ភ្នំពេញៈ ខណៈ​មហាជន​បាន​ជ្រាប​ហើយ​ថា លោក ដួង សុខគា គឺជា​ពិធីករ​ពូកែ​ខាង​វោហារ​ស័ព្ទ​បែប​កំប្លុកកំប្លែង​ស្ងួត និង​តារាចម្រៀង​ចាប៉ីដងវែង ច្រៀង​អាយ៉ៃ​ឆ្លើយឆ្លង​ក៏​ជា​តារា​ចម្រៀង​ប្រពៃណី​ច្រៀង​កាត់សក់​នៅ​ពិធី​ថ្ងៃ​សិរី​មង្គល​នានា តែ​ថ្មីៗ​នេះ​ក៏​ស្រាប់តែ​លេច​វត្តមាន​នៅក្នុង​វង់​ល្ខោនបាសាក់​មួយ​បង្ក​ការភ្ញាក់ផ្អើល​សាជាថ្មី​។

ក្នុង​ឈុត​ជា​តួល្ខោន​បាសាក់ លោក ដួង សុខគា ក៏បាន​បន្លឺ​សារ​ឡើង​ថា​៖ «​ខ្ញុំ​ចង់ គឺ​ខ្ញុំ​ប្រឹង​! អរគុណ​បងៗ (​ភីសុគន្ធី​) ដែល​ជួយ​ណែនាំ ទោះ​ខ្ញុំ​មាន​កំហុស​ខ្លះៗ ក៏​បងៗ​នៅ​តែ​លើក​ទឹក​ចិត្ត​ដដែល​! នេះ​មិនមែន​ជា​អាជីព​ទេ​! សង្ឃឹម​ថា​ថ្ងៃក្រោយ​បងប្អូន​អាច​កុម្ម៉ង់​តួ​បាន​! ខិខិ ពេញចិត្ត​នឹង​ការងារ​នេះ​ណាស់​!»​។

រំពេច​នោះ​ក៏​មាន​ការលើក​ឡើង​ពី​មហាជន​ភ្លាម​ថា​៖ «​អីយ៉ា​!​តើ​លោក ដួង សុខគា គ្រាន់តែ​ជា​ការថត​សម្តែង​ល្ខោន​បាសាក់​ក្នុង​កម្មវិធី​ទូរទស្សន៍ ឬ​ក៏​លោក​ពិតជា​បន្ថែម​នូវ​អាជីព​ជា​តួល្ខោន​បាសាក់​មួយ​ទៀត​មែន​?»​។

ពិធីករ​ដ៏ល្បី​ទាំង​មាន​ទេពកោសល្យ និង​ពូកែ​វោហារស័ព្ទ ដួង សុខគា ក៏​តបត​ទៅ​នឹង​សំណួរ​ពី​មហាជន​ជា​អ្នកគាំទ្រ​លោក​ខាង​លើ​តាមរយៈ​ការបង្ហើប​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ឲ្យ​ដឹង​ពី​រឿង​លេច​វត្តមាន​ក្នុង​វង់​ល្ខោនបាសាក់​ថា​៖ «​អូ​!​តាមពិត​ទៅ​ខ្ញុំ​ពិតជា​បាន​សម្តែង​ល្ខោនបាសាក់​មែនទែន​កាលពី​រាត្រី​ម្សិលមិញ​ក្នុង​ពិធីបុណ្យ​ឆ្លងស្ពាន​មួយ​នៅ​តាម​ខេត្ត​ក្នុង​វង់​ល្ខោន​ភីសុគន្ធី​។ ដោយសារ​គេ​ដឹងថា ខ្ញុំ​ចូលចិត្ត និង​ស្រឡាញ់​វិស័យ​ល្ខោនបាសាក់​នេះ ហើយ​នៅពេល​នោះ​ក្រុម​គាត់​ខ្វះ​តួសម្តែង​ប្រុស​មួយ​ក៏​សួរនាំ​ខ្ញុំ​ឲ្យ​ទៅ​លេង​។ ខ្ញុំ​ក៏​ព្រម​ទៅ​លេង​តែ​ម្តង​ទៅ​គឺ​ដើរ​តួឯក​ប្រុស​ផ្នែក​ជា​តួអង្គ​បែប​វ័យចាស់​»​។

ពិធីករ​ដ៏ល្បី​ដោយសារ​មហាជន​ខ្មែរ​គាំទ្រ​ច្រើន​តាមរយៈ​ទេពកោសល្យ​នៃ​ការប្រើ​សូរស័ព្ទ​ពូកែ​វោហារស័ព្ទ និង​មាន​ភាព​លេចធ្លោ​ខ្លាំង​ជា​លើកដំបូង នៅក្នុង​កម្មវិធី​កម្សាន្ត​ទូរទស្សន៍ CTN ឈ្មោះ «​សុខគា លក្ខិណា ប៊ីអាយជី​» កម្មវិធី «​សំណើច​តាម​ភូមិ​» កម្មវិធី «​ផ្ទះ​អ្នកតា​» និង​កម្មវិធី​ប៉ុស្តិ៍​ទូរទស្សន៍ My TV ឈ្មោះថា «​ប្តី​ខ្ញុំ​ខ្លាំង​» ចាប់​ដៃគូ​ជាមួយ​ពិធីការិនី​ចាស់វស្សា គង់ សុជាតិ នោះ​បាន​បន្ត​ថា​៖ «​តាមពិត​ទៅ​ពី​មុន​មក​ក៏​ខ្ញុំ​ធ្លាប់​លេងល្ខោន​បាសាក់​ដែរ តែ​ដោយសារ​មួយរយៈ​ក្រោយ​មក​ជាប់រវល់​តែ​ខាង​ចម្រៀង​ប្រពៃណី ពិធីករ​ទូរទស្សន៍ និង​វិទ្យុ​នោះ​ទើប​ខ្ញុំ​ខាន​បាន​លេង​។ ព្រោះ​តែ​ការស្រឡាញ់​ចូលចិត្ត នាពេល​នេះ​ក៏​ចង់​សាក​ឡើង​វិញ​ដែរ ប្រសិន​បើ​បងប្អូន​ពុក​ម៉ែ គាំទ្រ​ការសម្តែង​របស់​ខ្ញុំ ហើយ​ប្រសិន​បើ​មាន​សំណូមពរ​ចង់​ឲ្យ​រូបខ្ញុំ​ទៅ​សម្តែង​តាមរយៈ​វង់​ល្ខោន​នានា​ដូចជា ក្រុម​ល្ខោន​បាសាក់​ភីសុគន្ធី​ក្តី និង​តាម​ក្រុម​នាយ​ផ្លយ​ក្តី ឬ​ក្រុម​ល្ខោន​ផ្សេងៗ​ទៀត​ក៏ដោយ​គឺ ខ្ញុំបាទ​សប្បាយចិត្ត​រីករាយ ហើយ​នឹង​ឆ្លៀត​លៃលក​ពេល​តាម​ការគួរ​ជា​មិន​ខាន​នោះ​ឡើយ​»​។

តារាចម្រៀង​ប្រុស​ប្រពៃណី និង​ពិធីករ​ដ៏ល្បី​មាន​ទេពកោសល្យ ពូកែ​ខាង​វោហារស័ព្ទ​លោក ដួង សុខគា ក៏​បញ្ជាក់បន្ថែម​ពី​ចំណូលចិត្ត​ក្នុង​ការសម្តែង​ល្ខោនបាសាក់​នេះ​ដែរ​ថា​៖ «​បាទ​!​ខ្ញុំ​ក៏​មិន​ហ៊ាន​អះអាង​ថា​រូបខ្ញុំ​មាន​ភាព​ទាក់ទាញ​ពី​មហាជន​រហូត​ចង់​បាន​វត្តមាន​ខ្ញុំ​ទៅ​សម្តែង​ក្នុង​វង់​ល្ខោន​នោះ​ទេ​! តែ​ប្រសិន​បើ​អាច​មែន​នោះ គឺ​ខ្ញុំ​ពិតជា​ត្រេកអរ​ទៅ​នឹង​ការសម្តែង​ទម្រង់​សិល្បៈ​បែប​បុរាណ​មួយ​នេះ​ផងដែរ និង​ជា​ការរួមចំណែក​រក្សា​មរតក​វប្បធម៌​ផង​»៕