ភ្នំពេញៈ អស់រយៈពេលជាងកន្លះឆ្នាំហើយ ដែលពិធីការិនីទូរទស្សន៍មានរូបសម្រស់ស្រស់ស្អាត រាងស្ល៊ីម លី ច័ន្ទដាលីស ហៅ អេនជី បានឡើងយន្តហោះទៅរួមរស់នៅដីសម្បូរដុំដុល្លារអាមេរិកជាមួយស្វាមីកាលចុងឆ្នាំ ២០១៧ ក៏ស្រាប់តែលេចមុខអ្នកនាង អេនជី នៅស្រុកខ្មែរសាជាថ្មីក្នុងព្រឹត្តិការណ៍ការធ្វើអធិដ្ឋានដល់ប្រទេសជប៉ុន ដែលកំពុងតែរងគ្រោះទឹកជំនន់ដ៏ធំពុំធ្លាប់មាន កាលពីចុងសប្តាហ៍កន្លងមក គួរឲ្យភ្ញាក់ផ្អើល។
អេនជី អតីតគឺជា Freshie Girl លេខ ៤ ប្រចាំឆ្នាំ ២០០៥ ឈ្មោះពិត លី ច័ន្ទដាលីស ខណៈដែលមហាជនស្គាល់ខ្លាំង កាលពីនាងធ្វើជាពិធីការិនីនៅក្នុងកម្មវិធី «តន្ត្រីខារ៉ាបាវ» និង «The Star Variety Show» នៅប៉ុស្តិ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍នោះ បានបង្ហាញវត្តមាននាពេលថ្មីៗនៅក្នុងកម្មវិធីសប្បុរសធម៌មួយឈ្មោះថា «Pray for Japan» ជាមួយមិត្តសិល្បករ-ការិនី ៣ រូបទៀតគឺមានលោក ប៉ែន ចំរ៉ុង លោក យ៉ែម សំអូន និងពិធីការិនីរូបស្រស់កញ្ញា ពេជ្រ សូលីកា ហៅកញ្ញា ជីជី ផងដែរ។
មួយរំពេចក៏មានមន្ទិលសង្ស័យលើកឡើងថា៖ «ហេតុអ្វីបានជាអ្នកនាង អេនជី បានបង្ហាញវត្តមាននៅស្រុកខ្មែរវិញបែបនេះ ខណៈការចាកចេញទៅអាមេរិកតាមស្វាមី ទើបតែបានពេលជាងកន្លះឆ្នាំសោះ ឬក៏នាងវិលមករកឆ្នាំងបាយចាស់សិល្បៈវិញនៅឯស្រុកកំណើតឬ?»។
ពិធីការិនីសម្តីផ្អែមស្រាលនៅប៉ុស្តិ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ និងភីអិនអិន អ្នកនាង អេនជី ដែលបានបញ្ចប់ភាពនៅលីវតាំងពីឆ្នាំ ២០១៣ បានក្រាបផ្ទឹមចូលរោងការពេញច្បាប់ ជាមួយស្វាមីជាអាណិកជនខ្មែរអាមេរិកឈ្មោះភីធើរ សុធារ៉ាហេង នោះប្រាប់ភ្នំពេញ ប៉ុស្តិ៍ខណៈពេលចូលរួមកម្មវិធីខាងលើថា៖ «ចាស!បងតាមពិតទៅ វត្តមាននាងខ្ញុំមកស្រុកខ្មែរនេះ មិនមែនជាការវិលមកប្រឡូកក្នុងអាជីពសិល្បៈអ្វីនោះទេ គឺគ្រាន់តែជាការមកលេងស្រុកខ្មែរចំនួន ២ ខែតែប៉ុណ្ណោះ ខណៈនៅខែក្រោយនេះ នឹងត្រឡប់ទៅអាមេរិកវិញហើយ»។
អ្នកនាង អេនជី ក៏បញ្ជាក់ពីវត្តមាននៅក្នុងកម្មវិធី «Pray for Japan» នៅទីលានស្តាតចាស់នោះថា៖ «ពេលមកដល់ស្រុកខ្មែរ ក៏មានការសាកសួរពីលោក តាំង គីមសួរ និងលោក ប៉ែន ចំរ៉ុង ថា ខាងអ្នករៀបចំកម្មវិធីចង់អញ្ជើញនាងខ្ញុំឲ្យចូលរួមនៅក្នុងវិធីនេះ ហើយដោយសួរនាំទៅជាកម្មវិធីសប្បុរសធម៌ផងនោះនាងខ្ញុំក៏សម្រេចចិត្ត ទទួលការហៅនេះទៅ»។
ចំពោះដំណឹងចាកចេញទៅរស់នៅអាមេរិកជាមួយស្វាមី ត្រូវបានគេដឹងដោយការផូស្តចេញពីគណនីហ្វេសប៊ុករបស់ប្រធានសមាគមអ្នកសិល្បៈគឺអ្នកនាង ចន ច័ន្ទលក្ខិណា សរសេរបែបអាឡោះអាល័យនឹងពិធីការិនីរូបស្រស់ អេនជី ថា៖ «ជួបគ្នាថ្ងៃចុងក្រោយ មុនបែកគ្នា ឆ្លៀតមកផាត់មុខធ្វើសក់ឡើងប៉ុស្តិ៍ទូរទស្សន៍ទៀត! ដឹងអត់ថា ធ្វើអ៊ីចឹងគឺ ធ្វើឲ្យថៅកែ និងបុគ្គលិក Chorn Chan Salon ស្រណោះគ្រប់គ្នា នឹកណាស់អូន។ បងសូមជូនពរឲ្យការកសាងអនាគតថ្មីនៅលើទឹកដីថ្មី សូមឲ្យអូនមានសេចក្តីសុខសុភមង្គល និងជោគជ័យរហូត។ Love u forever sis Ng Dalis»។
អេនជី ក៏ប្រាប់ថា៖ «ចាស!ខ្ញុំត្រូវឡើងយន្តហោះពីស្រុកខ្មែរចុងខែធ្នូ ២០១៧ ហើយទៅរស់នៅជាមួយសា្វមីឯក្រុងបូស្តុន រដ្ឋម៉ាសាឈូសេត នៃសហរដ្ឋអាមេរិក»៕