The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ស្ដ្រី​ចិញ្ចឹម​ចៀម​សម្រាប់​ប្រើ​ឈាម​​ទៅ​ពិសោធ​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា




ស្ដ្រី​ចិញ្ចឹម​ចៀម​សម្រាប់​ប្រើ​ឈាម​​ទៅ​ពិសោធ​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា

អ្នកស្រី សុខន មាន​ស្នាម​ញញឹម​ពេល​បាន​រួមរស់​ជាមួយ​ចៀម​។
អ្នកស្រី សុខន មាន​ស្នាម​ញញឹម​ពេល​បាន​រួមរស់​ជាមួយ​ចៀម​។ Kimberley Mccosker

ស្ដ្រី​ចិញ្ចឹម​ចៀម​សម្រាប់​ប្រើ​ឈាម​​ទៅ​ពិសោធ​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា

ភ្នំពេញ: ផ្ទះ​របស់​អ្នកស្រី សុខន នៅ​ម្ដុំ​ទួលគោក មើល​ទៅ​មិនសម​ជា​ទីកន្លែង​ចិញ្ចឹម​សត្វ តែ​ចៀម​ថ្លោសៗ​បាន​ចេញ​​មក​​ស្វាគមន៍​ភ្ញៀវ​រហូត​ដល់​មាត់​របង​។ ​ចៀម​ប្រមាណ ៣០ ក្បាល​​ពណ៌​ខុសៗ​គ្នា​មិន​មែន​ជា​សត្វ​ចិញ្ចឹម​ដើម្បី​យក​សាច់​ជា​អាហារ​នោះ​ទេ​។

អស់រយៈ​ពេល​ ២៣ ឆ្នាំ អ្នកស្រី បាន​​ថែ​ទាំ​ពួក​វា ដើម្បី​ឲ្យ​វេជ្ជបណ្ឌិត​មកពី​មន្ទីរពេទ្យ​គន្ធបុប្ផា​ទី​ ៤ មក​បូម​ឈាម​​ពួកវា​​​រៀងរាល់​​ ២-៣ ​ខែ​ម្ដង ប្រើ​​ជា​ប្រយោជន៍​នៅ​មន្ទីរ​ពិសោធន៍។

ជាមួយ​ស្នាម​ញញឹម​ពព្រាយ ស្ដ្រី​វ័យ​ ៦០ ​ឆ្នាំ ប្រាប់​ពី​មូលហេតុ​​ចិញ្ចឹម​​​ចៀម​ទាំងនេះ​ថា អ្នកស្រី​បាន​បន្ដ​វេន​ចិញ្ចឹម​សត្វ​ទាំងនេះ​ពី​មីង​របស់​អ្នកស្រី ដែល​បម្រើការ​នៅ​មន្ទីរពេទ្យ ពីព្រោះ​ផ្ទះ​អ្នកស្រី សុខន មាន​ទីធ្លា​ធំ​។

អ្នកស្រី បាន​ឲ្យ​ដឹង​ថា​៖ «​បើ​ទោះបី​ជា​​ស្វាមី​របស់​ខ្ញុំ​បាន​ចែកឋាន​ក្នុង​ឆ្នាំ​ ១៩៩៩ យ៉ាងណា​ក៏ដោយ ក៏​ខ្ញុំ​នៅតែ​ចិញ្ចឹម​​ចៀម​ដដែល​ ពីព្រោះ​ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា លោកវេជ្ជបណ្ឌិត ប៊ីត រិចឈ្នើរ តែងតែ​ជួយ​ដល់​កុមារ​កម្ពុជា​ជាច្រើន ហើយ​ខ្ញុំ​ចង់​ចូលរួម​ចំណែក​ជួយ​តាម​លទ្ធភាព​របស់​ខ្ញុំ​»។

អ្នកស្រី​ សុខន ត្រូវ​បាន​ផ្ដល់​ប្រាក់ ៣០០ ដុល្លារ​ក្នុង​មួយ​ខែ​សម្រាប់​ការ​ទិញ​បន្លែ ផ្លែឈើ​ឲ្យ​ពួកវា​ស៊ី ដែល​ប្រាក់​នៅ​សេសសល់ ៥០ ដុល្លារ​​​​ជួយ​ផ្គត់ផ្គង់​ជីវភាព​ និង​កូន ៦ នាក់​។

សត្វ​ចៀម​ចំណាស់​បំផុត​មាន​អាយុ ១២ ​ឆ្នាំ​ ហើយ​ក្មេង​បំផុត​ទើប​អាយុ ២ ឬ ៣ ​សប្ដាហ៍​ ដោយ​អ្នកស្រី ប្រាប់​ពី​វិធី​ចិញ្ចឹម​ដ៏ងាយៗ​ថា អ្នកស្រី​គ្រាន់តែ​ដាក់​ឲ្យ​ពួកវា​ស៊ី លាង​សម្អាត​ខ្លួន និង​រក​កន្លែង​ឲ្យ​ដេក​ ព្រមទាំង​កាត់​កោរ​រោម​​មួយ​ខែ​ម្ដង​ដើម្បី​កុំ​ឲ្យ​ស្អុះស្អាប់​ពេក​។

ជួនកាល សត្វ​​ទាំងនេះ​ក៏​ងាប់​ដោយសារ​តែ​របួស​ក្រោយ​ប្រយុទ្ធ​គ្នា ប៉ុន្ដែ​មិនមែន​ដោយសារ​ជំងឺ​នោះ​ទេ​។

អ្នកស្រី អះអាង​ថា៖ «​ខ្ញុំ​ពេញចិត្ដ​ចិញ្ចឹម​ចៀម​ ដោយសារ​តែ​ខ្ញុំ​ដឹង​ថា ខ្ញុំ​បាន​រួម​ចំណែក​ជួយ​កុមារ​កម្ពុជា​»។

Content image - Phnom Penh Post

នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ទី​ ៤ លោកវេជ្ជ​បណ្ឌិត ឌេនីស ឡូរ៉េនត៍ (Denis Laurent) ជា​នាយករង ផ្នែក​ជំងឺ​ជីវសាស្ដ្រ​ បាន​ពន្យល់​ប្រាប់​ថា ឈាម​សត្វ​ចៀម​ត្រូវ​បាន​ប្រើ​សម្រាប់​ពិសោធ​​មីក្រូជីវសាស្ដ្រ​ដើម្បី​វិភាគ​រក​ជំងឺ​ឆ្លង និង​កំណត់​រក​ឱសថ​ព្យាបាល​។

ក្នុង​ពេល​ធ្វើ​ពិសោធ បាក់តេរី​ពី​ទឹកមាត់ ទឹកនោម ឬ​ទឹក​រងៃ​របស់​​អ្នក​ជំងឺ បាន​ពង្រីក​ខ្លួន​​ក្នុង​ចាន​ពិសោធ​ដោយ​ផ្ទុក «​កោសិកា» ដូចជា សារធាតុ​អន្ធឹល និង​ឈាម​ចៀម​។ បាក់តេរី​​នេះ​ត្រូវ​បាន​កំណត់​ដោយ​ការ​លូតលាស់​ក្នុង​កោសិកា​ផ្សេងៗ និង​ការ​ប្រតិបត្ដិ​ទៅ​នឹង​ឱសថ​ប្រឆាំង​។

លោក​វេជ្ជបណ្ឌិត ឌេនីស ឡូរ៉េនត៍ បាន​បន្ដ​ថា ឈាម​ចៀម មាន​​សារធាតុ​ប្រឆាំង​ជំងឺ​តិច​ជាង​ឈាម​ជ្រូក ពពែ សេះ ឬ​មនុស្ស ដែល​ធ្វើឲ្យ​ការ​ពិសោធ​ងាយស្រួល​។ លោក​ថា មន្ទីរពេទ្យ​បាន​​ទទួល​ឈាម​ចៀម​ប្រមាណ​ ១០ ​លីត្រ​ពី​អ្នកស្រី សុខន រៀងរាល់​ ២ ឬ ៣​ខែ​ម្ដង​ ហើយ​មន្ទីរ​នេះ​ក៏​បាន​ចិញ្ចឹម​ចៀម​នៅ​សៀមរាប​យក​ឈាម​សម្រាប់​ធ្វើ​ពិសោធ​ផង​ដែរ​។

លោក​បន្ដ​ថា​៖ «​យើង​អាច​ទិញ​ថ្នាល​បណ្ដុះ​មីក្រុប​សិប្បនិម្មិត​ពី​​បរទេស តែ​​វា​មាន​តម្លៃ​ខ្ពស់​ជាង​ការ​ប្រើ​ឈាម​ចៀម​ ១០ ដង​ឯណោះ​»។

អ្នក​នាំពាក្យ​មន្ទីរពិសោធន៍​ប៉ាស្ទ័រ និយាយ​​ថា ការពិសោធ​ដោយ​ប្រើ​ឈាម​ចៀម​ជា​វិធីសាស្ដ្រ​ដ៏សាមញ្ញ​។

ទួលគោក​បច្ចុប្បន្ន​ត្រូវ​បាន​អភិវឌ្ឍ​ជា​តំបន់​ក្រុង​ដែល​មាន​បរិវេណ​ទីធ្លា​ទំនេរ​កាន់តែ​រួម​តូច ហើយ​សត្វ​ចៀម​ត្រូវ​រស់នៅ​ក្នុង​ទីធ្លា​ក្រាល​ថ្ម​បេតុង ដែល​ជួប​គ្រោះថ្នាក់​ញឹកញាប់​។

ប៉ុន្ដែ​អ្នកស្រី បាន​បញ្ជាក់​ថា​៖ «​ខ្ញុំ​គិត​ថា ចៀម​នៅតែ​អាច​រស់នៅ​ក្រោម​ដំបូល​ផ្ទះ​​ជាមួយ​ខ្ញុំ​បាន​ បើ​ទោះបី​ជា​យើង​​មិន​មាន​ទីធ្លា​ទំនេរ​ច្រើន​ក្ដី»។

ទោះ​យ៉ាងណា អ្នក​ជិតខាង​បាន​តវ៉ា​ចំពោះ​ក្លិន​ដ៏អសោច​របស់​សត្វ​ចៀម ហើយ​លោក​វេជ្ជបណ្ឌិត ឡូរ៉េនត៍ បាន​លើក​ឡើង​ថា មន្ទីរពេទ្យ​កំពុងតែ​ស្វែងរក​ទីកន្លែង​ចិញ្ចឹម​ថ្មី។

អ្នកស្រី សុខន និយាយ​ថា អ្នកស្រី​នឹង​ក្រៀមក្រំ​ចិត្ដ បើ​សត្វ​ចៀម​អ្នកស្រី​ត្រូវ​ឃ្លាត​ឆ្ងាយ​ ហើយ​ក៏​មាន​ការ​បារម្ភ​ថា ​ពិបាក​​រក​ទីកន្លែង​ និង​អ្នកថែទាំ​ថ្មី។

អ្នកស្រី​ថា​៖ «​បើ​មន្ទីរពេទ្យ​ត្រូវតែ​រក​ទីតាំង​ថ្មី ខ្ញុំ​គ្មាន​សិទ្ធិ​ចិញ្ចឹម​វា​ទៀត​ទេ។ ខ្ញុំ​នឹក​ពួកវា​ណាស់ ព្រោះ​យើង​​រួមរស់​ជាមួយ​គ្នា​ជាង​ ២០ ​ឆ្នាំ​ហើយ​»៕ HR

អត្ថបទគួរចាប់អារម្មណ៍