ភ្នំពេញ : ទន្ទឹមនឹងការរំលេចរូបថតស្និទ្ធិស្នាលជាមួយលោក អេង ឬទ្ធី ជាដៃគូវោហារមុខកាមេរ៉ា បង្ហោះតាមបណ្ដាញសង្គម ទាំងមិនខ្វល់ពីការផ្គូផ្គង តម្រង់ចុងព្រួញដាក់សង្ស័យពីក្ដីរាប់អានលើសមិត្តរួមការងារនោះ ពិធីការិនីល្បីប្រចាំទ្រនំទូរទស្សន៍បាយ័ន អ្នកនាង ស៊ឹម សូលីកា ក្រៅពីមិនបកស្រាយវែងឆ្ងាយចំណាយមាត់ចាបមាត់ព្រាបនោះ អ្នកនាងបានត្រឹមតែទទូចមជ្ឈដ្ឋានមហាជនបញ្ចេញមតិឲ្យអាសូរដល់ចិត្តនាងផង។
រំលងវេលាក្រោយពីហោះហើរទៅលេងបងប្អូននៅដែនដីមហាអំណាច សហរដ្ឋអាមេរិកមិនបានប៉ុន្មាន ពិធីការិនីជួរមុខនៃទូរទស្សន៍បាយ័ន អ្នកនាង ស៊ឹម សូលីកា ត្រូវបានបណ្ដាញព័ត៌មានចុះផ្សាយហូរហែ ជុំវិញមន្ទិលនៃចំណងស្នេហ៍រវាងអ្នកនាង និងលោក អេង ឬទ្ធី ជាមិត្តរួមអាជីព។
រូបថតបណ្ដើរគ្នាត្រសង មានទាំងសកម្មភាពទទួលទានអាហារ នៅផ្ទះ និងតាមកន្លែងកម្សាន្តនានាយ៉ាងកក់ក្ដៅ រវាងអ្នកនាង ស៊ឹម សូលីកា និងកូនស្រី ដោយបន្ថែមវត្តមានលោក អេង ឬទ្ធី រំលេចស្នាមញញឹមពព្រាយ ទៀតនោះ បានធ្វើឲ្យមជ្ឈដ្ឋានមហាជនដាក់ចម្ងល់ថា តើមិត្តភាពរវាងដៃគូពិធីករ និងពិធីការិនី សម្បូរវោហារសព្ទរូបនេះបានវិវឌ្ឍមួយកម្រិតទៀតហើយឬ។
តបនឹងព័ត៌មាននេះ មានការបញ្ចេញមតិពីប្រិយមិត្តថា៖ «គាត់ធ្វើការជាមួយគ្នារាប់អានគ្នា ហូបបាយជុំគ្នាលក្ខណៈគ្រួសារជារឿងធម្មតា»។
រីឯខ្លះទៀតចោទជាសំណួរឡើងថា៖ «មិនដែលលីថាលោក អេង ឬទ្ធី លែងលះប្រពន្ធទើបឆ្ងល់»។
ជុំវិញព័ត៌មានទំនាក់ទំនងស្នេហារវាង អ្នកនាង ស៊ឹម សូលីកា និងលោក អេង ឬទ្ធី មិនមានការបកស្រាយយ៉ាងណាពីសាមីខ្លួនឡើយ ដោយពិធីការិនីល្បីឈ្មោះរូបនេះបានត្រឹមតែបរិយាយ អរគុណមជ្ឈដ្ឋានចាប់អារម្មណ៍នឹងជីវិតអ្នកនាង យ៉ាងដូច្នេះថា៖ «ខ្ញុំសូមអរគុណដល់អ្នកទាំងអស់គ្នា ដែលបានចំណាយពេលវេលាដ៏មានតម្លៃរបស់លោកអ្នក មកតាមដាន ចង់ដឹងរឿងជីវិតឯកជនរបស់នាងខ្ញុំ ហើយអរគុណដល់បងប្អូន ដែលចូលរួមមតិ ទាំងពីរោះ និងមិនពីរោះក្ដី…»។
ទន្ទឹមនឹងនោះ អ្នកនាង ស៊ឹម សូលីកា បានត្រឹមតែទទូចមហាជនថា៖ «សូមបងប្អូនទាំងអស់ បញ្ចេញមតិប្រកបដោយខួរក្បាលមានចំណេះដឹង វិជ្ជាជីវៈផងចុះ ព្រោះខ្ញុំមិនដែលបានចូលទៅប៉ះពាល់រំខានអ្នកទាំងអស់គ្នាម្ដងណាទេ លោកអ្នកមានសិទ្ធិបញ្ចេញមតិ តែគ្មានសិទ្ធិបំពានសិទ្ធិអ្នកដទៃទេ។ សូមអគុណ»៕