ភ្នំពេញ៖ អតីត​បេក្ខនារី​ប្រឡង​កម្មវិធី​​ The ​Voice Cambodia ​នា​រដូវ​កាល​ទី២ ឆ្នាំ ​២០១៦ កញ្ញា រ៉េត ស៊ូហ្សាណា ស្រីស្រស់​​​វ័យ​ក្មេង​សម្រស់​កាន់​តែ​ស្រស់​សោភា ​កាក់កប​នឹង​​ទីផ្សារ​ឡើង​ច្រៀង​​ឆាក​តន្ត្រី​តាម​ខេត្ត​ជាប់​យ៉ាង​រដឹក ​មមាញឹក​​​​​កើប​​លុយ​ដុំ​នឹង​អាជីព​ថត​ស្ប៉ត​ពាណិជ្ជកម្ម និង​ជា​តារា​​ទូត​សុច្ឆន្ទៈ​នៃ​ផលិតផល​នានា​ជាច្រើន​ បង្កើត​​ភាព​​ភ្ញាក់​ផ្អើល​ដោយ​​បាន​បង្ហាញ​ផ្ទះ​វីឡា​ សាងសង់​ជិត​រួច​ជា​សមិទ្ធផល​ក្រោយ​ពី​​​ប្រឡូក​​​​សិល្បៈ​កាល​ពី​​​​វ័យ​ ១៦ ឆ្នាំ​។

តារា​ចម្រៀង និង​តារា​សម្តែង​ស្រី​​នៅ​ផលិតកម្ម​ហង្សមាស​កញ្ញា រ៉េត ស៊ូហ្សាណា ដែល​មាន​រូប​សម្ផស្ស​កាន់​តែ​ស្រស់​ស្អាត រាង​ស្រឡូន​ជាង​មុន ដែល​ជា​អតីត​​ជា​សិស្ស​រៀន​នៅ​សាលា​អន្តរជាតិ​សិង្ហបុរី (SIS) និង​ជា​កូន​​ក្រុម​​របស់​ ឱក សុគន្ធកញ្ញា ជា​គ្រូបង្វឹក​នៃ​កម្មវិធី The Voice Cambodia​ រដូវកាល​ទី២​ គ្រាន់​តែ​ចូល​ដល់​​ឆ្នាំ​ថ្មី ​២០២១ រំលង​បាន​ប៉ុន្មាន​ថ្ងៃ​សោះ ក៏​បង្ហោះសារ​តាម​​​អ៊ីនស្តាក្រាម​ថា៖ «​ម៉ាក់ប៉ា​​ប្រាប់​ថា ​កូន​​ខំ​ឱ្យ​​ហើយ​ទៅ ទាន់​នៅ​ក្មេង​​ក្រែង​ចាស់​ទៅ​សំណាង! ការ​​ខិតខំ​​​តាំង​​ពី​អាយុ ១៦ ឆ្នាំ​ រហូត​ដល់​​​ពេល​នេះ បាន​ចេញ​​ជា​រូបរាង​​បណ្ដើរ​ហើយ​! See you soon in 2021 baby!»។​

គ្រាន់​តែ​ឃើញ​សារ​បង្ហោះ​រូប​ផ្ទះ ​២ ​ជង់ ​មាន​កម្ពស់​ ២ ជាន់ របស់​តារា​កញ្ញា រ៉េត ស៊ូហ្សាណា​ មិន​ត្រឹមតែ​​មហាជន​ជា​អ្នក​គាំទ្រ​ទេ​​ ដែល​​​ផ្ទុះ​​​ការកោត​សរសើរ​ដោយ​​​ភ្ញាក់​ផ្អើល ​ សូម្បី​តែ​អ្នក​សិល្បៈ​ដូចគ្នា​ ក៏​​លាន់​មាត់​សរសើរ​​ដែរ ចំពោះ​​សមិទ្ធផល ដែល​តារា​ចម្រៀង​​​ស្រី​វ័យ​​ ២០ ឆ្នាំ ​ជា​​តារា​ចម្រៀង​​ប្រចាំ​ផលិតកម្ម​ហង្សមាស​​រូប​នេះ​។

ប្រិយមិត្ត​អ្នក​គាំទ្រ​​បាន​កោត​សរសើរ​ថា៖ «អ៊ីយ៉ា! ​មិន​​នឹក​​ស្មាន​ថា ស្រី​​ស្រស់​វ័យ​​ក្មេង ជា​តារា​ចម្រៀង​ និង​សម្តែង​រលក​ក្រោយ រ៉េត ស៊ូហ្សាណា អាច​​សន្សំ​បាន​ប្រាក់​ពី​​សិល្បៈ​ប្រមាណ​ ​៣-៤ ឆ្នាំ ​សោះ​ ទិញ​ផ្ទះ​​វីឡា ​២ ជង់ កម្ពស់ ២ ជាន់​បាន!»។

ខណៈ​សូម្បី​តែ​តារា​សម្តែង​​ស្រី​ស្អាត ​កញ្ញា ស៊ីន យូប៊ីន ក៏​បាន​លាន់​មាត់​​សរសើរ​កញ្ញា​ រ៉េត ស៊ូហ្សាណា ភ្លាម​ដែរ​ថា​៖ «អូន​ជា​ក្មេង​ដែល​ពូកែ និង​ talented ជូនពរ​ឱ្យ​​ជោគជ័យ​អូន!»។​

ចំពោះ​ផ្ទះ​ ២ ​ជង់ កម្ពស់ ២ ​ជាន់ ដែល​​​បង្ហាញ​​ក្នុង​រូប ​អម​ដោយសារ​នោះ​ថា ​ជា​ប្រាក់​បាន​​ពី​កម្លាំង​ញើស​ឈាម​​ក្នុង​អាជីព​​សិល្បៈ​ខ្លួន​ បាន​សន្សំ​តាំង​ពី​មាន​​វ័យ​ ១៦ ឆ្នាំ ទាំង​អស់ ឬ​ក៏​មាន​​ការ​​ចូលរួម​ពី​ប៉ាម៉ាក់​របស់​កញ្ញា​​ ឬ​​យ៉ាង​​ណា​​នោះ​ទេ​ ខាង ​ភ្នំពេញ ​ប៉ុស្តិ៍ ​ក៏​មិន​​អាច​ទទួល​បាន​ការ​បក​ស្រាយ​បន្ថែម​ពី​​​កញ្ញា រ៉េត ស៊ូហ្សាណា ឡើយ ដោយ​ប្រព័ន្ធ​ទូរស័ព្ទ​ធ្លាប់​ទំនាក់ទំនង​​ចូល​​ពី​មុន​​នោះ នាពេល​នេះ​ពុំ​អាច​ទាក់ទង​បាន។

គួរ​បញ្ជាក់​ថា ​ទោះបី​ជា​ទើប​តែ​បាន​​ចូល​ប្រឡូក​សិល្បៈ​ចម្រៀង​មែន​ក្តី តែ​តារា​ចម្រៀង​ស្រី​រលក​ក្រោយ​ កញ្ញា រ៉េត ស៊ូហ្សណា ស្រូប​បាន​ប្រជាប្រិយភាព​​ពី​មហាជន​យ៉ាង​​​រហ័ស និង​កំពុង​តែ​កាក់កប​​​រក​លុយ​បាន​ច្រើន ដោយ​ក្តោប​បាន​យ៉ាង​ណែន​នូវ​តំណែង​ជា​ទូតសុច្ឆន្ទៈ​នៃ​ផលិត​ផល​នានា​​​ដូចជា​ក្រុមហ៊ុន​ទូរស័ព្ទ ​Cellcard ក្រុមហ៊ុន​ទូរស័ព្ទ OPPO ​ក្រុមហ៊ុន Charles & Keith ​ជាដើម៕​