាល​កន្លែង​ផ្សេងៗ​ទៀត»។

នៅពេល​ដែល​មាន​ការជជីក​សួរ​ពី​ប្រភេទ​នៃ​ជំងឺមហារីក​នេះ អ្នកនាង​បាន​តប​យ៉ាងខ្លី​ថា៖ «មហារីក​កូនកណ្តុរ»។

គេ​នៅ​ចាំបាន​ថា កាលពី​ខែ​មីនា តារាសម្តែង និង​ចម្រៀងស្រី អ្នកនាង ស៊ិន ឧត្តមផល្លា ធ្លាប់​បាន​ធ្វើឱ្យ​មហាជន​ភ្ញាក់ផ្អើល​ម្ដង​រួចមកហើយ ជាមួយ​នឹង​រូបថត​ប្រែប្រួល​សម្បុរ​កាយ​របស់​ខ្លួន​ដែល​មើល​ទៅ​ផ្ទៃមុខ​មាន​ស្បែក​ពណ៌​ក្រមៅ​ខុស​សណ្ឋាន​សាច់​សខ្ចី​របស់​អ្នកនាង​កាលពីមុន។

រូបភាព​ប្រែ​ពណ៌​សម្បុរ​របស់​អ្នកនាង ដោយសារ​ឥទ្ធិពល​នៃ​ការព្យាបាល​ដោយ​កាំរស្មី។ ហ្វេសប៊ុក

តារាសម្ដែង​ក្នុង​ភាពយន្ត​ភាគ​រាជនី​ភូមិគ្រឹះ​តាម​កញ្ចក់​ទូរទស្សន៍​ហង្សមាស រូបនេះ​ធ្លាប់​បាន​ព្រលយ​ប្រាប់​ពី​ស្ថានភាព​សុខភាព​របស់​អ្នកនាង​ផងដែរ​ថា៖ «ហេតុ​អី​បាន​ជា​ខ្ញុំ​សម្រេច​ផូស្ត​រូប​ទាំង​ដែល​ដឹងថា មុខមាត់​មិន​ទាន់​ប្រក្រតី? ព្រោះ​ខ្ញុំ​មិន​ចង់​ឱ្យ​បងប្អូន​ខាង​សារព័ត៌មាន ឬក៏​ខាង​ទូរទស្សន៍​នានា​គិត​ថា ខ្ញុំ​ឫក ហើយ​មិន​ចង់​ផ្តល់​ជា​បទសម្ភាស ឥឡូវនេះ​បងប្អូន​បានឃើញ​ហើយ​បងប្អូន​ប្រាកដ​ជា​ឆ្ងល់​ថា ហេតុអ្វី​មែន​ទេ? នេះ​គឺ​មកពី​ឥទ្ធិពល​កាំរស្មី​នៃ​ការព្យាបាល​ជំងឺ ហើយ​ខ្ញុំ​ក៏​មិន​ចង់​បកស្រាយ​អ្វី​ច្រើន​ជាង​នេះដែរ»។

គេ​ឃើញ​មាន​ពាក្យពេចន៍​ជូនពរ​សឹង​តែ​ដូចគ្នា ក្រោយពី​តារាចម្រៀង​ស្រី​ដែល​បាន​វិល​មក​ប្រឡូក​សិល្បៈ​វិញ​ជាមួយ​នឹង​អាជីព​ថ្មី​ជា​តារាសម្តែង​កប​នឹង​តួសម្តែង​ជា​ម្តាយ​នោះ​ថា៖ «ជូនពរ​បង​ឆាប់​បាន​ប្រសើរ សុខភាព​ល្អ​ឡើងវិញ ទោះ​មិនអាច​ដូចដើម​ក៏​អាច​ជួសជុល​បន្ត​រស់​ទៀត ព្រោះ​នៅ​មាន​ម្ដាយ និង​កូនៗ​ដែល​ជា​កម្លាំងចិត្ត» និង​មាន​សារ​ផ្សេងទៀត​សរសេរថា៖ «ពេល​ឃើញ​បង​ផូស្ត​តាំងពី​ដំបូង​ដឹងថា បងស្រី​ពិតជា​ប្រែប្រួល​ច្រើន គឺ​ប្រហែល​មកពី​បញ្ហា​ជំងឺ​របស់​បង តែ​ប្អូន​អត់​ហ៊ាន​សួរ​យ៉ាងណា សូម​ជូនពរ​បង​ឱ្យ​ឆាប់​ជាសះស្បើយ»។

គួរ​រំឭក​ផងដែរ​ថា អ្នកនាង ស៊ិន ឧត្តមផល្លា មាន​បន្ទុក​ចិញ្ចឹម​កូន​ចំនួន ៣ នាក់ ចាប់តាំងពី​ស្វាមី​បាន​ចែកឋាន​ចោល​អស់​ពេល​ប្រមាណ​ជិត ១០ ឆ្នាំ​មកហើយ ព្រោះតែ​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍។ ក្រៅពី​អាជីព​សិល្បៈ អ្នកនាង​មាន​មុខរបរ​ជា​ថៅកែ​លក់​គ្រឿង​ស្បង់​ជីពរ និង​សម្ភារ​បុណ្យ​នានា ហើយ​ក៏​ទើបតែ​ប្រកាស​វិលត្រឡប់​មក​រក​ទ្រនំ​ចាស់​វិថី​សិល្បៈ​ចម្រៀង ៣-៤ ឆ្នាំ បន្ទាប់ពី​បាត់​មុខ​រយៈពេល​ជាង ១០ ឆ្នាំ​មក​នោះ។

ក្រោយពី​បាន​វិល​ចូល​សិល្បៈ​វិញ​នោះ​មហាជន​ឃើញ​ថា សម្រស់​របស់​តារាចម្រៀង​ស្រី​មេម៉ាយ​កូន ៣ កាន់តែ​មាន​សម្រស់​ផូរផង់ ចង់​ខ្លាំង​ជាង​កាលពី​នៅ​លីវ​ទៀត ខណៈ​ទីផ្សារ​សិល្បៈ​វិញ គឺ​អ្នកនាង ស៊ិន ឧត្តមផល្លា មិន​ត្រឹមតែ​សម្បូរ​កន្លែង​ច្រៀង​នោះ​ទេ គឺ​ថែមទាំង​ក្តោប​បាន​ឱកាស​ថតកុន​ភាគ​ជា​ហូរហែ​រហូត​មក​ទៀតផង៕

ក្រៅពី​អាជីព​សិល្បៈ អ្នកនាង​ក៏មាន​មុខរបរ​ជា​ថៅកែ​លក់​គ្រឿង​ស្បង់ជីពរ និង​សម្ភារ​បុណ្យ​ដែរ។ ហ្វេសប៊ុក