ភ្នំពេញ៖ មហាជន​​ទើប​​​ភ្ញាក់​ផ្អើល​នឹង​បណ្តុំ​រូបថត​​ដ៏​ផ្អែមល្ហែម​​ជា​គូស្នេហ៍​យល់​ចិត្ត​យល់​ថ្លើម​គ្នា ​រវាង​​តារា​សម្តែង​ស្រី​​រាង​​ខ្ពស់​កញ្ញា សាឡាត់ ស្រីឡាង​ និង​​បុរស​ម្នាក់​​​ល្បី​ឈ្មោះ​រឿង​​​ធ្វើ​សកម្មភាព​​ជួយ​សង្គម​ឈ្មោះ​លោក​ សាន ដារ៉ាវីត​ ​ខណៈ​​​មជ្ឈដ្ឋាន​ក្រៅ​​​​​​ហៅ​​​ «ក្រុម​​​យុវជន​សំរាម​»​ នោះ​​ ​ឥឡូវ​នេះ​​ស្រាប់​តែ​នាង​​មក​បង្ហើរសារ​​ហាក់​មាន​​​ការ​​ខូច​​​ចិត្ត​ខ្លាំង​ ​នឹង​រឿង​​​ស្នេហា​​អ៊ីចឹង។​

ផ្ទៃ​មេឃ​ក៏​ប្រែ​ពណ៌​មក​​ស៊ី​ជម្ពូ​​វិញ ​ក្រោយ​ពី​មាន​​​ទំនាក់ទំនង​ស្នេហ៍​ នឹង​​​បុរស​​​​ល្បី​​ឈ្មោះ​​ រឿង​​​​​​ធ្វើ​​សកម្មភាព​ជួយ​សង្គម​​​លោក​ សាន​ ដារ៉ាវីត​ ដែល​​មជ្ឈដ្ឋាន​​ខាង​​​ក្រៅ​​ហៅ​រហស្សនាម​គាត់​​ថា ​​យុវជន​សំរាម​​មក​នោះ ​ខណៈ​កញ្ញា​ សាឡាត់ ស្រីឡាង​ ហាក់​​​​ស្ងាត់​ទីផ្សារ​​​​​​ថតកុន​ តែ​មក​​សកម្ម​នឹង​​​ការងារ​ជួយ​សង្គម​ ដូច​ជា​ការ​យក​សម្ភារ​​សិក្សា​​ចែក​​សិស្ស​ក្រីក្រ​នៅ​ឯ​​​តំបន់​ដាច់​​ស្រយាល​​​ជា​​កុមារ​​​រងគ្រោះ និង​​ជន​ពិការ។​

នារយៈ​ពេល​ប៉ុន្មាន​ខែ នា​ដើម​ឆ្នាំ ​២០២០​​ នេះ ​​គេ​ឃើញ​បណ្តុំ​រូបភាព​​​ដើរ​​លេង​​តែ ​២ ​នាក់​ ប្រកប​​​ដោយ​​សេចក្តី​​សុខ​ខ្លាំង​ ដែល​​ភាគ​​ច្រើន​បាន​​​ទៅ​​​លម្ហែកាយ​​ នៅ​តំបន់​សមុទ្រ​នោះ​ តារា​ស្រី​​វ័យ​ ២៥​ ឆ្នាំ សាឡាត់ ​ស្រីឡាង​​ ក៏​បាន​បង្ហោះ​​សារ​​​ជា​ហូរហែ និង​វែង​​អន្លាយ​​ថា៖ «​ចេះ​​ប្រើ​ពេល​ ទើប​ជីវិត​មាន​ន័យ។ អង្គុយ​មើល​​​សមុទ្រ​ ជិះ​ទូក​ ស្ទូច​ត្រី​ ស្តាប់​សំឡេង​ទឹក​​ភ្លៀង​​ជា​ក្តី​សុខ ​ដែល​​មនុស្ស ​២ ​នាក់​ ចេះ​ចែក​​​រំលែក​ឲ្យ​គ្នា។ មិន​ត្រូវ​ការ​ពេល​​​ពេញ​ម៉ោង ​របស់​​នរណា​ម្នាក់​​មក​ក្បែរ​ខ្លួន​​​​ទេ គេ​មាន​ពេល​​រវល់​​របស់​​គេ​ ខ្ញុំ​ក៏​ត្រូវ​​​ការ​ពេល​​វេលា​​​របស់​ខ្ញុំ​ តែ​អ្វី​ដែល​សំខាន់​​យើង​បាន​​ចែក​ពេល​ខ្លះ​ឲ្យ​គ្នា​ ដើម្បី​ចាក់​បំពេញ​​​​ស្នាម​​ញញឹម​ និង​​ផ្តល់​ភាព​​កក់​ក្តៅ​​​​ឲ្យ​​គ្នា»។​

តែ​​ថ្មីៗ​នេះ ស្រាប់​តែ​គេ​ឃើញ​តារា​សម្តែង​​ស្រី​ ដែល​ផ្តើម​ភាព​ល្បី​មហាជន​ស្គាល់​នៅ​ក្នុង​កុន​ដំបូង​រឿង​ «ខ្មោច​អាសង្ហា»​ កញ្ញា សាឡាត់ ស្រីឡាង បែរ​ជា​មក​បង្ហោះ​​សារ​បែប​សោកសៅ​នៅ​​ក្នុង​ចិត្ត​ថា៖ «ចាយ​ពេល​វេលា​ខុស​អស់​ជា​ច្រើន​​ឆ្នាំ​ខ្ញុំ​បាន​បោះបង់​ពេល​វេលា​​​ការងារ ​ដើម្បី​នៅ​ក្បែរ​មនុស្ស​ដែល​ខ្ញុំ​ស្រឡាញ់ ​(មនុស្ស​ប្រុស​ម្នាក់​នោះ) ​ចុង​ក្រោយ​សល់​ត្រឹម​ការ​ឈឺ​ចាប់​ ​ខ្ញុំ​បាន​បោះ​ពេល​វេលា​ដែល​​ធ្វើ​ការ​បាន​លុយ​ច្រើន​ទៅ​ជួយ​ការងារ​មិត្តភក្តិ​ដោយ​ប្រើ​កម្លាំង និង​បេះដូង​​របស់​ខ្ញុំ​ទៅ​​ទាំង​ស្រុង​តែ​អ្វី ដែល​ខ្ញុំ​ទទួល​​បាន​គឺ​ការ​បំផ្លាញ​ទឹក​ចិត្ត​មួយ​ដែល​ពិបាក​​នឹង​និយាយ​ខ្ញុំ​បាន​ចំណាយ​​​ពេល​វេលា​របស់​ខ្ញុំ​ទៅ​ធ្វើ​ការងារ​មួយ​ ដែល​ខំ​ប្រឹង​​​ធ្វើ​នៅ​ពេល​ដែល​បាន​ល្អ​ហើយ​គេ​ក៏​​ឈប់​​ទទួល​ទាំង​មិន​ប្រាប់​អ្វី​ទាំង​អស់​​នៅ​ពេល​ដែល​ដាក់​ចិត្ត​ថា​ស្រឡាញ់​ ​គឺ​​បាន​​​មក​វិញ​​​តែ​ការ​ឈឺ​ចាប់​តែ​ប៉ុណ្ណោះ។​ ​ខ្ញុំ​ជា​មនុស្ស​​ខ្ញុំ​មាន​សាច់​ក្នុង​ខ្លួន​ខ្ញុំ​ក៏​មាន​ឈាម​វា​ក៏​​ចេះ​ឈឺ​ក្នុង​ភ្នែក​របស់​ខ្ញុំ​ ក៏​មាន​ទឹក​ពេល​​វា​ហូរ​​ម្ដង​ៗ ​គឺ​ពិបាក​ណាស់ ​Hmmm ​គ្រប់​យ៉ាង​​ខ្ញុំ​អ្នក​​រើស​ខ្ញុំ​ទទួល​​ តែ​ខ្ញុំ​ក៏​នឹង​មិន​ទទួល​ឲ្យ​ខ្លួន​ឯង​ឈឺ​​​ចាប់​ម្ដង​ទៀត​ឡើយ»។​

មុន​​ពេល​មាន​ទំនាក់ទំនង​​​​នឹង​បុរស​​​ល្បី​ជា «​ក្រុម​យុវជន​សំរាម»​ ​​កញ្ញា​ សាឡាត់​ ស្រីឡាង​ ​ក៏​ធ្លាប់​​ល្បី​​​​​រឿង​​​បែក​​ធ្លាយ​​មាន​ទំនាក់ទំនង​​​ស្នេហា​នឹង​លោក​ លៀក​ ​លីដា ជា​ម្ចាស់​ផលិតកម្ម​ LD ដែរ ដោយ​​​ត្រូវ​​ភរិយា​លោក​​មាន​គណនី​ហ្វេសប៊ុក​​​ឈ្មោះ​ «​Panhchaka June​» ​​បង្ហោះ​​សារ​​​​​​​រៀប​រាប់​​​ពី​ការ​ផិត​​​​ក្បត់​របស់​​ស្វាមី​​ខ្លួន ជាមួយ​នឹង​តារាស្រី​ សាឡាត់ ស្រីឡាង​៕​