ក្រុង​សៀមរាប: វេលា​សុរិយា​ផ្ដើម​អស្ដង្គត ជំនួស​ដោយ​ស្បៃ​រាត្រី​លើ​វេហាហ៍​ពន្លឺ​ភ្លើង​ហ្វារ​ពណ៌​ស​ផ្ដើម​រេរា​ឆ្លុះ​មេឃា ចេញ​ពី​ដំបូល​អគារ ដែល​រចនា​អំពូល​ភ្លើង​មូលៗ​បី​ដូចជា​ដួង​ខែ​រាប់​រយ។ នៅ​ទីនេះ បារ៍​កន្ទុយ​ក្ងោក​អន្ទង​ចិត្ដ​ភ្ញៀវ​ឲ្យ​មក ទស្សនា​ទិដ្ឋភាព​ទីក្រុង​នា​ពេល​រាត្រី និង​ភ្លក្ស​ភេសជ្ជៈ ក្រោម​ជំនោរ​ត្រជាក់​លើ​អាកាស​វេហាស៍។

អំពូល​ភ្លើង​ក្រហម​ផ្កាឈូក​នៅ​ចុង​រោម​ស្លាបនីមួយៗ ឆ្លុះ​ពន្លឺ​ពណ៌​បៃតង រំលេច​រូបរាង​កន្ទុយ​ក្ងោក​ត្រដាង​យ៉ាង​ធំ​ចេញ​ពី​បង្គោល​ស្នូល ជាទី​កន្លែង​ដែល​មាន​ការ​តាំង​ដប​ស្រា​ជា​រង្វង់​ថ្នាក់ៗ គ្រប​លើ​តុបារ៍ និង​តុ​ភ្ញៀវ​អង្គុយ​ទទួល​ទាន​ភេសជ្ជៈ​ក្រឡុក គ្រឿង​ក្លែម​ជា​ច្រើន​ប្រភេទ។

វីដេអូ៖

កន្ទុយក្ងោក សង់​ឡើង​ពី​ដែក ក្រោម​ស្នាដៃ​អ្នក​ឌី​ហ្សា​ញ​ខ្មែរ​ទទួល​បានការ​ស្ញប់ស្ញែង​ពី​អតិថិជន​គ្រប់​រូប​ចំពោះ​ភាព​ប៉ិន​ប្រសប់​ក្នុង​ការ​រចនា​ម៉ូដ Sky Bar ដ៏​គួរ​ឲ្យ​ទាក់​ទាញ​នេះ។

ភេសជ្ជៈ Five Color Syringe មាន​តម្លៃ ៨ ដុល្លារ​​។ ហុង មិនា

លោក តោ សីហា ម្ចាស់ The Moon Sky Bar ស្ថិតនៅ​ដំបូល​អគារ Asia Plaza ជាន់​ទី ៤ លើ​វិថី​ព្រះសង្ឃ​រាជ​ទេព​វង្ស ក្រុង​សៀមរាប​បាន​និយាយ​ថា៖ «អ្នក​ឌីហ្សាញ​ជន​ជាតិ​ខ្មែរ ដែល​គាត់​រស់​នៅ​ស្រុក​ពួក​នេះ​ឯង បាន​ដាក់​គម្រោង​រចនា​ប័ទ្ម ២-៣ ឲ្យ​ខ្ញុំ​ជ្រើស​រើស ហើយ​ខ្ញុំ​ក៏​ចាប់​អារម្មណ៍​នឹង​ម៉ូដ​កន្ទុយ​ក្ងោក​នេះ​ដើម្បី​ធ្វើ​ជា​សំណង់ Sky Bar នេះ»។

ដោយ​ចាប់អារម្មណ៍​អំពី​ម៉ូដ​កន្ទុយក្ងោក ច្នៃ​ពី​ដែក​ដែល​ក្រុមការងារ​ត្រូវការ​ពេលវេលា និង​ភាព​អត់​ធ្មត់​ខ្ពស់ ម្ចាស់​បារ៍​លើ​អាកាស​រូប​នេះ បាន​បញ្ជាក់​ថា៖ «នេះ​ជា​ស្នាដៃ​របស់​ខ្មែរ​យើង ទាំង​អ្នក​ឌីហ្សាញ​ក៏​ខ្មែរ និង​អ្នក​សាង​សង់​ក៏​ជា​ខ្មែរ»។

លោក​ប្រាប់ថា៖ «ស្ថិតនៅ​កណ្ដាល​បេះដូង​ក្រុង​សៀមរាប​នេះ បើ​មានការ-ឌី​ហ្សា​ញ​ណា​ស្អាត វា​ក៏​ធ្វើ​ឲ្យ​ទីក្រុង​យើង​មាន​ភាព​ស្រស់​ស្អាត​ផង​ដែរ»។

នៅ​បរិវេណ​ដ៏​ធំ​ទូលាយ ដែល​ត្រូវបាន​បែង​ចែកជា​ថ្នាក់ ៣ ជាន់ និង​មាន​ប្រភេទ​តុ​ខ្ពស់ តុ​ទាប​កៅអី​ផ្អែក និង​តុ​ទាប​កៅអី​ពោង​ខ្យល់​ដ៏​ទន់​ល្មើយ ភ្ញៀវ​អាច​អង្គុយ​ស្ដាប់​អ្នក​ចម្រៀង​ដើរ​ច្រៀង​នៅ​ជិត​បង្កើយ​នឹង​វត្ដមាន​របស់​ភ្ញៀវ​ដ៏​ពីរោះ​រណ្ដំ និង​មិន​រំខាន​ដល់​ការ​ជជែក​គ្នា​លេង​ឡើយ។

ម្ហូប​ដ៏ពេញ​និយម ឆ្អឹង​ជំនីរ​កូនចៀម តម្លៃ ១២,៥ ដុល្លារ​​។ ហុង មិនា

Sky Bar ម៉ូដ​កន្ទុយក្ងោក​កណ្ដាល​ក្រុង​នេះ មិន​ត្រឹម​តែមាន​ភេសជ្ជៈ​ស្រា​ក្រឡុក​ពេញ​និយម Pretty Moon រំលេច​ពណ៌​បៃតង​ក្នុង​បំពង់​កែវ​វែង​ចំណុះ ៣ លីត្រ មាន​តម្លៃ ២៥ ដុល្លារ​និង Five Color Syringe តម្លៃ ៨ ដុល្លារ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​សម្បូរ​ទៅ​ដោយ​ម្ហូប​អាហារ​ចាប់​ពី​ម្ហូប​ខ្មែរ ចិន និង​អឺរ៉ុប ដែល​ចម្អិន​ចេញ​ពី​ផ្ទះបាយ​ភោជ​នីយដ្ឋាន​នៅ​ជាន់​ទី ២។

លោក សីហា បាន​ឲ្យ​ដឹងថា៖ «នៅទីនេះ អតិថិជន​កោតសរសើ​រ​ចំពោះ​រស​ជាតិ Lamb Chop (ឆ្អឹង​ជំនីរ កូន​ចៀម តម្លៃ ១២,៥០ ដុល្លារ) ធូរ​ថ្លៃ និង​មាន​រស​ជាតិ​ឆ្ងាញ់»។

នៅ​មិន​ឆ្ងាយ​ពី​តំបន់​កម្សាន្ដ​ផ្សារ​រាត្រី ផាប់​ស្ទ្រី​ត The Moon Sky Bar បើក​ពី​ម៉ោង ៥ ល្ងាច​ដល់​ម៉ោង ២ រំលង​អាធ្រាត្រ ទូរស័ព្ទ ០១៧ ៩៩៩ ០២៣៕