ភ្នំពេញ៖ នាពេល​ថ្មីៗ​នេះ ស្រាប់​តែ​លេច​មុខ​កញ្ញា លាង ចាន់ឡា អតីត​ជា​បេក្ខនារី​ធ្លាប់​ចូល​ប្រឡង​ក្នុង​កម្មវិធី X Factor Cambodia រដូវកាល​ទី១ ក្លាយ​ជា​​តារា​ចម្រៀង​ស្រី​ប្រចាំ​ផលិតកម្ម​ថ្មី​មួយ​ឈ្មោះ Life Production និង​ជា​ដៃគូ​ច្រៀង​ឆ្លើយឆ្លង​នឹង​លោក ប៊ុត សីហា ដែរ​តាមរយៈ​បទ «មុខ​ខិល​មាត់​ខូច» និង​បទ «មេម៉ាយ​ក៏​មាន​ហាង​ឆេង»។

ខណៈ​ផលិតកម្ម​នីមួយៗ​កំពុង​តែ​សម្រុក​ចេញ​បទ​ចម្រៀង​បែប​ប្រពៃណី​របស់​តារា​ចម្រៀង​ប្រុស​ស្រី​ខ្លួន សម្រាប់់​ឱកាស​អបអរសាទរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ជិត​ចូល​មក​ដល់​នោះ ផលិតកម្ម​ថ្មី Life Production ក៏​ផុសផុល​ខ្លាំង​ក្នុង​ការ​ចេញ​បទ​ថ្មីៗ​ផង​ដែរ។ ជាក់​ស្តែង​ដូចជា​កញ្ញា លាង ចាន់​ឡា គឺ​ជា​តារា​ចម្រៀង​ស្រី​ទី២ អតីត​ជា​បេក្ខនារី​ប្រឡង​កម្មវិធី X Factor Cambodia រដូវកាល​ទី១ នៅ​ទូរទស្សន៍​ហង្សមាស បន្ទាប់​ពី​កញ្ញា ថាន់ នឿថង និង​ជា​តារា​ចម្រៀង​ស្រី​ទី២ ផង​ដែរ ​ក្លាយ​ជា​ដៃគូ​ចម្រៀង​ស្រី​ជាមួយ​លោក ប៊ុត សីហា នៅ​ផលិតកម្ម Life Production ក្រោយ​ពី​បាត់​មួយរយៈ។

លោក ឈួន សុខលីម នាយក​គ្រប់គ្រង​ផលិតកម្ម Life Production ក៏​បង្ហើប​ឱ្យ​ដឹង​លក្ខណសម្បត្តិ​តារាចម្រៀង​ស្រី​រលក​ក្រោយ​នេះ​ផង​ដែរ​ថា៖ «យើង​បាន​សម្រេចចិត្ត​ជ្រើស​យក​កញ្ញា លាង ចាន់ឡា មក​ច្រៀង មាន​ការ​ចុះ​កុងត្រា រយៈពេល ១ ឆ្នាំ។ ដោយ​យើង​មើល​ឃើញ​ចំណុច​ពិសេស​របស់​គាត់​មួយ​ចំនួន​ដូចជា មាន​ទឹក​ដម​សំនៀង​ល្អ ដែល​កម្រ​រក​បាន​ជាពិសេស​នោះ សំឡេង​របស់​គាត់ ​គឺ​អាច​ចាប់​ដៃគូ​ជាមួយ ប៊ុត សីហា បាន។ លើស​ពី​នេះ គាត់ ​គឺ​ជា​តារា​ចម្រៀង​ស្រី​ដែល​មិន​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ផលិតកម្ម​ផ្សេង»។

ក្រៅ​ពី​នេះ គេ​ក៏​សង្កេត​ឃើញ​ដែរ​ថា កញ្ញា លាង ចាន់ឡា បន្ទាប់​ពី​បាត់​មុខ​អស់​មួយរយៈ​ស្រាប់​តែ​លេច​មុខ​នៅ​ក្នុង​វីដេអូ​រឿង​អប់រំ​ខ្លី​មួយ បង្ហាញ​ឱ្យ​ឃើញ​ពី​ទិដ្ឋភាព​ក្នុង​សង្គម​ដោយ​នាង​ត្រូវ​សម្ដែង​ជា​តួអង្គ​ប្រពន្ធ​ដ៏​កម្សត់​របស់​បុរស​ម្នាក់ ដែល​គ្មាន​ចិត្ត​ស្មោះត្រង់​នឹង​ភរិយា​ខ្លួន ហើយ​លួចលាក់​មាន​ស្រី​ក្រៅ គឺ​រឿង «ប្រពន្ធ​បាយកក» មាន​រយៈពេល ២៦ នាទី ទៀត​ផង ដែល​នេះ ​គឺ​ទីផ្សារ​ការងារ​សិល្បៈ​បច្ចុប្បន្ន​របស់​កញ្ញា។

គួរ​បញ្ជាក់​ផង​ដែរ​ថា Life Production គឺ​ជា​ផលិតកម្ម​មួយ ដែល​តែង​ទទួល​យក​ក្រុម​តារា​ចម្រៀង​ប្រុស​ស្រី​រលក​ក្រោយ​ដែល​មាន​ទេពកោសល្យ​សិល្បៈ និង​មិន​ទាន់​មាន​ជម្រក​ជ្រក​កោន​នៅ​ឡើយ ហើយ​អ្វី​ដែល​កាន់​តែ​ពិសេស​នោះ​គឺ ផលិតកម្ម​រមែង​ប្រមើល​មើល​ចាំ​ត្រង​យក​ក្រុម​តារា​ចម្រៀង ដែល​ប្រឡង​ធ្លាក់​កម្មវិធី​ប្រកួត​ប្រជែង​នានា តួយ៉ាង​ដូចជា​កម្មវិធី​ប្រឡង​ប្រជែង​នៅ​ទូរទស្សន៍​ហង្សមាស​នាពេល​កន្លងមក រួម​មាន​ដូចជា​កម្មវិធី The Voice Cambodia កម្មវិធី Cambodian Idol និង​កម្មវិធី X Factor Cambodia ជាដើម៕