ភ្នំពេញ: ស្ដ្រី​ខ្មែរ និង​បរទេស​មួយ​ក្រុម​បាន​ស្រាក់​ដៃ​គ្នា​ប្រារឰ​ពិធីបុណ្យ​ស្ដ្រី​និយម​ភ្នំពេញ (PFF) នៅ​កម្ពុជា​ជា​លើកដំបូង​។ ជាមួយ​សកម្មភាព​សិល្បៈ​ច្រើន​ហូរហែ បុណ្យ​រយៈពេល ៣ ថ្ងៃ​ដែល​ចាប់ផ្ដើម​ពី​ល្ងាច​ថ្ងៃ​សុក្រ​នេះ នឹង​ត្រូវ​បាន​រៀបចំ​ឡើង​នៅ Chinese House រាជធានី​ភ្នំពេញ​ក្នុង​បំណង​លើកតម្កើង​សេរីភាព​ស្ដ្រី​នៅ​កម្ពុជា​ក៏​ដូចជា​បង្កើត​សុន្ទរកថា​វិជ្ជមាន​ពី​សិទ្ធិ​ស្ដ្រី និង​សមភាព​យេនឌ័រ​។

ប្រាក់ចំណូល​ទាំងអស់​ពី​ការលក់​សំបុត្រ​ល្ខោន​រឿង «Vagina Monologues» ដែល​សម្ដែង​ដោយ​អង្គការ​មិន​រកប្រាក់​ចំណេញ Phnom Penh Players នឹង​ប្រគល់​ជូន​ដល់​កម្មវិធី «Early Years Behind Bars» របស់​អង្គការ​លីកាដូ ដែល​ជួយ​ដល់​ស្ដ្រី អ្នក​ម្ដាយ និង​កុមារ​ក្នុង​ពន្ធនាគារ​។

«Vagina Monologues» ដែល​ជា​ល្ខោន​របស់​អ្នកនិពន្ធ Eve Ensler ស្ដីពី​រឿងរ៉ាវ​អាថ៌កំបាំង កំប្លុកកំប្លែង ការឈឺចាប់ អំណាច សេរីភាព កំហឹង និង​ក្ដីរំភើប​រីករាយ​របស់​ស្ដ្រី​នឹង​ក្លាយ​ជា​ចំណុច​ស្នូល​ក្នុង​ពិធីបុណ្យ​នេះ​។ ការសម្ដែង​ដែល​ត្រូវ​បាន​ចាត់ទុក​ជា​សសរ​ស្ដម្ភ​ស្ដ្រី​និយម​ត្រូវ​បាន​បកប្រែ​ជា ៤៦ ភាសា​ហើយ​ពេល​នេះ​ល្ខោន​និយាយ​ ២ ​រឿង​នឹង​ត្រូវ​បាន​បង្ហាញ​ជា​ភាសា​ខ្មែរ​ផង​ដែរ​។

កញ្ញា សោណា អូ ម៉ាហូនី ជា​អ្នក​រៀបចំ PFF ម្នាក់​ដែល​ផ្ដួចផ្ដើម​គំនិត​រៀបចំ​ព្រឹត្ដិការណ៍​នេះ​តាំងពី​ខែ​វិច្ឆិកា​បាន​និយាយ​ថា​៖ «​យើង​បាន​បកប្រែ​ល្ខោន​និយាយ ២ ភាគ​ជា​ភាសា​ខ្មែរ​​ជា​លើកដំបូង ហើយ​នឹង​សម្ដែង​ដោយ​សិល្បករ​ជាតិ​ទាំងអស់​។ នៅ​ថ្ងៃ​សៅរ៍​ទី​ ១៦ នឹង​មាន​ការបង្ហាញ​ពី​រឿងល្ខោន​និយាយ ការបញ្ចូល​សម្ដែង សិក្ខាសាលា គំនូរ​គូរ​ភ្លាមៗ ស្ដ្រី របាំ ពិព័រណ៍​សិល្បៈ និង​ភាពយន្ដ​»​។

ដើម្បី​ឲ្យ​ពិធីបុណ្យ​ស្ដ្រី​និយម​នេះ​បើក​ទូលាយ​ដល់​សាធារណជន តែ​ពិសេស​សម្រាប់​ពលរដ្ឋ​ខ្មែរ វា​ពិតជា​សំខាន់​ណាស់​ដែល​វា​ជា​ឱកាស​ចូលរួម​ដោយ​ឥតគិតថ្លៃ​។ កម្មវិធី​ទាំងអស់​ក្នុង​ពិធីបុណ្យ​នឹង​មិន​គិត​ប្រាក់​ទាំងអស់ លើកលែង​តែ​ការសម្ដែង​ល្ខោននិយាយ Vagina Monologues ដែល​លក់​សំបុត្រ​ម្នាក់ ១០ ដុល្លារ​សម្រាប់​ឧបត្ថម្ភ​ដល់​អង្គការ​។

កញ្ញា​បាន​បន្ដ​ថា​៖ «​យើង​មាន​ជំនឿ​ចិត្ដ​ថា បុណ្យ​ស្ដ្រី​និយម​ដំបូង​នេះ​នឹង​ទាក់ទាញ​ភ្ញៀវ ១ ពាន់​នាក់ ហើយ​ការផ្សព្វផ្សាយ​នឹង​អាច​ទៅ​ដល់​មនុស្ស​ជាង ១ ម៉ឺន​នាក់​នៅ​កម្ពុជា​»​។

ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ចលនា​សកម្មជន​ទូទាំង​សកលលោក V-Day ដែល​ប្រារឰ​ឡើង​ស្រប​ទិវា​នៃ​ក្ដី​ស្រឡាញ់ បំណង​ដើម្បី​បញ្ចប់​ហិង្សា​លើ​ស្ដ្រី និង​កុមារី​ក្រោម​គំនិត​ផ្ដួចផ្ដើម​របស់​កវី Eve Ensler ស្ដ្រី​ខ្មែរ​នឹង​ត្រូវ​បាន​លើក​ទឹក​ចិត្ដ​ឲ្យ​ធ្វើ​បទបង្ហាញ​ពី​បទពិសោធ​ខ្លួនឯង​ដែល​បាន​ជួប​អំពើហិង្សា និង​ការជាប់​ឃុំឃាំង​នៅ​ចុង​បញ្ចប់​នៃ​ការសម្ដែង​។

កញ្ញា​បាន​បន្ដ​ថា​៖ «​ដោយសារ​វា​ស្របពេល​នឹង​ទិវា​នៃ​ក្ដីស្រឡាញ់ យើង​នឹង​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​លើកស្ទួយ​សិទ្ធិ​ស្ដ្រី និង​ការឯកភាព​រួមភេទ​ដោយ​ការ​ចែកចាយ​ប៉េងប៉ោង​រូប​បេះដូង ១០០០ ជាមួយ PFF ឡូហ្គោ ព្រមទាំង​ព័ត៌មាន​លម្អិត​អំពី​ពិធីបុណ្យ​។ វា​នឹង​ក្លាយ​ជា​ផ្នែក​សំខាន់​នៃ​យុទ្ធនាការ​នៅ​បណ្ដាញ​ផ្សព្វផ្សាយ​ទៅ​ដល់​បុគ្គល​មាន​ឥទ្ធិពល និង​តារា​ល្បីៗ​ដែល​បង្ហោះ​លើ​បណ្ដាញ​សង្គម​បន្ដ​ពី​រូបភាព​ប៉េងប៉ោង​ទាំងនេះ​»​។

អ្នក​រៀបចំ​ព្រឹត្ដិការណ៍​រូបនេះ​បាន​បន្ថែម​ថា​៖ «V-Day ឆ្នាំនេះ ដែល​ត្រូវ​បាន​បង្កើតឡើង​ដើម្បី​ធ្វើការ​ជាមួយ​ស្ដ្រី​ធ្លាប់​ជាប់​ពន្ធនាគារ និង​សកម្មជន​នានា​នឹង​ផ្ដោត​លើ​ស្ដ្រី​ជាប់ឃុំ និង​ឃាត់ខ្លួន​បណ្ដោះអាសន្ន​»​។

ចលនា V-Day នឹង​អាច​បំបាត់​​ផ្នត់​គំនិត​រំលោភបំពាន​ផ្លូវភេទ និង​បំបែក​ភាព​ស្ងៀមស្ងាត់​ជុំវិញ​រឿងរ៉ាវ​អំពើហិង្សា​លើ​ស្ដ្រី និង​កុមារី​។ ដោយ​មាន​ការប្រើប្រាស់​ភាសា​អសុរោះ​អំពី​បញ្ហា​ផ្លូវភេទ អ្នក​រៀបចំ​ព្រឹត្ដិការណ៍​ក៏​បាន​ណែនាំ​ឲ្យ​អ្នកចូលរួម​មាន​អាយុ​យ៉ាង​តិច ១៦ ឆ្នាំ​ឡើង​។

Phnom Fem Fest (PFF) នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​សុក្រ​នេះ​ម៉ោង ៧ យប់​នៅ​ថ្ងៃ​សៅរ៍ ម៉ោង ៥ ល្ងាច និង​ថ្ងៃ​អាទិត្យ ម៉ោង ៧ យប់ ឯ Chinese House លើ​វិថី​ព្រះស៊ីសុវត្ថិ​៕