ភ្នំពេញ៖ ថ្មីៗនេះបង្កើតភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅនឹងវត្តមានរបស់តារាចម្រៀងប្រុសសំឡេងស្អក តែពីរោះសណ្តំអារម្មណ៍ប្រិយមិត្តអ្នកស្តាប់ មានឈ្មោះពិតលោក ប៉ុន សុណារិន ហៅខេម លេចមុខ នៅក្នុងបទចម្រៀងឆ្លើយឆ្លងដំបូង ជាមួយនឹងតារាចម្រៀងស្រីកំពុងឡើងកូដខ្លាំងកញ្ញា តន់ ចន្ទសីម៉ា គឺបទ «សុំមួយពេលមក» នៅផលិតកម្មថ្មី ហ្គាឡាក់ស៊ីណាវ៉ាត្រា កាលពីព្រឹកម្សិលមិញនេះ។
សម្រាប់ឆ្នាំ ២០២០ នេះគិតទៅតារាចម្រៀងកំពូលចំនួន ២ រូបហើយដែលបានចាកចេញពីទ្រនំថោន គឺអ្នកនាង មាស សុខសោភា ប្រកាសចាកចេញកាលពីដើមខែមិថុនា ឆ្នាំ ២០២០ ហើយក៏ចេញបទដំបូង មានចំណងជើងថា «ស្រណោះដៃប្តី» នៅផលិតកម្ម Camtrax ជាប៉ុស្តិ៍បណ្តាញសង្គមខ្លួនឯងចុងខែ ខណៈតារាចម្រៀងប្រុសលោក ខេម លេចមុខនៅទ្រនំថ្មីហ្គាឡាក់ស៊ីណាវ៉ាត្រា នៅថ្ងៃទី ១ ខែ កក្កដា ឆ្នាំ ២០២០ ជាមួយនឹងបទដំបូង «សុំមួយពេលមក» ដែលជាការនិពន្ធទំនុកច្រៀងដោយម្ចាស់ផលិតកម្មផ្ទាល់ គឺលោកឧកញ៉ា ឡេង ណាវ៉ាត្រា និងនិពន្ធភ្លេងដោយ Tempo Tris ជាបទច្រៀងឆ្លើយឆ្លងជាមួយនឹងកញ្ញា តន់ ចន្ទសីម៉ា។
គ្រាន់តែចេញបទចម្រៀងដំបូងភ្លាម តារាចម្រៀងប្រុសជាចំណូលថ្មីរបស់ផលិតកម្មហ្គាឡាក់ស៊ីណាវ៉ាត្រា លោក ខេម ក៏ទទួលបានការគាំទ្រយ៉ាងច្រើនពីប្រិយមិត្តតាមបណ្តាញសង្គមយូធូប។ លោក យឹម តាស្រង់ ដែលជាអ្នកគ្រប់គ្រងទូទៅនៅផលិតកម្មហ្គាឡាក់ស៊ីណាវ៉ាត្រា បង្ហើបប្រាប់ការខិតខំនិពន្ធបទចម្រៀង សម្រាប់អតីតតារាចម្រៀងប្រុសសំឡេងស្អក នៅទ្រនំចាស់ផលិតកម្មថោនរូបនេះដែរថា៖ «នៅថ្ងៃទី ១ ខែកក្កដា នេះ យើងបានចេញបទចម្រៀងទី១ របស់គាត់ [ខេម] ហើយនាពេលឆាប់ៗនេះ ខេម នឹងមានបទចម្រៀងចំនួន ៥ បទទៀត បំពេអារម្មណ៍ប្រិយមិត្ត ដែលជាបទច្រៀងទោលផង និងបទច្រៀងឆ្លើយឆ្លងផង»។
ដោយឡែកភ្នំពេញប៉ុស្តិ៍ក៏ទទួលបានការបញ្ជាក់ពីការផុតកុងត្រាជាតារាចម្រៀងនៅផលិតកម្មថោន ដែលលោកខេម បានចូលច្រៀងតាំងពីឆ្នាំ ២០០៨ មក ខណៈលោកឆ្លើយប្រាប់យ៉ាងខ្លី ដោយសារតែជាប់រវល់បន្ទាន់នោះថា៖ «ជាការពិត ខ្ញុំបានផុតកុងត្រាពីថោនមែនហើយ!»។
គួររំឭកដែរថា កាលពីតារាចម្រៀងប្រុស ឈរលំដាប់កំពូល អតីតផលិតកម្មថោន លោក ខេម បានសាងកេរ្តិ៍ឈ្មោះ ល្បីនៅលើវិថីសិល្បៈបានប្រមាណជាង ៧ ឆ្នាំនោះក៏មានលេចចេញនូវរលកព័ត៌មានបែបចចាមអារ៉ាមថា តារាចម្រៀងប្រុសរូបនេះ កំពុងត្រូវបានផលិតកម្មហង្សមាស តាមចែចូវ តែពេលនេះលោក បែរជាសម្រេចចូលទ្រនំថ្មីហ្គាឡាក់ស៊ីណាវ៉ាត្រា ទៅវិញ។
តារាចម្រៀងប្រុសឈ្មោះពិតលោក ប៉ុន សុណារិន ហៅ ខេម ដែលមានស្រុកកំណើតនៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង រូបនេះ មានបទចម្រៀងជាច្រើនបានចេញមកតែងតែសណ្តំដួងចិត្តប្រិយមិត្តអ្នកស្តាប់រួមមានបទ «ជីវិតក្មេងពាល» បទ «ពូម៉ូតូឌុប» បទ«ឲ្យគេញ៉ែលឿនម្ល៉េះ!» បទ «គេជាតារាល្បី» បទ «ប្រពន្ធខ្ញុំយំព្រោះនឹកសង្សារ» និងបទ «ជីវិតអ្នកក្រ» ជាដើម៕