ភ្នំពេញៈ ថ្មីៗនេះតារាចម្រៀងខ្មែរដែលបានទៅរស់នៅលើទឹកដីអាមេរិកប្រមាណ ២០ ឆ្នាំ និងធ្លាប់ជាមន្ត្រីសង្គមកិច្ចក្នុងរដ្ឋខេនសាស អ្នកនាង ស៊ុន ស៊ីដាវីន ខណៈប្រិយមិត្តខ្មែរស្គាល់តាមរយៈការច្រៀងជាមួយបុរសអាមេរិកច្រៀងខ្មែរ-លោក ឆាដ ឃើរប៊ី បទចម្រៀងលំនាំដើម «ឆ្នាំមុន» នោះស្រាប់តែមានវត្តមាននៅស្រុកខ្មែរវិញដូចប្រាប់ពីមុនមែន។
អ្នកនាង ស៊ុន ស៊ីដាវីន តារាចម្រៀងខ្មែរមានប្រជាប្រិយភាពឯនាយសមុទ្រជាស្ត្រីខ្មែរមានកំណើតនៅស្រុកកំពង់បាយ ខេត្តកំពតបានចេញទៅរស់នៅលើទឹកដីទីក្រុងវិឈីតា រដ្ឋខេនសាស សហរដ្ឋអាមេរិក ជាមួយអ្នកម្តាយជាទីស្រឡាញ់ និងក្រុមគ្រួសារអស់ពេលប្រហែល ២០ ឆ្នាំ និងមានកូនប្រុស ១ ជាចំណងស្នេហ៍នឹងស្វាមីអាមេរិកឈ្មោះលោក ដានីញ៉ែល ម៉ាសៀស។
ខណៈពេលនេះតារាស្រីសម្បុរស្រអែមស្រស់សោភា ស៊ីដាវីន កំពុងតែរៀបចំការរស់នៅសាជាថ្មីឡើងវិញនៅទឹកដីស្រុកកំណើតខ្លួន ក្រុងកំពត ខេត្តកំពត ជាមួយនឹងកូនប្រុស និងស្វាមី ហើយក៏អាចទទួលការងារសិល្បៈដែលជាចំណូលចិត្តបន្ទាប់ទៅតាមពេលទំនេរបណ្តើរៗបានដែរ មុនការងារស្នូលជំនាញផ្នែកសង្គមកិច្ច។
អ្នកនាង ស៊ុន ស៊ីដាវីន ក៏បានបញ្ជាក់ប្រាប់ភ្នំពេញប៉ុស្តិ៍តាម Voice Messenger កាលពីម្សិលមិញផងដែរថា៖ «សម្រាប់ការងារតាមជំនាញដែលបានរៀនចប់នោះ នាងខ្ញុំនៅពុំទាន់បានធ្វើនៅឡើយទេ ដោយសារតែខ្ញុំទើបតែមកដល់ស្រុកខ្មែរ ហើយត្រូវការពេលសមរម្យមួយក្នុងការរៀបចំសង្គមគ្រួសារឲ្យបានស្រួលបួលសិន គឺថាខ្ញុំត្រូវសង់ផ្ទះនៅស្រុកកំណើតក្បែរក្រុងកំពត និងរកសាលាឲ្យកូនរៀនបានសិនជាដើម»។
តែតារាចម្រៀងស្រីទើបតែនិពន្ធនូវបទចម្រៀងថ្មីប្រភេទអូរីជីណលគឺបទ «មួយនាទីក៏ជានិស្ស័យ» បានបង្ហោះតាមយូធូបកាលពីថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០១៩ កន្លងមកឲ្យដឹងពីឱកាសអាចចូលរួមក្នុងវិស័យសិល្បៈចម្រៀង ដែលជាចំណូលចិត្តខ្លួននោះបន្តថា៖ «តែសម្រាប់សិល្បៈវិញ នាងខ្ញុំទទួលបានតាមពេលវេលាទំនេររបស់ខ្ញុំ ដែលអាចទៅបានដែរដូចជាមិនចោទជាបញ្ហានោះទេ ប្រការសំខាន់ប្រសិនបើមានគេទាក់ទងមកខ្ញុំ ហើយនៅចំពេលខ្ញុំទំនេរគឺខ្ញុំនឹងចូលរួម»។
សម្រាប់វិស័យចម្រៀងអ្នកនាង ស៊ុន ស៊ីដាវីន ចូលចិត្តច្រៀងបទពីសម័យដើមដូចជាបទរបស់លោកយាយ រស់ សេរីសុទ្ធា ពៅ វណ្ណារី ហួយ មាស និងលោកតា ស៊ីន ស៊ីសាមុត។ រីឯចម្រៀងសម័យវិញចូលចិត្តបទកញ្ញា មាស សុខសោភា និងបទខ្មែរសុរិន្ទរបស់ ចេន សាយចៃ និងលោក សុង សែង ដែរ៕