ភ្នំពេញ៖ ទើប​តែ​បាន​​​បក​ស្រាយ​ពី​ដំណឹង​ល្បី​រឿង​ថា ​​ចាប់​​​​បាន​ឱកាស​កើប​ប្រាក់​ធំ​មួយ​​តំណែង​ជា​​​​​តួឯក​​ស្រី​​​ក្នុង​​​​កុន​ឲ្យ​ផលិតកម្ម​​ចិន​មួយ​ ដែល​សម្តែង​ជាមួយ​នឹង​តារា​ចម្រៀង​ និង​តារា​សម្តែង​ចិន​​​ហុងកុង​ ជើង​ចាស់​ដ៏​ល្បី​​លោក​ Dicky Cheung មុន​​នេះ​​សោះ​ ស្រាប់​តែ​តារា​ចម្រៀង​​ស្រី​វ័យ​ក្មេង​ស៊ី​ដាច់​គេ​ខាង​​​ច្រៀង​​​​​​ភាសា​អង់គ្លេស​នៅ​​ហង្សមាស​​កញ្ញា​ រ៉េត ស៊ូហ្សាណា លេច​វត្តមាន​​ក្នុង​បញ្ជី​កំពូល​ស្រី​​​ស្អាត​​​​​ ១០០ ​រូប ​ប្រចាំ​តំបន់​អាស៊ី​នៅ​ឆ្នាំ ២០១៩​ ធ្វើ​ឲ្យ​ភ្ញាក់​ផ្អើល​​មហាជន​សាជា​ថ្មី​​​។​

មិន​​ត្រឹម​ធ្វើ​ឲ្យ​ភ្ញាក់​ផ្អើល​​ពី​មហាជន​គាំទ្រ​ប៉ុណ្ណោះ​ទេ​ សូម្បី​តែ​សាមី​ខ្លួន​ រ៉េត ស៊ូហ្សាណា ​ក៏​​មិន​​​បាន​ដឹង​ខ្លួន​ផង​ថា បាន​ជាប់​​ក្នុង​បញ្ជី​ស្រី​​​ស្អាត​ ១០០ រូប ​ប្រចាំ​តំបន់​​អាស៊ី​នោះ​ នេះ​បើ​​​តាម​ការ​​ឆ្លើយតប​ទាំង​មាន​ភាព​ងឿង​ឆ្ងល់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ នា​រសៀល​ម្សិលមិញ​​។

តារា​​ចម្រៀង​​ស្រី​វ័យ ១៩ ឆ្នាំ កំពុង​តែ​សាង​​​​ឈ្មោះ​​ល្បី​លើ​វិថី​សិល្បៈ​តាមរយៈ​សូរ​សំនៀង​ដ៏​ពី​រោះ​​ជា​​​ភាសា​​អង់គ្លេស កាល​ពី​​ប្រឡង​មាន​​រាសី​ឡើង​ក្រឺតៗ ដោយ​​បាន​ក្លាយ​ជា​តារា​​​សុច្ឆន្ទៈ ​២​ ឆ្នាំ​​ជាប់​គ្នា ​របស់​ក្រុមហ៊ុន​​ទូរស័ព្ទ​​​​​​ស្មាតហ្វូន OPPO ជាមួយ​នឹង​​ក្រុម​តារា​រួម​​អាជីព​​​ នៅ​ហង្សមាស ​​គឺ​ ​ពេជ្រ សោភា និង​​​​លោក Step នោះ​ក៏​​​បញ្ជាក់​​ថា​​៖​ «អូ! ​នាង​ខ្ញុំ​​ពិត​ជា​អត់​បាន​ដឹង​ដំណឹង​​​នេះ​ឡើយ ហើយ​​ក៏​នៅ​មិន​ទាន់​​បាន​​ឃើញ​​​នៅ​ឡើយ​មក​ទល់​ពេល​នេះ ព្រោះ​ថា​​មួយរយៈ​​នេះ​​​ ខ្ញុំ​​រវល់​នឹង​ការងារ​សិល្បៈ​ពេក​ ទើប​មិន​បាន​តាម​ដាន​មើល។ ប្រសិន​បើ​មិន​បាន​​​បង​ទូរស័ព្ទ​សួរ​នាង​ខ្ញុំ​រឿង​នេះ​​​ទេ គឺ​ពិត​ជា​អត់​បាន​ដឹង​​មែន!​»។​

ដំណឹង​បង្ហាញ​ឈ្មោះ​សិល្បករ​-សិល្បការិនី​មាន​សម្រស់​ស្អាត​ប្រចាំ​ នៅ​តំបន់​អាស៊ី​ក្នុង​ឆ្នាំ ​២០១៩​ នេះ ត្រូវ​​​ទម្លាយ​ចេញ​ពី​​ក្នុង​​អ៊ីនស្តាក្រាម​​​ឈ្មោះ​​ថា ​50mostbeautifulasianwomen​ ខណៈ​​​ក្រៅ​​ពី​កញ្ញា រ៉េត ស៊ូហ្សាណា​ នោះ​​ក៏​មាន​តារា​ស្រី​ប្រុស​ខ្មែរ​​មួយ​ចំនួន​ទៀត​ដែរ ​រួម​មាន​ដូចជា​កញ្ញា ស៊ីន យូប៊ីន កញ្ញា ឈៀង ហ៊ុយឡេង កញ្ញា ម៉េលីយ៉ា កញ្ញា ដា ដាវ កញ្ញា ប៊ី សុធារី កញ្ញា រឿន ណាត កញ្ញា សំណាង អេលីណា និង​​លោក នីកូ ជាដើម​។

ទោះ​ជា​យ៉ាង​ណា​ កញ្ញា រ៉េត ស៊ូហ្សាណា ក៏​​សម្តែង​ពី​អារម្មណ៍​សប្បាយ​​ចិត្ត​ប្រាប់​​ថា៖ «​ទោះបី​ជា​នាង​ខ្ញុំ​ នៅ​មិន​ទាន់​បាន​​ដឹង​ដំណឹង​​នេះ​​ក្តី តែ​គ្រាន់​តែ​បង​សួរ​នាំ​ និង​បង្ហើប​​ភ្លាម នាង​ខ្ញុំ​ពិត​ជា​រំភើប​ចិត្ត​ខ្លាំង ដែល​ខ្លួន​ឯង​អាច​ទទួល​បាន​​លទ្ធផល​បែប​​​នេះ​»។​

គួរ​បញ្ជាក់​ថា រ៉េត ស៊ូហ្សាណា ​​តារា​​​ចម្រៀង​​ស្រី​​ជា​បេក្ខនារី​ប្រឡង​ ​The Voice Cambodia រដូវ​កាល​ទី ២ ត្រឹម​​​វគ្គ​ពាក់​កណ្តាល​​​ផ្តាច់​ព្រ័ត្រ​រូប​នេះ​​ មាន​ភាព​មមាញឹកខ្លាំង​​​​​​ក្នុង​សិល្បៈ​ហើយ​​ក្រៅ​ពី​ច្រៀង ​គឺ​​​​នាង​​​ក៏​ជា​​ទូត​សុច្ឆន្ទៈ​ឲ្យ​​​ក្រុមហ៊ុន​ Cellcard នៅ​ក្រុមហ៊ុន​​ទូរស័ព្ទ​ម៉ាក OPPO​ ក្រុមហ៊ុន ​Charles​ & Keith ជាដើម៕