ក្រុងហាណូយ: បុរសអ្នកជំនួញជាតិវៀតណាមម្នាក់បានបង្កការភ្ញាក់ផ្អើលលើបណ្ដាញសង្គមទូទាំងតំបន់អាស៊ីចំពោះការសម្ញែងមាសពាក់ជ្រែកខ្លួន។ លោក ត្រាន ង៉ុកភូក អាយុ ៣៦ ឆ្នាំ ពាក់គ្រឿងអលង្ការទម្ងន់ ១៣ គីឡូក្រាម និងតែងតែមានការហែហមពីអង្គរក្សយ៉ាងតិច ៥ នាក់។
លោក ភូក បានឡើងទំព័រមុខនៃសារព័ត៌មានវៀតណាម កាលពីប៉ុន្មានសប្ដាហ៍មុន ក្រោយពីវីដេអូលើយូធូបត្រូវបានបង្ហោះជាហូរហែ ដោយទទួលបានអ្នកចូលទស្សនារាប់លានដង។ ខណៈអ្នកខ្លះឆ្ងល់ថា តើនោះជាមាសពិត ឬយ៉ាងណា អ្នកខ្លះទៀត សរសេរថា តើបុរសរូបនេះ អាចទ្រាំនឹងទម្ងន់មាស ១៣ គីឡូក្រាមជ្រែកខ្លួនរៀងរាល់ថ្ងៃយ៉ាងម៉េចទៅ?
លោក ភូក បានប្រាប់អ្នកព័ត៌មានវៀតណាមថា គ្រឿងអលង្ការរបស់លោកមានដូចជា ច្រវាក់ទម្ងន់ ៥ គីឡូក្រាម កងដៃធំ ២ ដោយ ១ ទម្ងន់ ៥ គីឡូក្រាម ចិញ្ចៀនចំនួន ៤ ដោយ ១ ទម្ងន់ ៥០០ ក្រាម និងខ្សែចង្កេះមាសថែមទៀត។ ទាំងអស់ទម្ងន់ ១៣ គីឡូក្រាម ស្មើនឹងប្រាក់ ១៣ ពាន់លានដុង (៥៥ ម៉ឺនដុល្លារ)។
អ្នកជំនួញវ័យក្មេងរូបនេះ បានបង្ហើបថា លោកចាប់ផ្ដើមពាក់គ្រឿងអលង្ការយក្សតាំងពី ៥ ឆ្នាំមុន ក្រោយពីគ្រូហុងស៊ុយបានប្រាប់លោកថា ពាក់មាសជ្រែកខ្លួនជួយលើករាសីលោក។
ជាការពិតណាស់ គ្រឿងអលង្ការមាសទម្ងន់ ១៣ គីឡូក្រាមលើរាងកាយ បានធ្វើឲ្យបុរសរូបនេះ ក្លាយជាជនដ៏ល្បីល្បាញ ហើយលោកទំនងជាពេញចិត្ដផងដែរ ខណៈដែលលោកនៅតែបន្ដផ្ដល់បទសម្ភាស និងអញ្ជើញភ្ញៀវមកលេងផ្ទះជាហូរហែ៕
HR