The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ស្ដ្រី​ខ្មែរ​កូន ៣​ ជា​នាយិកា​ប្រតិបត្ដិ​គ្រង​មកុដ​ Mrs. Asia USA

ស្ដ្រី​ខ្មែរ​កូន ៣​ ជា​នាយិកា​ប្រតិបត្ដិ​គ្រង​មកុដ​ Mrs. Asia USA

Content image - Phnom Penh Post
អ្នកស្រី នី​ហ្សា​​ ក្នុង​ឈុត​​ច្នៃប្រឌិត​​តាម​ប្រពៃណី​ខ្មែរ​។ រូបថត សហ​ការី

ស្ដ្រី​ខ្មែរ​កូន ៣​ ជា​នាយិកា​ប្រតិបត្ដិ​គ្រង​មកុដ​ Mrs. Asia USA

ក្រុង​ឡូសអេនជឺលេស៖ ​នាយិកា​ប្រតិបត្ដិ​​ហិរញ្ញវត្ថុ​វ័យ​ក្មេង​ម្នាក់​ និង​ជា​អ្នក​ម្ដាយ​កូន ៣ នាក់ ទើប​ត្រូវ​បាន​បំពាក់​មកុដ​ Mrs. 2019 Asia USA ជនជាតិ​កម្ពុជា​ជា​លើក​ដំបូង​នៅ​ព្រឹត្ដិការណ៍​ដែល​រៀបចំ​ឡើង​ក្នុង​ទីក្រុង Redondo Beach​។

នីហ្សា​ អូន ង្វៀង គឺ​ជា​គណៈប្រតិភូ​កម្ពុជា​ដំបូង​បាន​ឈ្នះ​មកុដ​នេះ​ក្នុង​ប្រវត្ដិសាស្ដ្រ​បវរកញ្ញា​ រយៈពេល ៣២ ឆ្នាំ​មក​នេះ​។ ព្រឹត្ដិការណ៍​បង្កើត​ឡើង​ដោយ Virgelia Productions ត្រូវ​បាន​រៀបចំ​កាល​ពី​ថ្ងៃ​សៅរ៍ ទី ១៦ ខែ​វិច្ឆិកា នៅ​មជ្ឈមណ្ឌល​ Redondo Beach Performing Arts Center​។

នីហ្សា ជា​បុគ្គល​ទទួល​បាន​វិញ្ញាបនបត្រ ​Certified Private Wealth Advisor (CPWA) ដែល​ទើប​តែងតាំង​ជា​អគ្គនាយិកា​រង​ និង​ជា​នាយិកា​​គ្រប់គ្រង​សាច់​ប្រាក់​នៅ BNY Mellon Wealth Management ក្នុង​ទីក្រុង Newport Beach​ ជាទី​ដែល​អ្នកស្រី​គ្រប់គ្រង​ទ្រព្យ​សម្បត្ដិ​សម្រាប់​អតិថិជន​​ជា​សេដ្ឋី​ ចាត់​ចែង​ទុន​ និង​​មូលនិធិ​ផ្សេងៗ​។

អ្នក​ជំនាញ​ហិរញ្ញវត្ថុ​ជិត ​១ ​​ទសវត្សរ៍​រូប​នេះ កាន់​កិច្ចការ​​ជា​ច្រើន​ក្រោយ​ពី​ទទួល​បាន​សញ្ញាបត្រ​បរិញ្ញាបត្រ និង​សញ្ញាបត្រ​ជាន់​ខ្ពស់​ផ្នែក​វិទ្យាសាស្ដ្រ​សហគ្រាស​ពី​សាកល​វិទ្យាល័យ Pepperdine University​។ អ្នកស្រី​ទទួល​បាន​វិញ្ញាបនបត្រ (CPWA) ពី​វិទ្យាស្ថាន​វិនិយោគ និង​ភោគទ្រព្យ​តាមរយៈ​សាកល​វិទ្យាល័យ​គ្រប់គ្រង​យែល​។

ក្រៅ​ពី​តួនាទី​ជំនាញ​ អ្នកស្រី​ជា​ភរិយា​ម្នាក់​ ជា​ម្ដាយ​កូនស្រី ៣ នាក់ និង​ជា​សហគ្រិន​ស្ដ្រី​​​បន្ដ​ថែទាំ​កូនៗ ដែល​បាន​ផ្ដល់​មូលនិធិ​គណនី​យូធូប​ស្ដីពី​ការ​អប់រំ Aspire to Bee។ Aspire to Bee បាន​ផ្សព្វផ្សាយ​អំពី​វិធី​បីបាច់​កូន​តាម​វិធី​កម្សាន្ដ​ប្លែកៗ​។ តាមរយៈ​វីដេអូ និង​ប្លុក​ Aspire to Bee ជួយ​កុមារ​តូចៗ និង​ឪពុក​ម្ដាយ​កំណត់​ដឹង​ពី​ចំណាប់​អារម្មណ៍​ និង​ក្ដី​ស្រមៃ​របស់​ខ្លួន​ចំពោះ​អាជីព​ការងារ​នា​ពេល​អនាគត​។

Content image - Phnom Penh Post
ការ​ប្រកួតស្វាគមន៍​ស្ត្រី​​រៀបការ​រួច​អាយុ​ចាប់ពី ២៣ឆ្នាំ​។ រូបថត សហ​ការី

ជា​ផ្នែក​មួយ​នៃ​សាខា​Aspire to Bee អ្នកស្រី នីហ្សា បាន​សរសេរ​សៀវភៅ​កុមារ​មួយ​ដែល​បង្ហាញ​ពី​ការ​ថែទាំ​កូនៗ​តាមរយៈ​សកម្មភាព​កម្សាន្ដ​ និង​ការ​និទាន​រឿង​តាម​ចង្វាក់​ចម្រៀង។​

ការ​ប្រកួត Mrs. Asia USA គឺ​ជា​ព្រឹត្ដិការណ៍​ប្រឡង​បវរកញ្ញា​ទាក់ទាញ​ ទេពកោសល្យ និង​វប្បធម៌​ប្រចាំ​ឆ្នាំ​។

ការ​ប្រកួត​​បើក​ទ្វារ​សម្រាប់​ស្ដ្រី​​រៀបការ​រួច​អាយុ​ចាប់​ពី ២៣ ឆ្នាំ ​មក​ពី​តំបន់​អាស៊ី​។

ប្រភេទ​ការ​ប្រកួត​រួម​មាន​សម្លៀកបំពាក់​ប្រពៃណី​តាម​ជាតិ​​សាសន៍ និង​ឈុត​រាត្រី​សមោសរ​។ នេះ​គឺ​ជា​ការ​ប្រកួត​លើក​ទី ​១ ​របស់​អ្នកស្រី នីហ្សា អូន​ ង្វៀង​។

អ្នកស្រី​និយាយ​ថា​៖ «​ខ្ញុំ​រំភើប​​និយាយ​មិន​ចេញ និង​មាន​​មោទនភាព​ដែល​បាន​គ្រង​មកុដ​រាជិនី​ Mrs. Asia USA តំណាង​ឲ្យ​កម្ពុជា​។ វា​ពិត​ជា​អស្ចារ្យ​ដែល​បាន​ឈ្នះ​មកុដ​ក្នុង​សម័យ​បណ្ដាញ​សង្គម​ និង​អាច​លើក​ទឹក​ចិត្ដ​ស្ដ្រី​»។

ដោយ​ទទួល​ស្គាល់​ថា ស្ដ្រី​ខ្មែរ​-​អាមេរិក​រូប​នេះ ​ស្ថិត​ក្នុង​ចំណោម​ពលរដ្ឋ​ក្រីក្រ​បំផុត​លើ​ទឹក​ដី​សហរដ្ឋ​អាមេរិក និង​ពលរដ្ឋ​ខ្មែរ​-​អាមេរិក​ ៤៥ ភាគរយ ​ទទួល​បាន​ការ​សិក្សា​ជាន់​ខ្ពស់​ អ្នកស្រី នីហ្សា មាន​ការ​ប្ដេជ្ញា​ចិត្ដ​ធ្វើ​ជា​គំរូ​ដល់​អ្នក​ដទៃ ​ដើម្បី​ពុះពារ​ឧបសគ្គ​នានា​តាម​រយៈ​ការអប់រំ និង​​មេរៀន​ជីវិត​ផ្សេង​ៗ៕ HR

អត្ថបទគួរចាប់អារម្មណ៍