ភ្នំពេញៈ ទើប​តែ​ផ្អើល​រឿង​តារាសម្តែង​សិចស៊ី កញ្ញា ដេននី ក្វាន់ ដែល​បង្ហោះ​រូប​ឡាន​ទំនើប​ថ្មី​សន្លាង ១ ​គ្រឿង​ដែល​ទើប​ទិញ​ម៉ាក​ឡង់គ្រីស័រ​ពណ៌​ខ្មៅ​ស៊េរី ឆ្នាំ​ ២០១៨ មាន​តម្លៃ​ក៏​មិន​ក្រោម ២០ ​ម៉ឺន​ដុល្លារ​កាល​ចុង​ឆ្នាំ​មុន​នោះ​សោះ​ក៏​ស្រាប់​តែ​ពេល​នាង​បង្ហើប​រឿង​ថ្មី​បើករបរ​រកស៊ី​ម៉ូតែល​បង្ក​ការភ្ញាក់ផ្អើល​សាជាថ្មី​។

ការបង្ហើប​ឲ្យ​ដឹង​ពី​ការប្រកប​មុខរបរ​រកស៊ី​ថ្មី​សន្លាង​នេះ​ត្រូវ​បាន​គេ​ដឹង​ដោយសារ​តែ​តារាសម្តែង​ស្រី​សិចស៊ី​ដែល​ទើប​តែ​រួច​ផុត​ពី​ការពិន័យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ១ ​ឆ្នាំ​ដោយសារ​តែ​ចំហាយ​នៃ​ការបង្ហាញ​ភាព​សិចស៊ី​តាម​បណ្តាញ​សង្គម​គឺ​កញ្ញា ដេននី ក្វាន់ សរសេរ​ប្រាប់​បែប​ដូចជា​ទើប​តែ​មាន​កំហឹង​នឹង​អ្នក​ណាម្នាក់​ដៀល​នាង​រួច​ថា​៖ «​មនុស្ស​ដូច​ខ្ញុំ​គេ​ដៀល​ថា​អន់ គេ​ថា​ខ្ញុំ​ក្រ ត្រូវ​ហើយ​ព្រោះ​ខ្ញុំ​គ្មាន​លទ្ធភាព​ឯណា​ទៅ​ទិញ​ពេជ្រ​តម្លៃ​រាប់ម៉ឺន​ដុល្លារ ទិញ​ឡាន 570 តម្លៃ​ថ្លៃៗ​ដូច​គេ​ទេ សម្រាប់​ខ្ញុំ​គឺ​មាន​លទ្ធភាព​ត្រឹម​បើក​ម៉ូតែល​ផ្ទាល់​ខ្លួន​នៅ​ខេត្ត​ដែល​ជា​លុយ​ចេញ​ពី​កម្លាំង​ញើស​ឈាម​ផ្ទាល់​មិន​បាន​ទៅ​ពឹង​ផ្អែក​លើ​នរណា​ម្នាក់​។ សម្រាប់ ដេននី ខ្វាន់ គឺ​រស់នៅ​ក្នុង​ភាព​ជា​ការពិត មិនមែន​ក្លែងក្លាយ​ក្រ​ដឹង​ក្រ​មាន​ដឹង​មាន​អរគុណ​សម្រាប់​ការមើលងាយ ព្រោះ​តែ​ពាក្យ​មើលងាយ​របស់​អ្នក​ហ្នឹង​ហើយ​ដែល​ធ្វើឲ្យ​ខ្ញុំ​មាន​ថ្ងៃនេះ​!»​។

គ្រាន់តែ​ឃើញ​រូប​បណ្តុំ​រូបថត​នៃ​ប្លង់​ម៉ូតែល​ត្រួសៗ​របស់​កញ្ញា ដេននី ក្វាន់ ភ្លាម ក៏​ធ្វើឲ្យ​មហាជន​ចូលចិត្ត​តាមដាន​ពី​ជីវិត​ឯកជន​តារា​ស្រី​សិចស៊ី​រូប​នេះ បន្លឺ​ថា​៖ «​អីយ៉ា​!​ដេននី ក្វាន់ អស់​ពី​ទិញ​ឡាន​ថ្មី​ចុង​ឆ្នាំ​ ២០១៨ ដើម្បី​ខ្លួនឯង​សោះ ឥឡូវ​មក​ថា​នាង​មាន​លទ្ធភាព​បើក​ម៉ូតែល​ដោយ​ប្រើ​លុយ​ផ្ទាល់​ខ្លួន​ទៀត​។

តើ​ការបើក​មុខរបរ​ថ្មី​នេះ​មិន​មាន​ចំណែក​ចូលរួម​ពី​គូស្នេហ៍​របស់​នាង​គឺ​លោក ចាន់ មករា ដែល​ជា​ម្ចាស់​ហាង​លក់​ឡាន​ឈ្មោះ CMR ទេ​ឬ​?»​។

ទោះ​ជា​យ៉ាងណា​ការបើករបរ​ថ្មី​នោះ​ត្រូវ​ចំណាយ​អស់​ប្រាក់​ប៉ុន្មាន និង​មាន​ទំហំ​ផ្ទៃដី​ប៉ុន្មាន​ហិកតា និង​ប្រើពេល​ប៉ុន្មាន​ឆ្នាំ​ហើយ​ទើប​បាន​លេចចេញ​ជា​គម្រោង​បើក​មុខរបរ​មួយ​នេះ​ឡើង​នោះ មិន​ត្រូវ​បាន​បកស្រាយ​ផ្ទាល់​ពី​តារា​សម្តែង​ស្រី សាច់​សខ្ចី​ល្វក់ ចូលចិត្ត​បង្ហាញ​ដើមទ្រូង​ដ៏សិចស៊ី​កញ្ញា ដេននី ក្វាន់ ឡើយ​ដោយសារ​ប្រព័ន្ធ​ទូរស័ព្ទ​របស់​នាង ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នក​លើក​។

តែ​បើ​តាម​ការ​បង្ហើប​ប្រាប់​ខ្លះៗ​ពី​គូស្នេហ៍​របស់​នាង​លោក ចាន់ មករា នោះ​ឲ្យ​ដឹងថា​៖ «​ម៉ូតែល​នោះ​គឺជា​ការប្រើ​លុយ​របស់​គាត់​ផ្ទាល់​ក្នុង​ដំណើរ​រកស៊ី ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត​ព្រះវិហារ​ដែល​ជា​ស្រុកកំណើត​របស់​គាត់ [​ដេននី ក្វាន់​] តែ​ដោយសារ​ពេល​នេះ​ទើប​តែ​ដំណើរការ​បាន​ប្រមាណ​ត្រឹម​តែ​ចំនួន ៦០ ភាគរយ​ប៉ុណ្ណោះ យើង​សុំ​មិន​ទាន់​ធ្វើការ​បរិយាយ​អ្វី​ទៅ​លើ​រឿង​នេះ​ឡើយ សូម​ចាំ​ទៅ​ដល់​ពេល​ពួកយើង​សម្រេច​បាន​នូវ​គម្រោងការ​នោះ​បាន ១០០ ភាគរយ​សិន​នឹង​ជម្រាប​ប្រាប់​គ្រប់​រឿង​តែ​ម្តង​ដូចជា​ការចំណាយ​ប្រាក់​អស់​ប៉ុន្មាន​ជាដើម​»៕