ភ្នំពេញ: តារាសម្តែង​ស្រី​ដែល​មាន​​ប្រជាប្រិយភាព​ទាក់​ចិត្ត​អ្នកគាំទ្រ​ដោយសារ​សម្រស់ និង​សមត្ថភាព​កញ្ញា ស៊ីន យូប៊ីន មាន​ភាព​មមាញឹក​ខ្លាំង​ក្នុង​ការសម្តែង​កុន​ភាគ​ជាច្រើន​ជា​បន្តបន្ទាប់ និង​មាន​ការអញ្ជើញ​ចូលរួម​កម្មវិធី​តូចធំ​ជាច្រើន​មិន​ដាច់​ដូច​គ្នា ស្រាប់តែ​តារា​ស្រី​រូបនេះ​បាន​បង្ហោះ​សារ​នៅក្នុង​បណ្តាញ​សង្គម​ដោយ​ត្អូញត្អែរ​ថា​ខំ​ធ្វើការ ដើម្បី​តែ​យក​លុយ​ទៅ​ព្យាបាល​ជំងឺ​នៅ​ពេទ្យ​ទៅវិញ​។

ភ្ជាប់​ជាមួយ​រូបថត​អង្គុយ​លើ​កៅអី​ ដៃ​មាន​ភ្ជាប់​ឧបករណ៍​ពិនិត្យ​តាមដាន​សុខភាព តារាសម្តែង​ស្រី​រាង​តូច​ច្រឡឹង​មុខគួរ​ឲ្យ​ស្រឡាញ់ កញ្ញា ស៊ីន យូប៊ីន បាន​រំលេច​អារម្មណ៍​ត្អូញត្អែរ​តាម​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​ថា​៖ «​ខំ​ធ្វើការ​​រកប្រាក់​មក​ចិញ្ចឹម​ពេទ្យ ស្រឡាញ់​ពេទ្យ​ខ្លាំង​»​។

តារាស្រី​មាន​សមត្ថភាព​ក្នុង​ការសម្តែង​ថែម​ទាំង​មាន​សំនៀង​ពីរោះ​មិន​ចាញ់​តារាចម្រៀង​អាជីព កញ្ញា ស៊ីន យូប៊ីន ជា​តារាស្រី​ដែល​ស្ថិត​នៅ​ក្នុង​ចិត្ត​របស់​មហាជន​។ ពិសេស​នេះ​បាន​ស្រង់​យក​ភាព​ល្បី​តាមរយៈ​ការសម្តែង​ធ្វើ​ជា​តួឯក ជាពិសេស​ចាប់ដៃ​គូ​សម​ឥតខ្ចោះ​ជាមួយ​តារា​សម្ដែង​ប្រុស​សង្ហា ខាត់ វ៉ៃហាំង ដោយ​ទើប​តែ​បាន​បញ្ចប់​ការថត​រឿង​ថ្មី​ឲ្យ​ទូរទស្សន៍​ភីអិនអិន​រឿង «​អាថ៌កំបាំង​ត្រីសូល៍​» ដែល​បាន​ចាប់ផ្តើម​ចាក់​បញ្ចាំង​នៅ​ពេល​ថ្មីៗ​នេះ​ដែរ​។

ជាមួយ​ការងារ​ថត​ភាពយន្ត និង​ផលិតផល​ដ៏មមាញឹក​ដែល​ប្រាក់​បាន​មកពី​កិច្ចការ​ទាំងនេះ​បែរ​ជា​ត្រូវ​ទូទាត់​ថ្លៃ​ពេទ្យ​នោះ​អ្នកគាំទ្រ​នាង​ក៏​មាន​ការងឿង​ឆ្ងល់​ដែរ​ថា តើ​កញ្ញា ស៊ីន យូប៊ីន មាន​ជំងឺ​អ្វី និង​ធ្ងន់ធ្ងរ​ដល់​ថ្នាក់​ណា​ទើប​ធ្វើឲ្យ​នាង​ឡើង​ចុះ​ពេទ្យ​ញឹកញាប់​ដូច្នេះ​។

ជុំវិញ​ស្ថានភាព​សុខភាព​របស់​នាង ខណៈ​សាមី​ខ្លួន​ពុំ​អាច​ទំនាក់ទំនង​បាន ជំនួយការ​របស់ ស៊ីន យូប៊ីន បាន​បង្ហើប​ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា​៖ «​គាត់ (​ស៊ីន យូប៊ីន​) មាន​ជំងឺ​រលាក​ក្រពះ​តិចតួច​ទេ ប៉ុន្តែ​ក្នុង ៦ ខែ​គាត់​ត្រូវ​ទៅ​ពិនិត្យ​សុខភាព​ម្តង​ទាំង​ក្នុង​ស្រុក និង​ស្រុក​ថៃ​»​។

ជំនួយការ​របស់​តារាសម្តែង​ស្រី​រូបនេះ​ក៏​បាន​រៀបរាប់​ពី​មូលហេតុ​ធ្វើឲ្យ​នាង​ធ្លាក់ខ្លួន​ឈឺ​បែប​នេះ​ទៀត​ថា​៖ «​ដូច​បង​ដឹង​ស្រាប់​ហើយ​គាត់​ជា​តារាសម្តែង ពេល​ខ្លះ​មិន​បាន​ញ៉ាំ​បាយ ឬ​ក៏​ញ៉ាំ​មិន​ទៀង​ពេល ហើយ​ពេល​ខ្លះ​ទៀត​ត្រូវ​ថត​រហូត​ដល់​យប់ ជួនកាល​ថត​ពេញ​ ១ ​យប់​មិន​បាន​គេង​ក៏​មាន ទើប​ធ្វើឲ្យ​ឈឺ​បែប​ហ្នឹង​ទៅ​»​។

គួរ​បញ្ជាក់​ដែរ​ថា​តារា​ស្រី​រូប​នេះ​ទើប​តែ​បាន​បង្ហើរ​សំនៀង​តាម​បណ្តាញ​សង្គម​យ៉ាង​ពីរោះ​ជា​បទ​របស់​អធិរាជ​សំឡេង​មាស​លោកតា ស៊ីន ស៊ីសាមុត ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ​នាង​សន្និដ្ឋាន​ថា ស៊ីន យូប៊ីន ទំនង​ជា​ចង់​ចាប់​អាជីព​ចម្រៀង​បន្ថែម​ដើម្បី​ពង្រីក​ខ្ទង់​ចំណូល​ឲ្យ​កាន់​តែ​ក្រាស់ បើ​ទោះ​ជា​ការងារ​សិល្បៈ​សម្ដែង​របស់​នាង​មមាញឹក​ស្ទើរ​ដកឃ្លា​ពុំ​រួច​នោះ​ក្ដី​។

ប៉ុន្តែ​ជំនួយការ​កញ្ញា ស៊ីន យូប៊ីន បាន​បញ្ជាក់​ប្រាប់​ដែរ​ថា​៖ «​គាត់ (​ស៊ីន យូប៊ីន​) មិន​មាន​បំណង​ចង់​ធ្វើ​ជា​តារាចម្រៀង​អាជីព​ទេ គ្រាន់​តែ​មាន​ចិត្ត​ស្រលាញ់​បទ​លំនាំ​ដើម​ក៏​យក​មក​បកស្រាយ​ទុក​ស្តាប់​លេង​ប៉ុណ្ណោះ​»​។

រយៈពេល​ចុងក្រោយ​នេះ​កញ្ញា ស៊ីន យូប៊ីន កំពុង​តែ​មមាញឹក​ក្នុង​ការថតកុន​រឿង​ថ្មី​ឲ្យ​ទូរទស្សន៍​ភីអិនអិន​ចំនួន​ ២ ​រឿង​បន្ថែម​ទៀត​ក្រោយពី​បាន​បញ្ចប់​រឿង «​អាថ៌កំបាំង​ត្រីសូល៍​» តែ​សុំ​មិន​ទាន់​បង្ហើប​ចំណងជើង​នោះ​ទេ ដោយសារ​ខាង​ទូរទស្សន៍​សុំ​ឲ្យ​លាក់​សិន ព្រោះ​រឿង​ទើបតែ​​ចាប់ផ្តើម​ថត​បាន​ ១ ​សប្ដាហ៍​ប៉ុណ្ណោះ​៕