ភ្នំពេញ៖ ទើបបកស្រាយរឿងផ្ទុះការសង្ស័យលើការកែសម្ផស្ស និងមានម្ចាស់ចិត្តថ្មីសោះ ស្រាប់តែកញ្ញា នី មុនីនាថ បង្ហើរសារ ១ ឃ្លាបង្ហើបរឿងខ្លួន កំពុងតែរកពេលនៃការដំណើរការបើកមុខរបរថ្មី ក្រៅពីសិល្បៈបន្ថែមទាក់ទាញចំណាប់អារម្មណ៍មហាជនម្តងទៀត។
អមដោយរូបភាពមានសម្រស់ស្អាត បង្ហាញសាច់មុខស្រស់ក្នុងកាយវិការបិទភ្នែក និងសាច់ស្អាត ១ ប៉ុស្តិ៍នោះ ក៏បង្ហើរសារថា៖ «មុខរបរថ្មីសម្រាប់នាងខ្ញុំ ជិតមកដល់ហើយបងប្អូន សូមជួយគាំទ្រផងណាចាស!»។
ជារឿយៗតារាសម្តែង និងពិធីការិនី រូបស្រស់ ដែលជាប់រហស្សនាម «តារាស្រីទឹកភ្នែក» កញ្ញា នី មុន្នីនាថ តែងតែមានការបកស្រាយបែបបង្វែងដានជានិច្ច និងភាគច្រើនឆ្លើយថា ជាសារបានដកស្រង់ចេញពីប៉ារ៉ូលកុនខ្លួនតែប៉ុណ្ណោះ។
តាមទម្លាប់ និងការកត់សម្គាល់នោះ ក្រុមសិល្បករ-ការិនី ច្រើនតែនិយមបើកមុខរបរខាងក្រៅសិល្បៈរបស់ខ្លួននោះដូចជា បើកសម្អាងការគ្លីនិក ឬហាងលក់ផលិតផលរក្សាសម្ផស្សជាដើម ខណៈតារាស្រីដែលមានសម្រស់ប្រែប្រួលជាងមុន នី មុន្នីនាថ ក៏ទំនងជាមានមុខរបរថ្មីជិតបើកសម្ពោធនោះដូចគ្នាដែរហើយ បើតាមមើលទៅ។
ទោះបីជាយ៉ាងណា ក៏ភ្នំពេញប៉ុស្តិ៍ មិនអាចសុំការបកស្រាយពីសំណាក់កញ្ញា នី មុន្នីនាថ បានឡើយ ចំពោះគម្រោងបើកមុខរបរថ្មីដែលនាងថា ជិតមកដល់តាមសារក្នុងហ្វេសប៊ុកនោះឡើយ ដោយសារប្រព័ន្ធទូរស័ព្ទរបស់នាងមិនអាចទំនាក់ទំនងបានថ្មីៗនេះ។
ដោយឡែកមុននេះបន្តិចតារាសម្តែងស្រី ដែលធ្លាប់ល្បីក្នុងរឿងតតាំងក្តីជាមួយនឹងអតីតគូស្នេហ៍ឆ្លងទ្វីប ដែលបច្ចុប្បន្នបានស្ងប់បាត់ទៅហើយនោះ បានបង្ហោះសារឲ្យមហាជនយល់ថា រូបនាងកំពុងតែមានម្ចាស់ស្នេហ៍ថ្មីមកស្អំបេះដូងខ្លួនតាមរយៈចំណងស្នេហ៍ខ្សែក ១ ជូននាង ដែលនាងតែងនឹករឭកជាពន់ពេករហូតមក។
ខណៈសារនោះនាងសរសេរបង្ហោះថា៖ «អរគុណ ដែលនៅក្នុងជីវិតរបស់ខ្ញុំ គ្រប់ពេលវេលា! នេះហើយជាសេចក្តីសុខ សម្រាប់ជីវិត» និងសារថា៖ «ម្ចាស់ខ្សែក នេះហើយគឺជាម្ចាស់បេះដូង ជាកែវភ្នែករបស់ខ្ញុំ»។
កញ្ញា នី មុនីនាថ ក៏នៅមិនទាន់បានសារភាពច្បាស់លាស់ឡើយថា តើម្ចាស់ខ្សែកដែលជាម្ចាស់បេះដូង និងកែវភ្នែករបស់នាងមែនឬអត់? ខណៈប្រាប់ភ្នំពេញប៉ុស្តិ៍គ្រាន់តែបានបកស្រាយបែបបង្វែងដានដូច្នេះថា៖ «សារនោះគឺជាប៉ារ៉ូលកុនតែប៉ុណ្ណោះ ហើយខ្ញុំក៏តែងតែបង្ហោះលេងនៅតាមហ្វេសប៊ុក ក្រោយពីថតរូប។ សព្វថ្ងៃនេះ ខ្ញុំមានអ្នកតាមស្រឡាញ់ច្រើនណាស់ គ្រាន់តែខ្ញុំមិនទាន់សម្រេចទទួលយកស្នេហាពីអ្នកណាម្នាក់នៅឡើយទេ»៕