ភ្នំពេញៈ បង្ក​ការ​ភ្ញាក់​ផ្អើល​មហាជន​សា​ជា​ថ្មី​​​ ខណៈ​​​ស្រាប់​តែ​តារា​ចម្រៀង​ស្រី​សំឡេង​ស្រទន់ ​កញ្ញា ឈិត សុវណ្ណបញ្ញា បាន​បង្ហោះ ​Status បង្ហាញ​​បទ​ចម្រៀង​ថ្មី​បទ «Crush» ​ដែល​វីដេអូ MV trailer មាន​ឈុត​នាង​ទេព​មច្ឆា ​​​​ដោយ​សម្រស់​ផូរផង់​របស់​ខ្លួន​នោះ។​​

នា​មួយ​រយៈ​ចុង​ក្រោយ​នេះ​​ ​​ទស្សនិក​ជន​​សម្គាល់​ឃើញ​ថា​ ហាក់​ដូចជា​បាត់​មុខ​​សូន្យ​​​ឈឹង​​ពី​វិថី​សិល្បៈ ​ជា​ពិសេស​នោះ ​​គឺ​មិន​សូវ​​ឃើញ​​ចេញ​បទ​ចម្រៀង​ថ្មី​សោះ​ឡើយ​ ​ក្រោយ​ពី​ពេល​​នាង​បាន​​ប្ដូរ​ទ្រនំ​ផលិតកម្ម​ពី​ហង្សមាស​មក​​ទ្រនំ​ថោន​​។​

ក្រោយ​ពី​ស្ងាត់​​ពី​សិល្បៈ​មួយ​​ខ្យល់​ធំ​រួច​មក ​ស្រាប់​តែ​កញ្ញា ឈិត សុវណ្ណបញ្ញា បង្ហើប​ឲ្យ​ដឹង​ថា​ នឹង​ត្រៀម​ចេញ​បទ​ថ្មី ខណៈ​​​ទស្សនិក​ជន​សង្ស័យ​ដែរ​ថា​ ហេតុ​​អ្វី​​​បទ​ថ្មី​របស់​នាង​ចេញ​ក្នុង​ផលិតកម្ម DitWay Nation របស់​តារា​ចម្រៀង​រ៉េប លោក ងូន ចាន់​ដេវីត ទៅ​​វិញ​​។

ពី​បណ្តាញ​សង្គម​អ៊ីនស្តាក្រាម របស់​តារា​ចម្រៀង កញ្ញា ឈិត សុវណ្ណបញ្ញា បាន​បង្ហោះ​​រូប ១ សន្លឹក ដែល​មាន​​​ចំណង​ជើង​បទ​ថា «Crush» គឺ​បទ​ចម្រៀង​ថ្មី​ដែល​ត្រៀម​​ចេញ​ឆាប់ៗ​នេះ ដោយសារ​ថា៖ «រង់ចាំ​បទ​ថ្មី​របស់ កញ្ញា ឈិត សុវណ្ណបញ្ញា ក្នុង channel YouTube DIT WAY នៅ​ថ្ងៃ​ស្អែក​​ម៉ោង ​៧ យប់»។

យ៉ាង​ណា​មិញ គេ​មិន​ទាន់​ដឹង និង​មិន​អាច​សុំ​ការ​បញ្ជាក់​បាន​​នៅ​​ឡើយ​ទេ​ថា តារា​ស្រី​ប្រជាប្រិយភាព​​មធ្យម​​កញ្ញា​ ឈិត សុវណ្ណបញ្ញា នឹង​ផ្លាស់​ប្ដូរ​ទ្រនំ​ថ្មី​​ទៀត​ដោយ​មក​ធ្វើ​ជា​តារា​ចម្រៀង​នៅ​ក្នុង​ផលិតកម្ម​​ DitWay Nation របស់​​លោក​ ងួន ចាន់ដេវីត​ ឬ​ក៏​យ៉ាង​ណា​នោះ​ទេ​ដោយ​ប្រព័ន្ធ​ទូរស័ព្ទ​នាង​តេ​ចូល​គ្មាន​អ្នក​លើក​​​កាល​ពី​​ម្សិលមិញ។​

តែ​គេ​ក៏​ឃើញ​សារ​ចុង​​ក្រោយ​មួយ​ទៀត​របស់​តារា​ចម្រៀង​ស្រី​ ដែល​​បាន​ឆ្លៀត​បើក​មុខ​​ក្រៅ​សិល្បៈ​គឺ​ ​ហាង​​​អាហារដ្ឋាន​​មួយ​មាន​​​ឈ្មោះ​ថា​ «​បឹងហ្គាឡូ​» កាល​ពី​ប៉ុន្មាន​ខែ​​កន្លង​មក​​ដែរ​ថា៖ «នឹក​ បញ្ញា អត់? បើ​នឹក​​កុំ​ភ្លេច​ថ្ងៃ​ស្អែក​ណា នឹក​អ្នក​ទាំង​​អស់​គ្នា​ណាស់!​» និង​សារ​ថា៖ «សួស្តី​ ហ្វេន​បង ​បញ្ញា ទាំង​អស់​គ្នា! ​Video នេះ​ វា​គ្រាន់​តែ​ជា​ការ​ទំនេរ​ពី​ការ​ដើរ​លេង​ ក៏​ផ្តិត​រូប​បង្កើត​ជា MV ចែក​ហ្វេន​មើល​លេង​កម្សាន្ត​ អ្នក​ណា​​នឹក អ្នក​ណា​ស្រឡាញ់ បង​បញ្ញា ខ្លះ​ជួយ​ចែក​​​រំលែក​ផង​ណា! គឺ​បទ​នេះ​សម្រាប់​អ្នក​​ដែល​ពូកែ​ខាង ​Crush ​គេ!​»​។

ចាប់​តាំង​ពី​ចាកចេញ​ពី​ទ្រនំ​​ហង្សមាស​ទៅ​​ទ្រនំ​ថ្មី​ថោន ​​​ប្រមាណ​ជាង ​២ ឆ្នាំ​​ ទោះបី​ជា​​​ទីផ្សារ​សិល្បៈ​​តារា​ចម្រៀង​​ស្រី​សំឡេង​​ស្រទន់​ដែល​​មាន​មុខ​មាត់​កូន​កាត់​ចិន​កញ្ញា ​ឈិត សុវណ្ណបញ្ញា​ ហាក់​​មិន​សូវ​ជា​កាក់កប​មែន​ក្តី តែ​កញ្ញា​ក៏​ស្រវា​បើក​ហាង​អាហារដ្ឋាន​មួយ​មាន​​ឈ្មោះ ​«​បឹង​ហ្គាឡូ​» ឲ្យ​មហាជន​ភ្ញាក់​ផ្អើល​កន្លង​មក​ដែរ៕