ភ្នំពេញ: រាងកាយ​ពោរពេញ​ដោយ​សាច់ដុំ ដើម​ទ្រូង​ដុះ​រោម តែ​ដំណើរ​ល្វត​ល្វន់​ជាង​នារី​ភេទ​ទៅ​ទៀត​នោះ ស្ដេច​ដើរ​ម៉ូដ​ហ្វីលីពីន ស៊ីណុន ឡូរ៉េស្កា (Sinon Loresca) មាន​អ្នក​គាំទ្រ​មក​ពី​គ្រប់​ទិសទី​ក្នុង​ពិភពលោក ពិសេស​ក្នុង​ទ្វីប​អាស៊ី ដោយសារ​តែ​ទេព​កោសល្យ​ជា​ម៉ូ​ដែល និង​ទង្វើ​សប្បុរស​ធម៌​ជាច្រើន​នាពេល​កន្លង​មក។

ដំណើរ​មកដល់​ទឹកដី​កម្ពុជា កាលពី​ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០១៨ របស់​ស្ដេចដើរ​ម៉ូដ (King of Catwalk) សម្បុរ​ស្រអែម សាច់ដុំ​ធំៗ តែ​កាយវិការ​ទន់​ភ្លន់​មិន​ចាញ់​មនុស្ស​ស្រី​នោះ បាន​ទាក់​ទាញ​អ្នក​គាំទ្រ​ខ្មែរ​តាំង​ពី​នៅ​អាកាស​យានដ្ឋាន រហូត​ដល់​ឆាក​បង្ហាញ​ម៉ូដ នៃ​កម្មវិធី​សម្ពោធ​ក្រុមហ៊ុន Arise Agency Entertainment នៅ​សណ្ឋាគារ​ណាហ្គាវើល នា​ថ្ងៃ​ទី ២០ ខែ​ឧសភា។

ក្នុងនាម​ជា​អ្នកផ្ដល់​ប្រឹក្សា​ដល់​បេក្ខភាព​បវរកញ្ញា​កម្ពុជា តារា​ទូរទស្សន៍​ភេទ​ទី ៣ ស៊ីណុន ឡូរ៉េស្កា បាន​និយាយ​ថា៖ «សម្រស់​របស់​នារី​ខ្មែរ​ពិត​ជា​ស្រស់​ស្អាត​មែន ដោយ​ស្នាម​ញញឹម​ស្រស់​ស្រាយ ហើយ​ម្យ៉ាង​ទៀត​គឺ​ភាព​រួស​រាយ​ទាក់​ទាក់»។

ស្ដេចដើរ​ម៉ូដ​វ័យ ២៩ ឆ្នាំ​រូបនេះ​បានផ្ដល់​យោបល់​ដល់​បេក្ខភាព​រាជិនី​សម្រស់​ខ្មែរ​ទាំង​អស់​ថា៖ «ខ្ញុំ​ចង់​ឲ្យ​នារី​ទាំង​អស់​នៅ​ខាង​មុខ​នេះ ឲ្យ​មាន​ភាព​ជឿ​ជាក់​លើ​ខ្លួនឯង​ក្នុង​ការ​ធ្វើ​អ្វីមួយ។ ការ​ជឿ​ជាក់​នោះ​ជំរុញ​ឲ្យ​ក្ដី​សុបិន​របស់​យើង​នឹង​ក្លាយជា​ការ​ពិត​នៅ​ថ្ងៃ​ណាមួយ។ ឧទាហរណ៍​ដូចជា​រូប​ខ្ញុំ​នេះ ដែល​ខ្ញុំ​តែង​តែ​ស្រមៃ​ក្លាយ​ជា​បវរកញ្ញា ឬ​ក៏​តារា​ម៉ូដែល​នៅ​លើ​ឆាក​ដ៏​ធំ​មួយ។ ក៏ប៉ុន្តែ​ដោយសារ​តែ​ខ្លួន​ខ្ញុំ​មាន​រាង​កាយ​ជា​ប្រុស អ៊ីចឹង​ឪពុក​ម្ដាយ​គឺ​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​សកម្មភាព​ជា​ស្រី​ទេ ព្រោះ​ពួកគាត់​ចង់​ឲ្យ​កូន​ប្រុស​គាត់​មាន​ប្រពន្ធ​មាន​កូន ធ្វើការ​ជា​បុរស​ពិត។ យ៉ាងណា​ក្ដី​ស្រមៃ​របស់​ខ្ញុំ​នេះ​នៅ​តែ​បាន​សម្រេច ដោយសារ​តែ​ខ្ញុំ​ពុះពារ ធ្វើ​ឲ្យ​ឪពុក​ម្ដាយ​ខ្ញុំ​ឃើញ​ថា​ខ្ញុំ​អាច​ធ្វើ​បាន ល្បី​ដូច​បច្ចុប្បន្ន​នេះ»។

ក្នុង​ដំណើរ​មក​ប្រទេស​កម្ពុជា​ជា​លើក​ដំបូង ស្ដេច​ដើរ​ម៉ូដ​ហ្វីលីពីន ក៏​មិន​រំលង​សកម្មភាព​មនុស្ស​ធម៌ ដែល​លោក​តែងតែ​ធ្វើ​តាំង​ពី​នៅ​ទឹកដី​កំណើត​របស់​ខ្លួន នៅ​ប្រទេស​ហ្វីលីពីន ដូចជា ការ​ចែក​ចំណី​អាហារ​ដល់​ក្មេង​រើស​សំរាម និង​ចាស់​ជរា​រស់​នៅ​តាម​ផ្លូវ​គ្មាន​ផ្ទះ​សំបែង។

ក្រៅ​ពី​ធ្វើ​ទាន​ដល់​ជន​ទុរគត ស៊ីណុន ឡូរ៉េស្កា ក៏​មិន​ភ្លេច​ឡើយ​នូវ​ការ​សម្ដែង​បង្ហាញ​ម៉ូដ និង​កាយវិការ​កំប្លុក​កំប្លែង ដើម្បី​ផ្ដល់​ភាព​រីករាយ​ដល់​អ្នក​ទាំង​អស់​នោះ​ផង​ដែរ។

ដូចគ្នានេះ នៅ​ប្រទេស​កម្ពុជា ស៊ីណុន ឡូរ៉េស្កា បាន​ឆ្លៀតឱកាស​ចូលរួម​កម្មវិធី​មនុស្ស​ធម៌​នៅ​សាលា​បឋម​សិក្សា​ជ្រោយ​ចង្វារ ជាមួយ​បវរកញ្ញា​ចក្រ​វាឡ​កម្ពុជា និង​កញ្ញា​ឯក​ដទៃ​ទៀត ដោយ​ការ​ចែក​សម្ភារ​សិក្សា និង​ចំណី​អាហារ​ដល់​សិស្សា​នុសិស្ស។

ដំណើរ​មកដល់​ចំ​រដូវ​កាល​នៃ​ទិវា​ឥន្ទធនូ ស្ដេចដើរ​ម៉ូដ ស៊ី​ណុន ឡូរ៉េស្កា ក៏បាន​ចូលរួម​ក្នុង​កម្មវិធី​របស់​សហគមន៍​ស្រឡាញ់​ភេទ​ដូចគ្នា (LGBT) នៅ​ភ្នំពេញ​ផង​ដែរ។

គួររំឭកថា​តារា​សាច់ដុំ​ធំ រោម​ពេញ​ទ្រូង និង​ពូកែ​ចំទើត​លើ​ស្បែកជើង​កែង​ខ្ពស់ៗ ស៊ីណុន ឡូរ៉េស្កា បាន​ទទួល​ភាព​ល្បីល្បាញ នៅ​ពេល​ដែល​ប្រទេស​ហ្វីលីពីន​ត្រូវ​បាន​ជ្រើសរើស​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​រាជិនី​សម្រស់ បវរកញ្ញា​ចក្រ​វាឡ ឆ្នាំ ២០១៦ ដោយ​ពេល​នោះ លោក​បាន​ថត​វីដេអូ​ស្លៀក​តែ​ខោ​ទ្រនាប់​នារី ហើយ​ពាក់​ស្បែក​ជើង​កែង​ចោត​ដើរ​ហាត់​ប្រាណ ហើយ​វីដេអូ​នោះ​មាន​អ្នក​ទស្សនា​ជិត ៣ លាន​នាក់។ លោក​តែង​ផលិត​វីដេអូ​ដើរ​ម៉ូដ​ថ្មីៗ ទាក់​ទាញ​អ្នក​ទស្សនា​កើន​ឡើង​រហូត។

យ៉ាងណាមិញ តារា​ភេទ​ទី ៣ ដែលមាន​ចរិត​ម្ញ៊ិកម្ញ៉ក់​ផ្ទុយ​ពី​មាឌ​ដ៏​ធំ​មាំ​បែប​បុរស​ភេទ​នោះ ក៏​តែងតែ​រង​នូវ​ការ​រិះគន់​ជារឿយៗ ប៉ុន្តែ​លោក​តែង​ឆ្លើយ​តប​វិញ​ថា៖ «មនុស្ស​មាន​សិទ្ធិ​បញ្ចេញ​មតិ​ទៅ​តាម​ការ​គិត​របស់​គេ​បាន គឺ​ដូចជា​ខ្ញុំ​ដែល​មាន​សិទ្ធិ ធ្វើ​អ្វី​ទៅ​តាម​ការ​ស្រឡាញ់​របស់​ខ្ញុំ​ដែរ»៕