ភ្នំពេញៈ តារាចម្រៀងស្រី ដែលនិយមបង្ហើរនូវសូរសំនៀងបទចម្រៀងជាភាសាបរទេស និងទឹកដមសមសួនច្រើននឹងបទចម្រៀងចិនអ្នកនាង ស៊ិន ឧត្តមផល្លា សម្តែងអារម្មណ៍ហួសចិត្ត នឹកស្មានមិនដល់ទៅនឹងដំណឹងដែលអតីតតារាសម្តែងប្រុសជើងចាស់ កាលពីទសវត្សរ៍ទី ៩០ លោក ច័ន្ទរិទ្ធ មេធានី បែរជាមានមុខរបររត់រ៉ឺម៉កកង់ ៣ ដើម្បីចិញ្ចឹមគ្រួសារ នាពេលបច្ចុប្បន្ននេះ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីមហាជន។
ថ្លែងដោយក្តីអាណិតអាសូរផង និងសម្តែងការហួសចិត្តស្មានមិនដល់ផង ចំពោះស្ថានភាពប្រែប្រួលខុសពីក្តីរំពឹងរបស់អតីតតារាសម្តែងប្រុសស្រីស្របាលៗគ្នានឹងតារាប្រុសស្រីមួយចំនួន ដូចជាលោក ខៃ ប្រសិទ្ធ លោក សម តារា លោក ទេព រិន្ទដារ៉ូ អ្នកនាង សុខ ស្រីមុំ និងអ្នកនាង អម្ពរ ទេវី ជាដើមផងដែរ។
តារាចម្រៀងស្រីមានបន្ទុកចិញ្ចឹមកូន ៣ នាក់ខណៈស្វាមីបានចែកឋានចោលអស់ពេលប្រមាណជិត ១០ ឆ្នាំហើយ និងបច្ចុប្បន្ននេះ ក្លាយជាថៅកែលក់គ្រឿងស្បង់ចីវរ និងសម្ភារបុណ្យនានា ហើយក៏ទើបតែប្រកាសវិលត្រឡប់មករកទ្រនំសិល្បៈចម្រៀងវិញ ក្រោយពីបានបាត់មុខជាង ១២ ឆ្នាំមកនោះបានឲ្យភ្នំពេញប៉ុស្តិ៍ដឹង ដោយទទូចចង់ឲ្យបណ្តាផលិតកម្មភាពយន្តនានាជួយហៅលោក ច័ន្ទរិទ្ធ មេធានី ទៅថតកុនវិញតាមការគួរសម្រាប់តួសម្តែងតាមវ័យនោះថា៖ «តាមពិតទៅ បើទោះជាគាត់មានវ័យចាស់មែន តែក៏គាត់អាចសម្តែងជាតួឪពុក ឬជាតួសម្តែងតារបស់គេបានដែរតើ»។ ដូច្នេះ ក្នុងនាមនាងខ្ញុំជាអ្នកសិល្បៈម្នាក់ដែរនោះ ក៏សំណូមពរចង់ឲ្យក្រុមហ៊ុន ឬផលិតកម្មភាពយន្តនានាកុំទាន់បំភ្លេចចោលចំពោះតួសម្តែងដែលមានវ័យចាស់ៗ អី»។
អ្នកនាង ស៊ិន ឧត្តមផល្លា បន្តថា៖ «តាមពិតទៅ ខ្ញុំគ្រាន់តែបានដឹងឮតាមការចុះផ្សាយរបស់បណ្តាញព័ត៌មានមួយតែប៉ុណ្ណោះ មិនបានជួបគាត់ផ្ទាល់ទេ។ បើតាមដានមើលទៅ ឃើញដំណឹងពីគាត់ចុះផ្សាយតាមសារព័ត៌មានក្នុងស្រុក ដែលបែកធ្លាយចេញពីប្រភពអ្នកលេងបណ្តាញសង្គមនាពេលថ្មីៗនេះមក»។
ពាក់ព័ន្ធនឹងរឿងលេចវត្តមានតារាសម្តែងជើងចាស់ គឺលោក ច័ន្ទរិទ្ធ មេធានី ដែលបាត់មុខយូរ តែបែរជាមកប្រកបមុខរបររត់រ៉ឺម៉ក កង់ ៣ ត្រូវបានគណនីហ្វេសប៊ុកឈ្មោះ «ស្រីពៅ តាត» បានបង្ហោះរូប និងសារបរិយាយពីលោកថា «តារាភាពយន្តជើងចាស់ ដ៏ល្បីល្បាញ គឺលោក ច័ន្ទរិទ្ធ មេធានី ធ្លាក់ខ្លួនជាអ្នករត់ម៉ូតូកង់ ៣ ចិញ្ចឹមគ្រួសារ ស្របពេលដែលមហាជនភាគច្រើន ដែលស្គាល់លោកបានគិតថា ប្រហែលតារាសម្តែងប្រុសរូបនេះបានទៅរស់សោយសុខនៅឯក្រៅប្រទេសបាត់ទៅហើយ។
ហើយលោក ច័ន្ទរិទ្ធ មេធានី បានរៀបរាប់ថា លោកមានស្រុកកំណើត នៅសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ មានឪពុកឈ្មោះ ច័ន្ទ សំ និងម្តាយឈ្មោះ ចិន សុំ។ លោកមានបងប្អូនបង្កើតដល់ទៅ ៩ នាក់ ឯណោះ ប៉ុន្តែបានស្លាប់នៅក្នុងរបបប៉ុលពតជិតអស់ គឺនៅរស់តែរូបលោកម្នាក់ និងប្អូនប្រុសម្នាក់ទៀតតែប៉ុណ្ណោះ»៕