ភ្នំពេញ : កម្រិតវប្បធម៌​រៀន​មិន​បាន​ខ្ពង់ខ្ពស់ មិនមែន​ជា​ឧបសគ្គ​ក្នុង​ការប្រឡូក​ក្នុង​វិស័យ​សិល្បៈ​តែង​និពន្ធ​ឡើយ សម្រាប់​កវី​ចំណូល​ថ្មី​របស់​ផលិតកម្ម​ថោន​។

ឆ្លង​តាម​ការបញ្ចេញ​សមត្ថភាព និង​បទពិសោធ​ការប្រឡង​ក្នុង​កម្មវិធី «​ស្នាដៃ​កូន​ខ្មែរ​» លោក ស៊ឹម សុភ័ណ្ឌ ដែល​ឧបនិស្ស័យ​ពី​កំណើត​ផ្នែក​តែង​និពន្ធ​បទចម្រៀង​បាន​សម្រេច​គោលបំណង​ក្លាយ​ជា​អ្នកនិពន្ធ​ដែល​មាន​ថ្វីដៃ​ម្នាក់​ក្នុង​រយៈពេល​ខ្លី​។

អ្នកនិពន្ធ​សម្បុរ​ស្រអែម​មាន​ស្រុក​កំណើត​ពី​ខេត្ត​សម្បូរ​ថ្មកែវ ទឹកដី​ពោធិ៍សាត់ មក​ធំធាត់​នៅ​ទីក្រុង​ភ្នំពេញ​លោក ស៊ឹម សុភ័ណ្ឌ បាន​ផ្តល់​បទសម្ភាស​មក​កាន់ ភ្នំពេញ​ប៉ុស្តិ៍ ពី​​ជីវិត​ពេល​មិន​ទាន់​បាន​ចូលប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ថា​៖ «​មុន​ចូលក្នុង​សិល្បៈ ខ្ញុំ​គ្រាន់តែ​ជា​មនុស្ស​ម្នាក់​ដែល​រៀន​បាន​ត្រឹម​ថ្នាក់​ទី ៩ ប៉ុណ្ណោះ និង​ចូលចិត្ត​តែង​កំណាព្យ​លេង​កម្សាន្ត​នៅ​វាលស្រែ ព្រោះ​តែ​ខ្ញុំ​ចូលចិត្ត​ទិដ្ឋភាព​បែប​នេះ​»​។

កវីនិពន្ធ​វ័យ ២៧ ឆ្នាំ​រូប​នេះ​ប្រាប់​មូលហេតុ​ដែល​ធ្វើឲ្យ​ខ្លួន​ដាក់​ពាក្យ​ចូល​ប្រឡង​ក្នុង​កម្មវិធី «​ស្នាដៃ​កូន​ខ្មែរ​» ផង​ដែរ​ថា​៖ «​ខ្ញុំ​គិត​ថា​កម្មវិធី​គឺជា​ឱកាស​មួយ​សម្រាប់​ខ្ញុំ​ដែល​បាន​បង្ហាញ​នូវ​ស្នាដៃ​របស់​ខ្លួន​ឲ្យ​បងប្អូន​​ទូទាំង​ប្រទេស​បាន​ស្គាល់ និង​បាន​ដឹង​អំពី​សមត្ថភាព​របស់​ខ្ញុំ ថែម​ទាំង​ចង់​ប្រាប់​ទៅ​កាន់​ពិភពលោក​ថា ខ្មែរ​យើង​ក៏​អាច​ធ្វើអ្វី​ដោយ​ខ្លួនឯង​បាន​ដែរ​»​។

ទម្រាំ​បាន​ក្លាយ​ជា​អ្នកនិពន្ធ​អាជីព និង​បាន​ចូល​ទៅ​ក្នុង​ផលិតកម្ម​ថោន​លោក ស៊ឹម សុភ័ណ្ឌ បាន​បរិយាយ​ថា​ពិតជា​មាន​ភាពលំបាក​ណាស់​។

អ្នកនិពន្ធ​មិន​ខ្លាច​នឹង​ទម្លាយ​ពី​កម្រិតវប្បធម៌​ស្ដួចស្ដើង​រូបនេះ​បាន​លើក​ហេតុផល​ថា​៖ «​ព្រោះ​បេក្ខជន​​ដទៃ​ទៀត​សុទ្ធតែ​មាន​សមត្ថភាព​ដូចគ្នា ហើយ​ត្រូវ​ឆ្លងកាត់​ជាច្រើន​ដំណាក់កាល និង​ជម្រុះ​ជាច្រើន​ដង​រហូត​ដល់​វគ្គ​ ៥ ​នាក់​ចុងក្រោយ​ដែល​ទទួល​បាន​ពាន​ដូចគ្នា​»​។

តាំងពី​ចូល​ក្នុង​វិស័យ​សិល្បៈ​ក្នុង​​អាជីព​ជា​អ្នកនិពន្ធ​ស្នាដៃ​ដែល​មាន​ការគាំទ្រ​ច្រើន​ពី​មហាជន លោក ស៊ឹម សុភ័ណ្ឌ បាន​បង្កើត​ស្នាដៃ​បទចម្រៀង​សម្រាប់​កំពូល​តារា​ស្រី​ប្រចាំ​ផលិតកម្ម​ថោន​កញ្ញា មាស សុខសោភា គឺ​បទ «​លង់​ស្នេហ៍​អ្នក​បាត់ដំបង​»​។

ក្រៅពី​ជំនាញ​ខាង​អ្នកនិពន្ធ​បទចម្រៀង​ប្រចាំ​នៅ​ផលិតកម្ម​ថោន លោក ស៊ឹម សុភ័ណ្ឌ បាន​ឲ្យ​ដឹង​ថា លោក​ក៏​ចាប់​អារម្មណ៍ និង​មាន​សមត្ថភាព​អាច​និពន្ធ​រឿង​ប្រលោម​លោក​បាន​ដោយ​លោក​ធ្លាប់​បាន​និពន្ធ​ស្នាដៃ​ខ្លះ​រួច​មក​ហើយ ដូចជា​រឿង «​កម្មជីវិត​» តែ​មិន​ទាន់​បាន​បោះពុម្ព​នៅ​ឡើយ​។

លោក​ក៏​មាន​និស្ស័យ​ចង់​រៀន​លេង​ភ្លេង​បន្ថែម​ព្រម​ទាំង​ច្រៀង ប៉ុន្តែ​ដោយ​បាន​គិតថា ខ្លួន​ច្រៀង​មិន​ពីរោះ​ទើប​អ្នកនិពន្ធ​ពន្លក​ថ្មី​រូប​នេះ​បាន​ត្រឹម​តែ​ចំណង់​ប៉ុណ្ណោះ​។

ក្រៅពី​ធ្វើការ​នៅក្នុង​ផលិតកម្ម​លោក ស៊ឹម សុភ័ណ្ឌ ក៏​មាន​ការងារ​ចម្បង​ជា​ពិធីករ​នៅ​ប៉ុស្តិ៍ វិទ្យុ​ប្រជាជន ដើម្បី​ប្រជាជន FM91 និង​មាន​ជំនួញ​ផ្ទាល់ខ្លួន​មួយ​ផង​ដែរ​។

អ្នកនិពន្ធ​ដែល​ទើប​តែ​ចូលប្រឡូក​ក្នុង​សិល្បៈ​បាន​រយៈពេល ៣ ​ឆ្នាំ​ចាប់ពី​បាន​ចូល​ប្រឡង និង​គាំទ្រ​តាមរយៈ​បទ «​លង់​ស្នេហ៍​អ្នក​បាត់ដំបង​» លោក ស៊ឹម សុភ័ណ្ឌ បាន​រៀបរាប់​ពី​គោលជំហរ​នៅ​ថ្ងៃ​អនាគត​បន្ថែម​ថា​៖ «​ថ្វីដ្បិត​តែ​ការងារ​ជា​អ្នកនិពន្ធ​ត្រូវ​គិត​ច្រើន​បន្តិច ប៉ុន្តែ​វា​ជា​ចំណង់​ចំណូល​ចិត្ត​របស់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​រីករាយ​ក្នុង​ការបំពេញ​ការងារ​មួយ​នេះ​»​។

លោក​បន្ត​ថា​៖ «​ខ្ញុំ​នឹង​ព្យាយាម​និពន្ធ​បទ​ថ្មីៗ ដើម្បី​បំពេញ​តាម​ចំណី​​អារម្មណ៍​របស់​បងប្អូន​ប្រជាពលរដ្ឋ ដើម្បី​ឲ្យ​ពួកគាត់​ងាក​មក​ស្តាប់​នូវ​បទចម្រៀង​និពន្ធ​ថ្មី​មិន​ចម្លង​បរទេស និង​ស្តាប់​ពាក្យ​រិះគន់​ដើម្បី​ស្ថាបនា​»៕

លោក ស៊ឹម សុភ័ណ្ឌ និង​តារាចម្រៀង មាស សុខសោភា​។ រូបថត សហការី