ភ្នំពេញៈ ក្រោយ​សម្រាក​ពី​ការងារ​សិល្បៈ​មួយរយៈ​ពេល​នេះ​តារាចម្រៀង​មនោសញ្ចេតនា​បែប​ស្រគត់ស្រគំ អ្នកនាង ស៊ុន ស្រីពេជ្រ ខណៈ​កំពុង​តែ​មមាញឹក​ថត​បទចម្រៀង​ដាក់​ឆានែលយូធូប​ផ្ទាល់​ខ្លួន​ត្រៀម​សម្រាប់​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ខាង​មុខ​នេះ​ក៏​ស្រាប់​តែ​នាង​រងនូវ​ការលេចឮ​ព័ត៌មាន​រសើប​ថា តារា​ស្រី​ល្បី​ខាង​បទចម្រៀង​ទេសចរណ៍​អ្នកនាង ស៊ុន ស្រីពេជ្រ ស្ងាត់ៗ​ទើប​តែ​សម្រាល​បាន​កូនស្រី​ដ៏ស្រស់ស្អាត​មួយ​វ័យ​ជិត​ ១ ​ខែ​ទាំង​ពុំ​ធ្លាប់​មាន​ដំណឹង​ចូល​រោងការ​ក្រាប​ផ្ទឹម​តាម​ប្រពៃណី​ខ្មែរ​ជាមួយ​បុរស​ម្ចាស់​ស្នេហ៍​ទាល់​តែ​សោះ​។

បណ្ដាញ​ព័ត៌មាន​ជាច្រើន​បាន​ផ្សព្វផ្សាយ​ថា​អ្នកនាង ស៊ុន ស្រីពេជ្រ ជ្រើស​យក​ជីវិត​បែប​ទាន់​សម័យ​ដូច​បស្ចិមប្រទេស​ដោយ​មាន​កូន​មិន​បាច់​រៀបការ​។

ទាក់ទិន​នឹង​បញ្ហា​នេះ​តារាចម្រៀង​សើច​ស្រស់​នឹង​ធ្មេញ​ច្រពើស អ្នកនាង ស៊ុន ស្រីពេជ្រ ដោយ​លើក​ហេតុផល​ថា​រវល់​ជាប់​ថត​នោះ អ្នកនាង​បាន​បកស្រាយ​ប្រាប់​ឲ្យ​ភ្នំពេញ​ប៉ុស្តិ៍​ឲ្យ​ដឹង​ក្នុង​ការសន្ទនា​តាម​ទូរស័ព្ទ​រយៈនាទី​ដ៏ខ្លី​ថា​៖ «​ខ្ញុំ​ការហើយ​មួយ​សា​ហើយ​ការតាំងពី​ឆ្នាំ​ទៅ​ប្រហែល​ ១ ​ឆ្នាំ​ជាង​ហើយ​»​។

យ៉ាងណា​មិញ ភ្នំពេញ ប៉ុស្ដិ៍ ពុំ​អាច​សុំ​ការបរិយាយ​លម្អិត​ពី​អ្នកនាង ស៊ុន ស្រីពេជ្រ ឡើយ​។

គួរ​រំឭក​ដែរ​ថា​កន្លង​មក​តារាចម្រៀង​ត្រូវ​ជា​កូនស្រី​តារាកំប្លែង សងស៊ីស រូប​នេះ​ធ្លាប់​បាន​បង្ហោះ​សារ​ធ្វើឲ្យ​អ្នកគាំទ្រ​ភ្ញាក់ផ្អើល​ថា​៖ «​ចាស់​ហើយ​ពេលណា​មាន​នឹង​គេ​» ដោយ​ភ្ជាប់​នូវ​រូប​ក្មេងស្រី​តូច​ម្នាក់​មាន​មុខមាត់​ស្អាត​គួរ​ឲ្យ​ក្នាញ់​យក​ចេញ​ពី​ប្រព័ន្ធ​អ៊ីនធឺណិត​មក​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​។

ពេល​នេះ​ក្ដី​ប្រាថ្នា​ចង់​បាន​កូនស្រី របស់​តារាចម្រៀង​ល្បី​ខាង​បទ​ទេសចរណ៍ អ្នកនាង​ស៊ុន ស្រីពេជ្រ បាន​សម្រេច​ហើយ​ដោយ​អ្នកនាង​ទទួលបាន​ចំណងដៃ​កូនស្រី​ជាមួយ​ស្វាមី​សមបំណង​។

ចំណង​ស្នេហ៍​ជាមួយ​ស្វាមី​នេះ​គឺ​បន្ទាប់ពី​តារាចម្រៀង​ចាក​ទ្រនំ​ហង្សមាស​មក​ផលិតកម្ម​ថោន រូបនេះ​បាន​ផ្តាច់ចំណង​ស្នេហ៍​ជាមួយ​មន្ត្រី​ម្នាក់​បម្រើ​ការងារ​នៅ​ក្រសួង​សង្គមកិច្ច​អស់​រយៈ​ជាង​មួយ​ឆ្នាំ​មក​ហើយ​។

គួរ​រំឭក​ដែរ​ថា តារាចម្រៀង​និយម​បែប​ស្រគត់ស្រគំ និង​ច្រៀង​បទ​ប្រពៃណី អ្នកនាង​ ស៊ុន ស្រីពេជ្រ ជា​កូន​ម្នាក់​ក្នុង​ចំណោម ៨ នាក់​នៃ​ក្រុមគ្រួសារ​តារា​កំប្លែង​ជើងចាស់​នាយ សង់ ស៊ីស​។ ក្នុងនោះ​បងប្អូន​នាង​ដែល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​មាន​នាយ សង់ សេត និង​អ្នកនាង កាឆយ​។

អ្នកនាង ស៊ុន ស្រីពេជ្រ ​បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ចម្រៀង​ជាច្រើន​ឆ្នាំ​មក​ហើយ ដោយ​អ្នកនាង​ទទួល​បាន​ការគាំទ្រ​ខ្លាំង​តាមរយៈ​ចម្រៀង​ពី​ទេសចរណ៍​នៅ​កម្ពុជា​។

ក្រោយពី​រំដោះ​គ្រួសារ​ចេញ​ពី​ជីវភាព​ទីទ័ល​ជួល​ផ្ទះ​គេ និង​បាន​ធូរធារ​មួយរយៈ​មក គ្រួសារ​អ្នកនាង​ក៏​ជួប​បញ្ហា​បន្តបន្ទាប់​គឺ​លោក សង់ស៊ីស ជា​ឪពុក​នាង​ចេញ​ចូល​មន្ទីរពេទ្យ​ញឹកញាប់ ហើយ​ប្អូនប្រុស​ក៏​ត្រូវ​ជំងឺ​ធ្វើ​ទុក្ខ​បញ្ជូន​ទៅ​វៀតណាម​។ ឆ្នាំ​មុន​គ្រួសារ​របស់​អ្នកនាង​ក៏​ទើប​តែ​ប្រកាស​លក់​ផ្ទះ​ជាបន្ទាន់ ដើម្បី​ដោះស្រាយ​តម្រូវការ​ភ្លាមៗ​ផង​ដែរ​៕