ភ្នំពេញ៖ វា​ប្រាកដ​ជា​ចម្លែក​បំផុត​ដែល​បាន​ឃើញ​ផ្ទះ​វីឡា​ធំ​មួយ​ខ្នង​ពេញ​ទៅ​ដោយ​សត្វ​ឆ្កែ និង​ឆ្មា​រាប់​រយ​ក្បាល​ចាប់​ពី​មាត់​ទ្វារ​របង​រហូត​ដល់​បន្ទប់​គេង​ជាន់​ទី ២​។ សត្វ​ឆ្កែ​ និង​ឆ្មា​ដែល​អ្នកស្រី គីម ឡូន​ ចិញ្ចឹម​ភាគ​ច្រើន​ត្រូវ​បាន​បោះបង់​នៅ​តាម​ផ្លូវ និង​អារាម​ ហើយ​ខ្លះ​ទៀត​ត្រូវ​បាន​ទុក​ដោយសារ​ម្ចាស់​ពួក​វា​​ចាកចេញ​ទៅ​កាន់​ក្រៅ​ប្រទេស​។

តាំង​ពី​អ្នកស្រី គីម ឡូន មក​រស់នៅ​ក្នុង​ប្រទេស ​កម្ពុជា ​ឆ្នាំ ​២០០៥ ជាមួយ​ស្វាមី​ជា​មន្ដ្រី​ការទូត​កម្ពុជា អ្នកស្រី​បាន​​ចំណាយ​ពេលវេលា​ដ៏​ច្រើន​នៃ​​ជីវិត​​មើល​ថែ​សត្វ​អនាថា​ទាំង​នេះ។ បច្ចុប្បន្ន ស្ដ្រី​វ័យ ៦២ ឆ្នាំ​រូប​នេះ បាន​​ចិញ្ចឹម​សត្វ​ឆ្កែ​ជាង ១៥០ ក្បាល និង​ឆ្មា​ជាង ៧០ ក្បាល ដែល​រស់នៅ​ក្នុង​​ផ្ទះ​តែ​មួយ​ ស្ថិត​នៅ​ភូមិ​កោះនរា​។

អ្នកស្រី គីម ឡូន ដែល​ហៅ​ថា ម៉ាដាម ឡូន បាន​សម្រេច​បង្កើត​អង្គការ​សមាគមន៍​ការពារ​សត្វ​នៅ​កម្ពុជា (CAPA) ក្នុង​ឆ្នាំ ​២០១២ ក្រោម​ជំនួយ​ពី​អង្គការ​បារាំង​ចំនួន ​២ Fondation Brigitte Bardot និង​ Fondation 30 Millions d''Amis ដែល​អង្គការ​នីមួយៗ​បរិច្ចាគ​ប្រាក់ ៥ ពាន់​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ​ដើម្បី​ទ្រទ្រង់​ការ​ចំណាយ​ថ្លៃ​វ៉ាក់សាំង ថែទាំ​សុខភាព​ អាហារ​ប្រចាំ​ថ្ងៃ​ និង​បុគ្គលិក​។

អ្នកស្រី ឡូន ​ប្រាប់​ភ្នំពេញ​ ប៉ុស្ដិ៍ ថា៖ «​ខ្ញុំ​បាន​ធ្វើ​កិច្ចការ​នេះ​តាំង​ពី​ឆ្នាំ ​២០០៥ ហើយ​ក្នុង​ឆ្នាំ ​២០១២ ខ្ញុំ​បាន​បង្កើត​សមាគម​ដើម្បី​ឲ្យ​គេ​ដឹង​កិច្ចការ​​របស់​យើង​។ ខ្ញុំ​បាន​លក់​ទ្រព្យ​សម្បត្ដិ​នៅ​បារាំង​ដើម្បី​ផ្គត់ផ្គង់​សមាគម​នេះ។ មួយ​ខែ ខ្ញុំ​ចំណាយ​ប្រាក់​បន្ថែម​ប្រមាណ ៣ ​០០០ ដុល្លារ​ទៀត​»។

នៅជាន់ទី២ជា​កន្លែង​ដាក់ឆ្មា​ ៧០ ក្បាល ដោយ​ពួកវា​ខ្លះ​មិន​បានចាក់វ៉ាក់សាំងទេ​។ រូបថត ហ៊ាន រង្សី

អ្នកស្រី​បន្ដ​ថា​៖ «​ខ្ញុំ​ចេញ​លុយ​ឲ្យ​មនុស្ស​ [បុគ្គលិក​] ដាក់​បាយ​ឲ្យ​សត្វ​នៅ​វត្ដ​ ហើយ​ខ្ញុំ​ត្រូវ​តាម​ដាន​មើល​ថា តើ​ពួក​គេ​បាន​បំពេញ​កិច្ចការ​បាន​ល្អ​អត់​? តើ​ពួក​គេ​ដាក់​បាយ និង​យក​វា​ទៅ​ពេទ្យ ពេល​វា​ឈឺ​អត់​? នៅ​តាម​ផ្លូវ​ បើ​ខ្ញុំ​ឃើញ​សត្វ​អនាថា​ សភាព​ស្គមស្គាំង​ ខ្ញុំ​ដាក់​បាយ​​ឲ្យ​វា ​បើ​មីង​អត់​បាន​​ដាក់​ឲ្យ​វា​ទេ មីង​ព្រួយ​ចិត្ដ​ណាស់​»។

ចូល​ផ្ទះ​អ្នកស្រី ឡូន អ្នក​ដំណើរ​ប្រាកដ​ជា​មាន​ការ​ភ្ញាក់​ផ្អើល​ចំពោះ​វត្ដមាន​ហ្វូង​ឆ្កែ​ធំៗ​ចេញ​មក​ស្វាគមន៍​នូវ​សំឡេង​ព្រូស​លាន់​ទ្រហឹង​តាំង​ពី​ខ្លោង​ទ្វារ​។ នៅ​ជាន់​ទី ១ ជា​ទី​ដែល​អ្នកស្រី ឡូន និង​ស្វាមី ប្រើ​តែ​មួយ​​បន្ទប់​គត់​សម្រាប់​ជីវិត​ឯកជន​ ជាមួយ​ក្រុម​ឆ្កែ​រោម​ស្រមូវ ខណៈ​​ជាន់​ទី ២ ជា​ទី​ចិញ្ចឹម​​ឆ្មា​ជាង ៧០ ក្បាល​។

អ្នកស្រី បាន​រៀបចំ​បន្ទប់​មួយ​នៅ​ជាន់​ទី ២ សម្រាប់​ទី​កន្លែង​សក្ការៈ​ដោយ​មាន​តម្កល់​ព្រះពុទ្ធ​បដិមា និង​ចម្លាក់​ព្រះ​មេរុ​គង់ស៊ីអ៊ីម​ ព្រម​ទាំង​កោដ្ឋ​រាប់​សិប​ដែល​រក្សា​ទុក​អដិ្ឋធាតុ​សត្វ​ចិញ្ចឹម​របស់​អ្នកស្រី​។

ម៉ាដាម ឡូន ​និយាយ​ថា​៖ «យើង​​ចិញ្ចឹម​សត្វ ​២ ​ ឬ ៣ ក្បាល​ក្នុង​ផ្ទះ យើង​តែងតែ​រអ៊ូ​រទាំ​ក្នុង​ការ​នឿយហត់​សម្អាត​ផ្ទះ និង​សត្វ​ ហើយ​ខ្លះ​ចង់​បោះ​វា​ចោល​​ម្ដង​ៗ​ ចុះ​ទម្រាំ​នេះ ឆ្កែ​ជាង ១៥០ ក្បាល និង​ឆ្មា​ជាង ៧០ ក្បាល​»។

ស្ដ្រី​ចំណាស់​ដែល​បាន​វះកាត់​ជង្គង់​ ៤ ដង ​ដោយសារ​ជំងឺ បាន​ត្អូញ​ត្អែរ​ថា អ្នក​ស្រី​ត្រូវ​​​​សម្អាត​​យ៉ាង​តិច ៦ ដង​ ដែល​ម្ដងៗ​ប្រើ​ពេល​​ប្រមាណ ១ ម៉ោង​ រហូត​ដល់​អាធ្រាត្រ។

ជាន់ទី១​​មាន​​បន្ទប់​ឯកជន​របស់អ្នកស្រី ដែល​ពោរពេញដោយ​ហ្វូង​ឆ្កែ​រោមវែងៗ។ រូបថត ហ៊ាន រង្សី

ហៅ ម៉ាស៊ី ត្រឡប់​ចូល​ផ្ទះ ខណៈ​​​ឆ្កែ​ញី​មួយ​ក្បាល​នេះ​ប៉ុនប៉ង​ត្បុល​​​ចេញ​​ក្រៅ​របង​ ស្ដ្រី​ដែល​ស្ទើរ​តែ​ចាំ​ឈ្មោះ​សត្វ​​​ទាំង​អស់​ បាន​បន្ដ​ថា៖ «យើង​បាន​ចាក់​វ៉ាក់សាំង​គ្រប់​​សត្វ​ទាំង​អស់ ហើយ​យើង​ក៏​មាន​សៀវភៅ​វ៉ាក់សាំង​ និង​ឈ្មោះ​សត្វ​នីមួយ​ៗ​»។

ក្រៅ​ពី​ខ្វះ​លទ្ធភាព​ចាក់​វ៉ាក់សាំង​​​ឆ្មា​​ទាំង​អស់ អ្នកស្រី ឡូន​ ក៏​ត្រូវ​ទិញ​សាច់​ឆៅ​ពី​ផ្សារ​ ជំនួស​អាហារ​សត្វ​ស្រាប់ ដែល​ថ្លៃៗ ​ដោយ​គ្រាន់​តែ​មួយ​ថ្ងៃ ​អ្នកស្រី​ទិញ​ត្រី​ ១០ គីឡូក្រាម​ និង​សួត​​ជ្រូក​​ ១៥ គីឡូក្រាម​ជា​ចំណី​ឆ្កែ និង​ឆ្មា​។ ​

ទោះ​មាន​ការ​លំបាក​ក្នុង​ការ​បីបាច់​សត្វ​​ចិញ្ចឹម​រាប់​រយ​ក្បាល​ដ៏​រញ៉េចរញ៉ាច​​ពេញ​ផ្ទះ និង​យល់​ព្រម​ក្នុង​ការ​ផ្ដល់​ជា​សត្វ​ចិញ្ចឹម​ដល់​អ្នក​សុំ​​យ៉ាង​ណា​ក៏​ដោយ ក៏​អ្នកស្រី​​ប្រគល់​សត្វ​​សម្រាប់​តែ​​អ្នក​ស្រឡាញ់​សត្វ​ដ៏​ពិត​ប្រាកដ​ប៉ុណ្ណោះ​​។

អ្នកស្រី​ប្រាប់​ថា​៖ «​​​សត្វ​ឆ្កែ​ខ្លះ មាន​គេ​សុំ​ទៅ​ចិញ្ចឹម​ហើយ ហើយ​យក​វា​បោះ​ចោល​ទៀត​។ ខ្ញុំ​អត់​ចង់​ឲ្យ​វា​មាន​គ្រួសារ​ច្រើន​ទេ​។ ខ្ញុំ​មើល​ទៅ​តាម​អ្នក​ចង់​សុំ​សត្វ​ទៅ​ចិញ្ចឹម​»​។

អ្វី​ដែល​ CAPA ប្រឈម​នា​ពេល​បច្ចុប្បន្ន ​គឺ​ការ​ខ្វះ​ធនធាន​ទាំង​ថវិកា​ចាយ​វាយ​ ថ្នាំ​សង្កូវ ការ​ថែទាំ​សត្វ​ ជា​ពិសេស អ្នក​បន្ដ​វេន​ក្រោយ​ពេល​អ្នក​ស្រី​ចម្រើន​វ័យ​កាន់​តែ​ជរា​ និង​លែង​មាន​ថាមពល​ធ្វើ​កិច្ចការ​ទាំង​នេះ​។

អ្នកស្រី គីម ឡូន បាន​និយាយ​ថា​៖ «​ខ្ញុំ​បែរបន់​ដល់​ទេវតា ដល់​ព្រះនាង​គង់ស៊ីអ៊ីម​រក​អ្នក​មាន​សន្ដាន​ចិត្ដ​ល្អ​បន្ដ​កិច្ចការ​ថែទាំ​សត្វ​ទាំង​នេះ​ពី​ទឹក​ចិត្ដ​ពិត​ប្រាកដ​។ ខ្ញុំ​ជា​អ្នក​ផ្ដល់​មូលនិធិ​ឲ្យ​ថែទាំ​ពួក​វា​»៕