ភ្នំពេញៈ គ្រាន់តែ​រដូវ​កាល​បុណ្យ​ភ្ជុំបិណ្ឌ​តាម​ទំនៀម​នៃ​គន្លង​ព្រះពុទ្ធ​សាសនា មក​ដល់​ភ្លាម​ក៏​ស្រាប់​តែ​គេ​ឃើញ​តារា​សម្តែង និង​ចម្រៀង​មេម៉ាយ​កូន ៣ តែ​សម្រស់​នៅ​ស្រស់​ស្អាត​មិន​ចាញ់​ក្មេង​អ្នក​នាង ស៊ិន ឧត្តម​ផល្លា ហាក់​តាំង​ចិត្ត​ខ្លាំង​ក្នុង​ការ​កើប​ប្រាក់​ដុំ​លើ​អាជីព​ខ្លួន​ទាំង ២ ដើម្បី​ឆាប់​ក្លាយជា​អ្នក​មាន​ស្រប​ពេល​ទីផ្សារ​សិល្បៈ​ឡើង​ស្រឺតៗ​នា​ពេល​មាន​វ័យ​កាន់​តែ​ជ្រេ។

បើ​តាមដាន​ពិនិត្យមើល​ទើប​ចាប់តាំងពី​ប្រកាស​វិល​ចូល​សិល្បៈ​វិញ ក្រោយ​បាត់​មុខ​ជាង ១០ ឆ្នាំ​មក តារា​ចម្រៀង​ដែល​និយម​បង្ហើរ​សូរ​សំនៀង​បទ​ចម្រៀង​ជា​ភាសា​បរទេស និង​ទឹក​ដម​សម​សួន​ច្រើន​នឹង​បទ​ចម្រៀង​ចិន​អ្នក​នាង ស៊ិន ឧត្តមផល្លា រាសី​ឡើង​ក្រឺតៗ​តែ​ម្តង ដោយ​កប​ទាំង​ការ​ថត​កុន​ភាគ និង​មាន​ភាព​មមាញឹក​ខ្លាំង​នឹង​កម្មវិធី​សិល្បៈ​ច្រៀង​អាហ្វែរ និង​ក្លិប​រាត្រី​នានា​ទៀត​ផង។

ជាក់ស្តែងថ្មីៗនេះ គេ​ឃើញ​តារា​ស្រី​ទើប​ផុស-ភាព​ល្បី​ក្នុង​ពិភព​សម្តែង​កុន ខណៈពេល​មាន​វ័យ​ជិត ៤០ ឆ្នាំ​ទៅ​ហើយ​នោះ បាន​បង្ហោះ​សារ​រៀបរាប់​ពី​ភាព​មមា​ញឹក​របស់​ខ្លួន​ក្នុង​មួយ​ថ្ងៃៗ​ថា៖ «ទើប​តែ​ថត​រឿង​ចប់​មក​ដល់​កន្លែង​លក់​វិញ ត្រូវ​វេច​ខ្ចប់​សាដក​មួយ​ថ្ងៃ​វាស់​ល្ងាច​ទៀត ហើយ​ម៉ោង ៨ ពេល​យប់ ខ្ញុំ​ត្រូវ​ទៅ​ច្រៀង​នៅ​ពិភព​រាត្រី​ចប់​នៅ​ម៉ោង ១២ កន្លះ អាធ្រាត្រ។ បន្ទាប់មក​ព្រឹកស្អែក​នេះ ខ្ញុំ​ត្រូវ​ងើប​ពី​ម៉ោង ៥ ភ្លឺ រៀបចំ​ថត​ឲ្យ PR ទៀត ចាំ​មើល៍ថា តើ​ខ្ញុំរ​ស់​បាន​ដល់​ពេល​ណា? ហើយ​បើ​ថា​ប៉ុណ្ណឹង​ហើយ នៅ​តែ​ធ្វើ​ជា​អ្នក​មាន​មិន​បាន​ទៀត​គឺ ចប់​ហើយ​ណា​ខ្លា»។

តារាចម្រៀង​ដែលមាន​បន្ទុក​ចិញ្ចឹម​កូន ៣ នាក់ ខណៈ​ស្វាមី​បាន​ចែក​ឋាន​ចោល​ជាង ១០ ឆ្នាំ ដែល​នៅ​បច្ចុប្បន្ន​នេះ គឺ​ក្លាយជា​ថៅកែ​លក់​គ្រឿង​ស្បង់​ចីវរ និង​សម្ភារ​បុណ្យ​ទាន​នានា ហើយ​ក៏​ទើប​តែ​វិល​ត្រឡប់​មក​រក​ទ្រនំ​សិល្បៈ​ចម្រៀង​វិញ​ជិត ១ ឆ្នាំ ក៏​បាន​ឲ្យ​ភ្នំពេញ​ប៉ុស្តិ៍​ដឹង​ទៀត​ដែរ ពី​ភាព​កាក់​កប​ខ្លាំង​សម្រាប់​ទីផ្សារ​សិល្បៈ​របស់​ខ្លួន ខណៈ​ពេល​មាន​វ័យ​កាន់​តែ​ជ្រេ​ទៅ​វិញ គួរ​ឲ្យ​ឆ្ងល់។

តារាចម្រៀង​ស្រី​កំពុង​ល្បី​មាន​សមត្ថភាព​ខ្លាំង​ជាង​មុន​ក្នុងការ​បកស្រាយ​បទ​ចម្រៀង​ដ៏​ពីរោះ​បាន​ច្រើន​ភាសា ដើម្បី​បំពេញ​តាម​តម្រូវការ​ទីផ្សារ​ប្រិយ​មិត្ត​អ្នក​ស្តាប់ អ្នក​នាង ស៊ិន ឧត្តម​ផល្លា ក៏បាន​គូស​បញ្ជាក់​ទាំង​ចិត្ត​ឆ្ងល់​ស្មាន​មិន​ដល់​រឿង​រាសី​ឡើង​ពេល​វ័យ​ជ្រេ​នេះ​ដែរ​ថា៖ «ពិត​ជា​អាច​បកស្រាយ​បាន​ច្រើន​ភាសា​មែន ប៉ុន្តែ ១ ភាសា​អាច​បាន​តែ ៣-៤ បទ​តែ​ប៉ុណ្ណោះ មិន​អាច​ច្រៀង​ច្រើន​ដូចជា​បទ​ជា​ភាសា​អង់គ្លេស និង​ចិន​នោះ​ឡើយ។ ពេល​ថ្មីៗ​នេះ នាង​ខ្ញុំ​ក៏​ទៅ​ច្រៀង​នៅ​កន្លែង​ថ្មី​ឈ្មោះ​ពិភពថ្មី គឺ​សម្បូរ​ភ្ញៀវ​ចម្រុះ​ជាតិ​សាសន៍ អ៊ីចឹង​ត្រូវ​តែ​ចេះ​ឲ្យ​ច្រើន​សាសន៍​ទៅ​ទាន់​គេ​កំពុង​ត្រូវការ​យើង។ ចំពោះ​ការ​ថត​កុន​វិញ បាន​ថតកុន​ភាគ ៤ រឿង​ជាប់​គ្នា​តែ​ម្តង​ឲ្យ​ទូរទស្សន៍​ហង្សមាស​គឺ ២ រឿង និង​ផលិតកម្ម PR ក៏ ២ រឿង​ដែរ»៕