ភ្នំពេញ៖ ក្នុង​វិនាទី​ដ៏ខ្លី​មុននឹង​ចាប់ផ្ដើម​បេសកកម្ម​មើលថែ​អ្នកជំងឺ​កូវីដ១៩ គូ​ស្វាមីភរិយា​ពេទ្យ ១ គូ​ឆ្លៀត​ឈរ​ទន្ទឹមគ្នា​រំលេច​គំនូស​បេះដូង​ផ្គុំ​ហ៊ុមព័ទ្ធ​សំណេរ​នឹករឭក​កូនស្រី​វ័យ​ទើបតែ ៣ ខែ «ដុកទ័រ សិលា ដុកទ័រ រ៉ា ស្រឡាញ់ បញ្ញាតី» លើ​អាវ​ការពារ​ពណ៌​ផ្ទៃមេឃ។

រូបភាព​អ្នក​ទាំង ២ ដែល​ត្រូវបាន​ចែកចាយ​ពេញ​បណ្ដាញ​សង្គម​បាន​ធ្វើឱ្យ​មនុស្ស​ជាច្រើន​រំជួលចិត្ត និង​ផ្ទុះ​ការស្ញប់ស្ញែង​ពី​ការលះបង់​របស់​គូស្នេហ៍​ទើបនឹង​ក្លាយជា​ឪពុកម្ដាយ​ទារក​ថ្មីថ្មោង​ក៏​សុខចិត្ត​ឃ្លាត​ពី​កូនតូច​មក​បំពេញ​ភារកិច្ច​នៅ​សមរភូមិ​វេជ្ជសាស្ត្រ​សង្គ្រោះ​អ្នកជំងឺ​ពី​វីរុស​កូរ៉ូណា។

ដោយ​មើលឃើញ​ពី​តម្រូវការ​កាន់តែ​ច្រើន​នូវ​វត្តមាន​ក្រុមគ្រូពេទ្យ​ព្យាបាល​អ្នកជំងឺ​ឆ្លង​ពី​ព្រឹត្តិការណ៍ ២០ កុម្ភៈ លោក ប៊ុន សិលា និង​ភរិយា សុខ ភារ៉ា បាន​សម្រេច​ចិត្ត​ចូលខ្លួន​ជា​ទ័ព​អាវ​ស​ជួរមុខ​ បើទោះ​ជា​អ្នក​ទាំង ២ ទើប​តែ​ស្វាគមន៍​កំណើត​កូនស្រី​ដំបូង​ត្រឹមតែ ៣ ខែ​ក៏ដោយ។

លោក ប៊ុន សិលា បាន​ប្រាប់​ពី​ការសម្រេចចិត្ត​របស់លោក និង​ភរិយា​មកកាន់ ភ្នំពេញ ប៉ុស្តិ៍ ថា៖ «ប្រាកដ​ណាស់​ភាព​ជា​ឪពុកម្ដាយ​អ្នកណា​មិន​នឹក​មិន​ចង់​នៅ​ជិត​កូន? កាន់តែ​ជា​កូន​ដំបូង​ និង​ទើបតែ​កើត​បាន​មិន​ប៉ុន្មាន​ខែ​ផង​នោះ កាន់តែ​ពិបាកធ្វើ​ចិត្ត...»។

បេសកកម្ម​បាន​បង្រៀន​លោក​សិលា​ជាច្រើន​ទី ១ គឺ​ការរស់នៅ​ដោយ​ភាពសាមញ្ញ​ និង​ទី ២ គឺ​ការធ្វើ​ការងារ​ជា​ក្រុម។ សហការី

លោក​និយាយ​បន្តទៀតថា៖ ស«...ប៉ុន្តែ​យើង​ដឹងថា​ស្ថានការណ៍​នេះ ក្នុង​នាម​ជា​គ្រូពេទ្យ​ការសម្រេចចិត្ត​របស់​យើង​គឺ​សំខាន់​ជាង​ពេលណាៗ​ទាំងអស់ មិនអាច​ ព្រោះ​តែ​សេចក្ដីសុខ​ផ្ទាល់ខ្លួន​គេចវេះ ឬ​រួញរា​ក្នុងពេល​ដែល​ប្រទេសជាតិ​ត្រូវការ​យើង​បំផុត​នោះទេ»។

មុន​ចុះ​បំពេញ​បេសកកម្ម​លោក និង​ភរិយា​ដែល​ទើប​សម្រាលកូន​បាន ៣ ខែ​បាន​ព្យាយាម​ប្ដូរ​ឱ្យ​កូនស្រី​មក​បៅ​ទឹកដោះគោ​ជំនួស​ទឹកដោះ​ម្ដាយ ព្រមទាំង​ផ្ស៊ាំ​ដាក់ឱ្យ​ទារិកា​តូច​ទម្លាប់​នឹង​ការគេង​ជាមួយ​លោកយាយ និង​លោកតា​របស់​នាង​តូច។

លោក សិលា បាន​រំឭក​ប្រាប់ថា៖ «ដំបូងៗ​កូន​ក៏​យំ​ពេល​មិនឃើញ​ឪពុកម្ដាយ​ តែក្រោយៗ​មក​គាត់​ក៏​អាច​សម្រប​ខ្លួន​បាន»។

លោកគ្រូ​ពេទ្យ​ឯកទេស​ឆ្នាំ​ទី ៣ ផ្នែក​វះកាត់​ទូទៅ​ និង​ប្រព័ន្ធ​រំលាយ​អាហារ​រូបនេះ​បាន​តប​នឹង​ចម្ងល់​ថា បើ​សួរថា​តើ​ពួកគាត់​ជា​ពេទ្យ​ភ័យខ្លាច​ឬ​អត់? នោះ​ចម្លើយ​របស់​លោក​គឺ​ប្រាកដ​ណាស់​លោក​ក៏​មាន​ការព្រួយបារម្ភ​ខ្លះ​ដែរ។

យ៉ាងណាមិញ​លោក​បាន​បញ្ជាក់ថា៖ «យើង​ធ្លាប់តែ​រៀន​ពី​វិធី​ការពារ​ និង​ព្យាបាល​ផ្សេងៗ​មិន​ដឹងថា​ការអនុវត្ត​ជាក់ស្ដែង​យ៉ាងម៉េច​ទេ តែ​យើង​នៅតែ​ជ្រើសរើស​ចូល​ប្រយុទ្ធ​ ព្រោះ​បើ​យើង​ម្នាក់ៗ​ខ្លាច​តើ​បាន​អ្នកណា​មើលថែ​បងប្អូន​យើង»។

រយៈពេល​ជាច្រើន​សប្ដាហ៍​ដែល​លោក​បាន​ត្រឹមតែ​ឃើញ​មុខ​កូនស្រី​វ័យ ៣ ខែ​តាមរយៈ​ទូរស័ព្ទ។ សហការី

សមាជិក​ទ័ព​អាវស​ដែល​ដឹក​ដៃ​ភរិយា​ទៅ​ព្យាបាល​អ្នកជំងឺ​កូវីដ​រូបនេះ​បាន​និយាយថា៖ «ម្យ៉ាង​បើ​យើង​មិន​ចាប់ផ្ដើម​អ្នកផ្សេង​ក៏​មិនដឹង​ពី​ស្ថានភាព។ យើង​ចង់​ធ្វើជា​គំរូ​ និង​បង្កើត​កម្លាំងចិត្ត​ដល់​ក្រុមគ្រូពេទ្យ​ក្រោយៗ​ទាំង​អ្នក​ដែល​ត្រៀម​ស្ម័គ្រចិត្ត និង​អ្នក​ដែល​មិនទាន់​ហ៊ាន​មកឱ្យ​គាត់​មាន​សេចក្ដី​ក្លាហាន​ហើយ​បាន​ឃើញថា​យើង​អាច​ឆ្លង​ផុត​ដោយ​ជោគជ័យ​ហើយ»។

លោក​ក៏បាន​បញ្ជាក់​ឱ្យដឹង​តាមរយៈ​បទពិសោធ​របស់​លោក​ថា ស្ថានភាព​ជាក់ស្ដែង​មិន​គួរ​ឱ្យ​ភ័យខ្លាច​ដូចដែល​យើង​គិត​នោះទេ។

យោងតាម​ការរៀបរាប់​របស់​លោក ប៊ុន សិលា កន្លែង​ព្យាបាល​មាន​ការរៀបចំ​បានល្អ​មាន​កន្លែង​ដើរទៅ​មើល​អ្នកជំងឺ និង​កន្លែង​ចេញមក​វិញ​ដោយមាន​របៀបរបប​បំពាក់​ដោយ​ប្រព័ន្ធ​សុវត្ថិភាព។

ទីនោះ​មាន​កន្លែង​ដោះ​សម្លៀកបំពាក់​ការពារ​ត្រឹមត្រូវ ហើយ​ឧបករណ៍​ដែល​ប្រើប្រាស់​ស្ទើរតែ​អាច​ហៅ​បាន​ថា​លើស​ស្តង់ដា​រួមទាំង​មាន​ក្បាំងមុខ និង​ស្រោមដៃ​ក្រាស់​ថែម​ពីលើ​ទៀតផង។

ថ្ងៃទី ១៤ ខែមេសា​ជា​ថ្ងៃទី ១ នៃ​ការបំពេញ​បេសកកម្ម ៣ សប្ដាហ៍​របស់លោក និង​ភរិយា។ លោក​បាន​រៀបរាប់​ប្រាប់​ពី​សកម្មភាព​ក្នុង​ការមើលថែ​អ្នកជំងឺ និង​លើកទឹកចិត្ត​ពួកគេ​កុំឱ្យ​មាន​ការព្រួយបារម្ភ។

រូបភាព​អ្នក​ទាំង ២ បាន​ធ្វើឱ្យ​មនុស្ស​ជាច្រើន​រំជួលចិត្ត និង​ផ្ទុះ​ការស្ញប់ស្ញែង​ពី​ការលះបង់​របស់​ឪពុកម្ដាយ​វ័យក្មេង ១ គូ​នេះ។សហការី

ជា​រៀងរាល់ថ្ងៃ​ក្រុមគ្រូពេទ្យ​នឹង​បន្ត​តាមដាន​សុខភាព​អ្នកជំងឺ​ចាប់ពី​ថ្ងៃ​ដំបូង​រហូត​ដល់​ថ្ងៃ​ពួកគាត់​ជាសះស្បើយ ដោយ​ផ្ដល់​អាហារ​ និង​ថ្នាំ​តាម​រោគសញ្ញា​នីមួយ។

អ្នកជំងឺ​ចូល​សម្រាក​ព្យាបាល​បាន​ប្រមាណ​ចាប់ពី ៥​ថ្ងៃ​ទៅ​នឹង​មាន​ការធ្វើ​តេស្ត។ ប្រសិនបើ​មាន​លទ្ធផល​អវិជ្ជមាន ២ ដង​ជាប់​គ្នា ក្រុមគ្រូពេទ្យ​នឹង​រៀបចំ​ឯកសារ​ ដើម្បី​ឱ្យ​គាត់​អាច​ត្រឡប់​ទៅ​ផ្ទះ​បន្តធ្វើ​ចត្តាឡីស័ក​ដោយ​ខ្លួនឯង។

អ្វីដែល​ធ្វើឱ្យ​ប្ដី​ប្រពន្ធ​លោក​ចងចាំ​បំផុត​នោះ​គឺ​ក្នុង ១​ ថ្ងៃ​មាន​អ្នកជំងឺ​នៅ​កោះពេជ្រ​បានជា​សះស្បើយ និង​ត្រលប់​ទៅផ្ទះ​វិញ​ក្នុង​ចំនួន​រហូត​ដល់​ទៅ ៨៣៤ នាក់។

គ្រូពេទ្យ​ស្ម័គ្រចិត្ត​វ័យ ២៥ ឆ្នាំ​រូបនេះ​ប្រាប់ថា៖ «ពេល​មាន​ពួកគាត់​មក​លា​ហើយ​ប្រាប់ថា​អរគុណ​ដែល​មើលថែ​ពួកគាត់​ប៉ុន្មាន​ថ្ងៃនេះ ពេលនេះ​គាត់​អាច​ត្រឡប់​ទៅ​រក​ប្រពន្ធ​កូន ជុំ​គ្រួសារ​វិញ​ហើយ»។

លោក ប៊ុន សិលា បាន​ថ្លែង​ទាំង​រំភើប​ថា៖ «វា​ជា​ពាក្យ​សាមញ្ញ​តែ​ទិដ្ឋភាព​នេះ​ជាការ​ចងចាំ​មួយ​មិនអាច​បំភ្លេចបាន​សម្រាប់​ខ្ញុំ​ក្នុង​ការចូលរួម​បេសកកម្ម​លើក​នេះ។ ខ្ញុំ​មាន​អារម្មណ៍​រំភើប និង​ត្រេកអរ​ខ្លាំងណាស់​ហើយ​ក៏​មានកូន​ចិត្ត​សង្ឃឹមថា​ប្រទេស​យើង​នឹង​ត្រឡប់មក​ធម្មតា​វិញ»។

ការដោះ​សម្លៀកបំពាក់​ការពារ​ចេញ​ជា​ពេល​ប្រឈម​បំផុត ដែល​ក្រុមគ្រូពេទ្យ​បីដូច​មនុស្ស​ជិះ​លើ​ទូក​តែមួយ។ សហការី

បេសកកម្ម​របស់​លោក​ទើប​បញ្ចប់។ ពេលនេះ​ជិត ១ សប្ដាហ៍​ហើយ​ដែល​លោក និង​ភរិយា រួមទាំង​ក្រុម​គ្រូពេទ្យ​សរុប ៤៥ នាក់​ត្រូវធ្វើ​ចត្តាឡីស័ក ១៤ ថ្ងៃ។ បើ​លទ្ធផល​តេស្ត​អវិជ្ជមាន កងទ័ព​អាវស​នឹង​អាច​ត្រឡប់​ទៅ​ជួបជុំ​ក្រុមគ្រួសារ។ លោក និង​ភរិយា​នឹង​បាន​នែបនិត្យ​កូនស្រី​សំណព្វ​វិញ​ បន្ទាប់ពី​បាន​ត្រឹមតែ​ឃើញ​មុខ​តាម​ទូរស័ព្ទ​អស់​រយៈពេល​ជាង ១ ខែ​កន្លងមក។

លោក សិលា បាន​ប្រាប់ថា បេសកកម្ម​លើក​នេះ​បាន​បង្រៀន​លោក​ច្រើន​ទី ១ គឺ​ការរស់នៅ​ដោយ​ភាពសាមញ្ញ និង​ទី ២ គឺ​ការធ្វើ​ការងារ​ជា​ក្រុម។

លោក​បញ្ជាក់​ពី​ចំណុច​សំខាន់​ថា៖ «ពេល​ពួកខ្ញុំ​បំពេញ​កាតព្វកិច្ច ការដោះ​សម្លៀកបំពាក់​ការពារ​ចេញ​ជា​ពេល​ប្រឈម​បំផុត ពេលនោះ​ពួកយើង​ដូច​មនុស្ស​ជិះ​លើ​ទូក​តែមួយ​យើង​បាន​ព្យាយាម​ជួយ​ឆែក​គ្នា​យ៉ាង​ល្អិតល្អន់ បើ​ម្នាក់​បរាជ័យ​ទាំងអស់​គ្នា​បរាជ័យ​ហេតុនេះ​វា​ជា​មេរៀន​សំខាន់​មួយ​ដែល​ខ្ញុំ​ទទួលបាន»។

លោក​បាន​ផ្ដាំ​ផ្ញើឱ្យ​ក្រុមគ្រូពេទ្យ​ក្រោយៗ​ប្រយ័ត្ន​បំផុត​ពេល​ដោះ​សម្លៀកបំពាក់ និង​សូមឱ្យ​រក្សា​សុខភាព ទទួលទាន និង​សម្រាក​ឱ្យបាន​គ្រប់គ្រាន់​ក៏ដូចជា​អ្នកជំងឺ និង​អ្នក​មិនទាន់​ឈឺ​ក្ដី ដើម្បី​ពង្រឹង​ប្រព័ន្ធ​ស៊ាំ​រឹងមាំ​ប្រយុទ្ធ​នឹង​ជំងឺ។ លោក​ក៏​សូម​ឱ្យ​ពលរដ្ឋ​បន្ត​ចូលរួម​គោរព​តាម​វិធានការ​ក្រសួង​សុខាភិបាល ៣កុំ ៣ការពារ និង​ចាក់​វ៉ាក់សាំង​ឱ្យបាន​ទាំងអស់​គ្នា៕

ការដោះ​សម្លៀកបំពាក់​ការពារ​ចេញ​ជា​ពេល​ប្រឈម​បំផុត ដែល​ក្រុមគ្រូពេទ្យ​បីដូច​មនុស្ស​ជិះ​លើ​ទូក​តែមួយ។ សហការី