ភ្នំពេញៈ ខណៈ​ការប្រកាស​លក់​ផ្ទះមួយ ២ ល្វែង​ជាប់​គ្នា ដែល​តារា​ចម្រៀង​ស្រី ម៉ៅ​ដាច់​ខាង​បង្ហើរ​សំនៀង​វិស័យ​ទេសចរណ៍ កញ្ញា សុន ស្រីពេជ្រ លក់​បន្ទាន់​ដើម្បី​យក​ប្រាក់​ព្យាបាល​ជំងឺ​ប្អូន​ប្រុស និង​ឪពុក កាល​ពី​ចុង​ឆ្នាំ​មុន​មិន​ទាន់​ដាច់​ផង​នោះ​ស្រាប់​តែ​ថ្មីៗ​នេះ បន្ថែម​ប្រកាស​លក់​ផ្ទះ​មួយ​ជង់​ផ្សេង​ទៀត​ថ្លៃ​ជាង​មុន​គោល​បំណង​ដដែល​បង្ក​ការ​ភ្ញាក់​ផ្អើល​សា​ជា​ថ្មី​ដល់​មហាជន។

ផូ​ស្ត​ចេញពី​គណនី​ហ្វេ​ស​ប៊ុ​ករ​បស់ នាយ សង់​សេត ជា​បងប្រុស​បង្កើត​របស់​កញ្ញា​សុន ស្រីពេជ្រ បាន​បង្ហោះ​រូប​ផ្ទះ​ល្វែង ២ មាន​ទីតាំង​ផ្សេង​គ្នា និង​សារ​ប្រាប់​តម្លៃ​ផង​ដែរ​ថា៖ «យើង​ខ្ញុំ​ត្រូវ​ការ​លក់ ២ កន្លែង​ចាំបាច់ ទី១ ស្ថិត​នៅ​ភូមិ​ក្រាំង​អង្ក្រង សង្កាត់​ក្រាំង​ធ្នង់ ខណ្ឌ​សែន​សុខ នៅ​ក្នុង​រាជធានី​ភ្នំពេញ តម្លៃ ៣៥ ម៉ឺន​ដុល្លារ អាច​ចរចា​បាន។ ទី ២ គឺ​នៅ​ក្នុង​ភូមិ​សុពណ៌ សង្កាត់​គោក​រកា ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ តម្លៃ ២៥ ម៉ឺន​ដុល្លារ ចរចា​បាន»។

កាលពី​ប្រកា​សលក់​ផ្ទះ​លើកដំបូង កញ្ញា សុន ស្រី​ពេជ្រ បាន​សរសេរ​សេចក្តីជូនដំណឹង​ប្រាប់​ថា៖ «ខ្ញុំ សុន ស្រី​ពេជ្រ ត្រូវ​ការ​លក់​ផ្ទះ​ជា​បន្ទាន់​ដើម្បី​ជួយ​ដល់​ប្អូន​ប្រុស​នាង​ខ្ញុំ កំពុង​ត្រៀម​វះកាត់​បញ្ចូល​ខួរ​ឆ្អឹង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​សុពណ៌ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ មាន​ទំហំ ១០ ម៉ែត្រ​គុណ ២២ ម៉ែត្រ» ភ្ជាប់​ជាមួយ​រូប​ផ្ទះមួយ​ជំហរ​នោះ ក៏មាន​ការ​សុំ​ដោយ​ទទូច​ថា៖ «សូម​មេត្តា​ជួយ​ស៊ែរ​បន្ត​ផង ឲ្យ​បាន​លក់​ឆាប់​ដាច់ ហើយ​ប្អូន​នាង​ខ្ញុំ​នឹង​ឆាប់​បាន​ទៅ​វះកាត់​ផង​ដែរ»។

នាយ សង់ សេត ត្រូវជា​បងប្រុស​បង្កើត​របស់​កញ្ញា សុនស្រី​ពេជ្រ បាន​ប្រាប់ថា៖ «ផ្ទះ​មុន​នោះ​យើង​លក់​មិន​ដាច់​ទេ ហើយ​តាម​ពិត​ទៅ​ពុក គាត់​មាន​ផ្ទះ ២ កន្លែង​ផ្សេង​គ្នា ដែល​សុទ្ធ​តែ​មាន ២ ល្វែង​ជាប់​គ្នា។ ការ​ប្រកាស​លក់​ផ្ទះ​បន្ថែម​បែប​នេះ ក៏​ព្រោះ​តែ​​ត្រូវការ​ប្រាក់​បន្ទាន់​ក្នុង​ចំណោម ២ កន្លែង​នេះ បើ​ដាច់​មួយ​ណា គឺ​គ្រួសារ​យើង​នឹង​សម្រេច​ចិត្ត​រស់​នៅ ១ កន្លែង​ផ្សេង​ទៀត ហើយ​ក៏​អាច​ឲ្យ​ជម្រើស​ទៅ​ដល់​បង​ប្អូន​ដែល​ចង់​ទិញ​ផ្ទះ​តាម​ទីតាំង​ខ្លួន​ស្រឡាញ់​ផង​ដែរ»។

នាយ សង់ សេត ក៏​បន្ត​ឲ្យ​ដឹង​ដែរ​ថា៖ «ដោយសារតែ​ក្រុមគ្រួសារ និង​បងប្អូន​ទប់ទល់​លែង​បាន​ហ្នឹង​ហើយ ទើប​តម្រូវការ​ប្រាក់​ជា​បន្ទាន់​សម្រាប់​ព្យាបាល​ប្អូន​ប្រុស ដែល​ត្រូវ​ឡើង​ចុះ​ថៃ ដើម្បី​មើល​ជំងឺ ២០ ថ្ងៃ​ទៅ​ម្តង អស់​ប្រាក់​មិន​តិច​ជាង ៣ ពាន់ ដុល្លារ នោះ​ឡើយ»៕