ភ្នំពេញ៖ ស្ងាត់ៗ​នេះ ស្រាប់​តែ​តារា​សម្តែង​ស្រី​ ពិធីការិនី​ទូរទស្សន៍ និង​​​តារា​ម៉ូដែល​ មាន​រូប​ស្រស់​​ស្អាត សាច់​ស​ខ្ចី ​​ឈ្មោះ​ពិត គៀត បេឡា ហៅ​កញ្ញា ហ្វាហ្វា ​​​​​ដែល​មហាជន​ដឹង​ថា​ គឺ​ជា​គូស្នេហ៍​​របស់​តារា​ចម្រៀង​នាយ ចឺម ក៏​បង្ហើប​រឿង​​ខ្លួន​​​ត្រៀម​បង្ហាញ​វត្តមាន​ក្នុង​ភាពយន្ត​មួយ​ជិត​​ចាក់​បញ្ចាំង​តាម​ប៉ុស្តិ៍​ទូរទស្សន៍​ភីអិនអិន បង្ក​ភាព​ភ្ញាក់​ផ្អើល​។

យ៉ាង​​ណា​​សម្រាប់​​វត្តមាន​ក្នុង​​ខ្សែ​ភាពយន្ត​ថ្មី​នោះ គេ​​មិន​ទាន់​ថា តារា​​​សម្តែង​ស្រី ពិធីការិនី​ និង​​​តារា​ម៉ូដែល ​​រូប​ស្រស់​ស្អាត សាច់​​ស​ខ្ចី កញ្ញា ហ្វាហ្វា បាន​តំណែង​ជា​តួឯក ឬ​តួ​រង​នោះ​ឡើយ ​ដោយសារ​តែ​ប្រព័ន្ធ​ទូរស័ព្ទ​​នាង​មិន​អាច​ទំនាក់ទំនង​​​បាន​​ ហើយ​​​​​បើ​តាម​រូប​ថត​បង្ហាញ​នៅ​លើ​បណ្តាញ​​​​សង្គម​នោះ ​ក៏​មាន​វត្ត​មាន​តារា​​សម្តែង​​ស្រី​​​សម្រស់​ស្អាត​ផូរផង់ ដែល​​បាន​​​អភិវឌ្ឍ​ខ្លួន​​​ចេញ​​​​​ពី​តារា​ម៉ូដែល និង​​អតីត​ជា​​កញ្ញា​ឯក​ចក្ក​វាឡ​​​​កម្ពុជា​ប្រចាំ ​២០១៨ ​គឺ​​កញ្ញា រឿន ណាត ផង​​ដែរ​​។ ខណៈ​​កញ្ញា ហ្វាហ្វា គ្រាន់​តែ​​បាន​​​បង្ហោះ​​សារ​ខ្លី​​ថា៖ «រឿង​ផ្កា​ព្រៃ​ឆាប់ៗ​នេះ លើ​​កញ្ចក់​​​ទូរទស្សន៍​​ PNN!»។​

កញ្ញា ហ្វាហ្វា​ ​​​អតីត​ក៏​ធ្លាប់​ជា​​​បវរកញ្ញា​​តំណាង​​ឲ្យ​ជាតិ​​កម្ពុជា​ក្នុង​ការ​ប្រកួត ​Miss Cosmos World ​កាល​​ពី​ឆ្នាំ ​២០១៨ ផង​​​ដែរ ដោយ​​​​បាន​ជាប់​​​​ត្រឹម​វគ្គ​​ជម្រុះ​ Top8 Miss Cosmos World 2018 ហើយ​នា​​ពេល​​​ថ្មីៗ​នេះ នាង​​​បាន​​​ប្រកាស​​​ពី​​ក្តី​ប្រាថ្នា​ធំ​​ខ្លួន​ស្រឡាញ់​ពី​ក្មេង​​ចង់​​ក្លាយ​ជា​តំណាង​កញ្ញាឯក​ចក្កវាឡ​កម្ពុជា​​ប្រចាំ​នៅ​ឆ្នាំ ២០២០ នេះ​ដែរ។​​

កញ្ញា ហ្វាហ្វា ដែល​ជា​បុប្ផា ១ ទង ​ដែល​មាន​​​​សម្រស់​ស្រស់​ស្អាត​ សាច់​​ស​ខ្ចី ស្រុក​កំណើត​​នៅ​កៀនស្វាយ វ័យ ​២៣ ឆ្នាំ​រូប​​​នេះ​​ ក៏​ធ្លាប់​បង្ហើប​​ថា​៖ «​ចាស!​ ​នេះ​ជា​​ការ​ពិត​ណាស់!​ គឺ​​​ជា​​ក្តី​ស្រមៃ​ធំ​មួយ​​សម្រាប់​​​ខ្ញុំ ដែល​​​ធ្លាប់​មាន​ក្តី​​បំណង​​​តាំង​​ពី​ក្មេង​​មក ​ហើយ​វា​ជា​ក្តី​ស្រឡាញ់​​ខ្លាំង​​របស់​ខ្លួន​ដែរ​ ខណៈ​ឆ្នាំ​​កន្លង​​មក​នោះ​ ដោយ​មិន​​មាន​​​ពេល​គ្រប់គ្រាន់​សម្រាប់​ប្រកួត​ប្រជែង​​នៅ​ក្នុង​​កម្មវិធី​បវរកញ្ញា​​​​ចក្កវាឡ​នោះ ទើប​នាង​ខ្ញុំ​មិន​​បាន​ដាក់​ពាក្យ​ចូល​ប្រកួត​ ហើយ​​ឆ្នាំ​នេះ ​ក៏​មាន​​​ការ​​តាំង​ចិត្ត​ដាក់​​ពាក្យ​ចូល​ប្រកួត​ឲ្យ​បាន ដើម្បី​​ផ្តល់​ឱកាស​ខ្លួន​ឯង​ដើរ​លើ​ផ្លូវ​ ដែល​ខ្លួន​ចូល​ចិត្ត​ និង​​​​​ចង់​ដឹង​​ពី​សមត្ថភាព​​ខ្លួន​​សម្រាប់​ការ​​​ប្រកួត​មួយ​នេះ​។

ដូច្នេះ​ទោះបី​រវល់​យ៉ាង​ណា ក៏​ត្រូវ​លៃលក​សម្រាប់​ការ​​ប្រកួត​​​​​​បវរ​កញ្ញា​ចក្រវាឡ​ឆ្នាំ ២០២០ ​​នេះ​ដែរ ហើយ​ខ្លួន​ឯង​​​​ក៏​មាន​ក្តី​សង្ឃឹម​ជឿ​ជាក់​លើ​​ខ្លួន​ឯង​​ ដើរ​លើ​វិថី​សិល្បៈ​​​​ដែល​​​ស្រឡាញ់​តាំង​​ពី​ក្មេង​មក​នោះ​ផង»៕​