ក្រុង​ហ្សាការតា: ស្ដ្រី​ឥណ្ឌូនេស៊ី​វ័យ ១០០ ឆ្នាំ​ម្នាក់ បាន​ជា​សះ​ស្បើយ​ពី​ជំងឺ​កូវីដ​ ១៩ ដោយ​ធ្វើ​ឲ្យ​អ្នកស្រី​ក្លាយ​ជា​អ្នក​រួច​ជីវិត​ដ៏​ចាស់​បំផុត​ប្រចាំ​ប្រទេស​ពី​ជំងឺ​ផ្លូវ​ដង្ហើម​មហាប្រល័យ​នេះ​។

ក្រុម​មន្ដ្រី​បាន​ឲ្យ​ដឹងថា អ្នកស្រី កាមទីម ដែល​មិន​ខុស​ពី​ប្រជាជន​ឥណ្ឌូនេស៊ី​និយម​ប្រើ​ឈ្មោះ​​អត់​ត្រកូល​ បាន​ចេញ​ពី​មន្ទីរ​ពេទ្យ​កាល​ពី​សប្ដាហ៍​មុន​ ក្រោយ​សម្រាក​ព្យាបាល​មួយ​ខែ​ក្នុង​ក្រុង​កំណើត​ ស៊ូរ៉ាបាយ៉ា ជាទីក្រុង​ធំ​លំដាប់​ទី ២ របស់​ឥណ្ឌានេស៊ី​។

អភិបាល​ក្រុង​ជ្វា​ខាងកើត អ្នកស្រី ខូហ្វីហ្វាស អនដា បារ៉ាវ៉ានសា បាន​និយាយ​ថា អ្នកស្រី​រំពឹង​ថា សាច់​រឿង​របស់​ស្ដ្រី​ចំណាស់ កាមទីម នឹង​ជួយ​លើក​ទឹក​ចិត្ដ​ពលរដ្ឋ​ងាយ​រង​គ្រោះ​ ដែល​ជំងឺ​នេះ​ពិត​ជា​បង្ក​ហានិភ័យ​ដល់​ជន​ចាស់​ជរា​ និង​អ្នក​មាន​ជំងឺ​រ៉ាំរ៉ៃ​។

អ្នកស្រី បារ៉ាវ៉ានសា បាន​បន្ថែម​ថា​៖ «​ខ្ញុំ​សង្ឃឹម​ថា ការ​ជា​សះ​ស្បើយ​របស់​គាត់​ជួយ​លើក​ទឹកចិត្ដ​ដល់​មនុស្ស​ចាស់​ដទៃ​ទៀត​អំឡុង​ពេល​វិបត្ដិ​រោគ​រាត​ត្បាត​សកល​នេះ​»។

ចៅប្រសា​របស់លោក​យាយ យល់ថា​ គាត់ប្រហែលជា​ឆ្លង​ពីអ្នកជិត​ខាង​មក​លេង​ផ្ទះ។ រូបថត AFP

ប្រសូត​ក្នុង​ឆ្នាំ​ ១៩២០ អ្នកស្រី កាមទីម ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរ​ពេទ្យ​កាលពី​មួយ​ខែ​មុនក្រោយ​ពី​បង្ហាញ​រោគ​សញ្ញា​ ហើយ​ក្រោយ​មកអ្នកស្រី​ត្រូវ​បាន​បញ្ជាក់​ថា បាន​ឆ្លង​មេរោគ​។

មិន​ច្បាស់​ថា ស្ដ្រី​ចំណាស់​នៅតែ​ក្នុង​ផ្ទះ​នេះ​ឆ្លង​រោគតាម​របៀប​ណា​ឡើយ​។

ចៅ​ប្រសារ​ស្រី​ ស៊ីទី អាមីណា បាន​និយាយថា​៖ «​គាត់​ប្រហែល​ឆ្លង​ពី​អ្នក​ជិត​ខាង​ ដែល​មក​លេង​ ដោយសារ​គាត់​មិន​ធ្លាប់​ចេញ​ក្រៅ​ផ្ទះ​ឡើយ​»។

ឥណ្ឌូនេស៊ី​បាន​បង្ហាញ​តួលេខ​ជាង ២៦ ០០០ ករណី​ គិត​ត្រឹម​បំណាច់​ខែ​ឧសភា ជាមួយ​អ្នក​ស្លាប់ ១ ៦១៣ នាក់​។

ប៉ុន្ដែ​ប្រទេស​ប្រជុំ​កោះ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​មាន​ប្រជាជន​ជាង ២៦០ លាន​នាក់​ មាន​សមត្ថភាព​តេស្ដ​រក​វីរុស​តិច​បំផុត​មួយ​ក្នុង​ពិភព​លោក​៕ AFP/HR