ភ្នំពេញ៖​​ ថ្មីៗ​នេះ ស្រាប់​តែ​បង្កើត​ភាព​ភ្ញាក់​ផ្អើល​​ពី​មជ្ឈដ្ឋាន​មហាជន​ ដោយ​ស្ងាត់ៗ តារា​ចម្រៀង​​ស្រី​ ល្បី​ឈ្មោះ​ជ្រក​នៅ​​​​ទ្រនំ​ហង្សមាស​​កញ្ញា វី ឌីណែត ដែល​ត្រូវ​​​ជា​កូន​ស្រី​សំណព្វ​ចិត្ត​របស់​តារា​ចម្រៀង​ជើង​ចាស់​សំឡេង​ស្អក​​លោក​ ហួរ ឡាវី បង្ហាញ​រូបភាព​​ស្និទ្ធ​នឹង​បុរស​​កំបាំង​មុខ​​ម្នាក់​ តាម​បណ្តាញ​សង្គម​។​

តារា​ចម្រៀង​ស្រី​វ័យ​ ២៤ ឆ្នាំ ដែល​ជារឿយៗ មិន​​​​ធ្លាប់​លេច​ឮ​ដំណឹង​មាន​គូ​ស្នេហ៍​ ស្រាប់​តែ​ថ្មីៗ​នេះ​បង្ហាញ​រូបភាព​​កៀក​កើយ​​ តែ​​មិន​​បង្ហាញ​មុខ​ពិត​ ​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​​ខ្លាំង​​​​ពី​​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​​​​ជា​ពិសេស​​ ជាមួយ​នឹង​សារ​ជា​ភាសា​​អង់គ្លេស​​​ ១ ​ឃ្លា​ ដែល​សម្រួល​​​ជា​ភាសា​ខ្មែរ​ថា៖ «អរគុណ ដែល​បង​​តែងតែ​​នៅ​ក្បែរ​អូន​រហូត​មក!»។​

ក្រៅ​​ពី​ការ​ចុច​ Like មាន​រូប​បេះដូង ​​ដែល​តំណាង​​ភាព​ត្រេកអរ ស្រឡាញ់​​នឹង​អ្នក​ទាំង​​​ ​២ យ៉ាង​ច្រើន​​នោះ ក៏​មាន​​អ្នក​បញ្ចេញ​វា​ចារ ចោទ​សួរ​​ ដេញ​​ដោល​​​​ចំពោះ​ម្ចាស់​រូប​​ខាង​​​ប្រុស​ដែរ​ថា​៖ «​អីយ៉ា! បងណែត​!​ ​ប្រហែល​ជិត​បាន​ដំណឹង​​​ល្អ​ហើយ!​ សូម​​​​​មើល​​មុខ​​​តិច​​មើល៍ តើ​ជា​​​អ្នក​ណា​​គេ​​ដែរ?»។​

តែ​​​​យ៉ាង​​ណា​បុរស ​ដែល​កំពុង​​ត្រូវ​បាន​តារា​ចម្រៀង​​​ស្រី​កញ្ញា វី ឌីណែត ព្រម​ទទួល​ក្តី​ស្រឡាញ់​នោះ នៅ​មិន​ទាន់​ដឹង​ច្បាស់​ថា​ជា​អ្នក​ណា​ដដែល ដោយ​ស្រី​ស្រស់​កូន​​ស្រី​បណ្តូល​ចិត្ត​លោក ​ហួរ ឡាវី មិន​ទាន់​ហ៊ាន​បង្ហើប​ប្រាប់​នៅ​ឡើយ​ទេ​​ ទោះបី​ជា​មាន​អ្នក​គាំទ្រ​ទទូច​សួរ​​រក​មុខ​ពិត​យ៉ាង​ណា​ក្តី ខណៈ​ភ្នំពេញ ​ប៉ុស្តិ៍ ​ក៏​មិន​អាច​សុំ​បាន​ការ​បក​ស្រាយ​លម្អិត​ពី​កញ្ញា​ផង​ដែរ​តាម​ប្រព័ន្ធ​ទូរស័ព្ទ​ ព្រោះ​​មិន​អាច​ទំនាក់ទំនង​បាន​​។​​

ក្រៅ​ពី​​មាន​សមត្ថភាព និង​មាន​ទេពកោសល្យ​​​ផ្នែក​ចម្រៀង និង​​សម្ដែង​ហើយ​កញ្ញា​ វី ឌីណែត ក៏​ជា​តារា​​ចម្រៀង​ពន្លក​​ថ្មី​ម្នាក់​ដែល​​​ពូកែ​រក​​​​នឹក​ស្ទីល​ស្លៀក​​​ពាក់ និង​ម៉ូដ​សក់​ប្លែកៗ​​គួរ​ឲ្យ​កត់​សម្គាល់​នា​ពេល​​បង្ហាញ​ខ្លួន​លើ​ឆាក​តន្រ្តី​ម្តងៗ​ ​ដោយ​កញ្ញា​​មិន​ត្រាប់​តាម​​ការ​តុប​តែង​​ខ្លួន​របស់​តារា​ដទៃ នៅ​ថ្មីៗ​​នេះ ឌីណែត បាន​បង្ហាញ​ខ្លួន​យ៉ាង​​លេច​ធ្លោ​នៅ​ក្នុង​ឈុត​សម្លៀក​បំពាក់​​បែប​ប្រពៃណី​​​​​​ ឥណ្ឌា​ ដែល​​ពិត​​ស្រស់​ស្អាត​ និង​ទាក់ទាញ​ទៀត​ផង។​

តាម​ការ​​កត់​សម្គាល់​សម្រាប់​ជំនាន់​ក្រោយ​លោក ហួរ ឡាវី ក្នុង​​​សិល្បៈ​កញ្ញា វី ឌីណែត ​ ​កំពុង​តែ​បោះ​ជំហាន​យ៉ាង​​រលូន​​លើ​អាជីព​​​ចម្រៀង​របស់​ខ្លួន​តែ​ប៉ុណ្ណោះ​​​ទេ​ នា​ពេល​ថ្មីៗ​នេះ កញ្ញា វី​ឌីណែត ក៏​បាន​វិវឌ្ឍ​ក្លាយ​ជា​តារា​សម្ដែង​មួយ​ទៀត ក្រោយ​​ពី​ទូរទស្សន៍​​ហង្សមាស​​បាន​ជ្រើសរើស​នាង​ឲ្យ​ដើរ​តួ​ឯក​​ក្នុង​ភាពយន្ត​ភាគ​ថ្មី​មួយ ជាមួយ​នឹង​តារា​ចម្រៀង​ប្រុស​លោក​ នី រតនា គឺ​រឿង ​«រាជបុត្រ​កង្កែប»​ ទោះបី​​ជា​តារា​ចម្រៀង​ស្រី​រូប​ស្រស់​​រូប​នេះ ​​មិន​ទាន់​ក្ដាប់​​​តំណែង​ជា​គណៈកម្មការ​ក្នុង​កម្មវិធី​លំដាប់​ពិភព​លោក​ដូច​ជា ​តារា​ស្រី​រៀមច្បង​​រួម​​ទ្រនំ​មាន​ ​អ្នក​នាង ឱក សុគន្ធកញ្ញា អ្នកនាង​ សុខ ស្រីនាង កញ្ញា សុខ សីឡាលីន​ កញ្ញា សួស វីហ្សា​ និង​អ្នកនាង​ ពេជ្រ​ សោភា ជាដើម៕​ ​