ភ្នំពេញ៖ កាន់តែបង្កការភ្ញាក់ផ្អើល និងចង់ដឹងការពិតយ៉ាងខ្លាំង បន្ទាប់ពីល្បីថា តារាស្រីមានរាសីឡើងកូដក្រឺតៗក្នុងការសម្តែងភាពយន្តដែលភាគច្រើនសម្តែងតួឯកក្នុងភាពយន្តខ្នាតធំ កញ្ញា ឌុច លីដា មកធ្លាយការសម្ងាត់ខ្លួនឯងជុំវិញរឿងមានកូន ខណៈរូបនាងនៅពុំទាន់បានចូលរោងជ័យរៀបមង្គលការនៅឡើយនោះ។
តារាសម្តែងស្រី ដែលឡើងកូដខ្លាំងក្នុងពិភពសម្តែងភាពយន្តខ្នាតធំ ជាពិសេសនោះ នាងធ្លាប់ត្រូវបានអ្នកទស្សនាបញ្ជាក់ឲ្យដឹងថា នាងហ៊ានថតស្រាតបញ្ចេញនូវសាច់ល្វែងលើពិតៗ ដោយសារតែនាងទទួលបានតម្លៃខ្លួនយ៉ាងខ្ពស់នៅក្នុងការប្រជែងយកតំណែងតួឯកស្រីក្នុងភាពយន្តខ្នាតធំបំផុតរបស់ខ្មែរ គឺរឿង «ស្បែកគង់» ដែលចំណាយទុនវិនិយោគដល់ ៦៨ ម៉ឺនដុល្លារ និងក្រោយមកល្បីមួយប៉្រាវទៀតជាមួយការសម្តែងលែងកាយក្នុងកុនដុំក្រោយគឺរឿង «នារីវេទមន្ត» នោះ ក៏ស្រាប់តែមកបែកធ្លាយរឿងមានកូនប្រុសម្នាក់គួរឲ្យស្រឡាញ់ម្នាក់ ដែលទើបតែសម្រាលប៉ុន្មានខែ មិនគួរឲ្យជឿ។
បើទោះបីជាការពិតថា តារាសម្តែងស្រីមានរាងតូចច្រឡឹង ចង្កេះអង្ក្រងសម្បូរមន្តស្នេហ៍រយពាន់កញ្ញា ឌុច លីដា មិនទាន់បានបកស្រាយ ដោយបើកចំហនៅឡើយនោះទេ ខណៈភ្នំពេញប៉ុស្តិ៍ក៏មិនអាចទាក់ទងតាមទូរស័ព្ទ ដើម្បីសុំការបញ្ជាក់ថា តើកូនប្រុសនោះ ពិតជាកូននាងមែន និងឪពុករបស់កូននេះ ជានរណាផងដែរ ដោយសារទូរស័ព្ទតេចូលតែបែរជាគ្មានអ្នកទទួល។
តែបើផ្អែកតាមសារជាច្រើនរបស់កញ្ញា ឌុច លីដា នៅឯតាមបណ្តាញសង្គមហ្វេសប៊ុក និងការព្រលយឲ្យដឹងពីប្រភពនៃអ្នកតាមប្រមាញ់ជីវិតឯកជនរបស់តារាស្រីល្បីខាងហ៊ានសម្តែងស្រាតក្នុងមួយរយៈពេលចុងក្រោយនេះ បានឲ្យដឹងថា កញ្ញា ឌុច លីដា គឺពិតជាមានកូនមែន ដោយសារតែសំអាងនូវពាក្យគេលើកឡើងស្របគ្នាថា៖ «មួយរយៈពេលចុងក្រោយនេះ ឌុច លីដា មិនត្រឹមតែស្ងាត់ក្នុងទីផ្សារកុនទេ គឺហាក់ដូចជារាងបែកសាច់ទៀតផង!»។
កាន់តែគួរឲ្យកត់សម្គាល់ និងឆ្លុះបញ្ចាំងការពិតបន្ថែមទៀតនោះ គឺសារទាំងឡាយដែលតារាស្រីរូបនេះ បានសរសេរខ្លីៗអមជាមួយរូបថតរបស់ទារក ដែលមានវ័យក្រោម ១ ខួប ជារៀងរាល់ថ្ងៃ ដោយប្រើភាសាហៅក្មេងនោះថាជាកូនពេញៗមាត់តែម្តង។
កញ្ញា ឌុច លីដា សរសេរថា៖ «ថ្ងៃហ្នឹងម៉ាក់ឲ្យអូនលេងទឹក មុខខ្លាំងជាងមុនទៀត! អរគុណដល់អ្នកទាំងអស់់គ្នាសម្រាប់ការជូនពរអូន និងម៉ាក់អូន!៕