កំពង់ធំ: ដោយមាន​កំណើតកើតជា​មនុស្ស​មិន​ពេញ​លក្ខណៈ ឆ្អឹង​អវយវៈ​បាក់​ក្រិន​ខ្វេរ​ខ្វង់ កាយ​រំកិល​មិន​រួច ដេក​ក្រាប​តែ​នៅ​លើ​គ្រែ​គ្រប់​នាទី ស្ដ្រី​ដែល​កើត​ជំងឺ​ងាយ​បាក់​ឆ្អឹង ឬ​ភាសា​វេជ្ជសាស្ដ្រ​ថា Osteogenesis imperfecta នៅ​តែ​មិន​ត្អូញ​ត្អែរ​នឹង​វាសនា មិន​តវ៉ា​ព្រហ្ម​លិខិត ដែល​បាន​តាក់​តែង​រូប​ខ្លួន​ជាម​នុស្ស​ពិការ​បែប​នេះ តែ​ប្រាថ្នា​ជម្រក​សមរម្យ សម្លៀក​បំពាក់​ស្អាត​បាត និង​មាន​ស្រូវ​ពេញ​ជង្រុក។

កញ្ញា សុខ ណេ​ន អាយុ ២៨ ឆ្នាំ រស់នៅក្នុង​ស្រុក​សាមគ្គីមានជ័យ ខេត្ដ​កំពង់ធំ មាន​អវយវៈ​ដុះ​លូត​លាស់​មិន​ពេញ​លក្ខណៈ ដោយ​កើត​មក​ផ្ទុក​នូវ​ជំងឺ​ងាយ​បាក់​ឆ្អឹង មាន​បង​ប្អូន ៤ នាក់ សុទ្ធ​តែ​ជីវភាព​ក្រីក្រ។

ក្នុង​វីដេអូ​ឃ្លី​ប ដែល​ត្រូវបាន​សម្ភាស​ដោយ​ព្រះ​តេជគុណ​និមន្ដ​ធ្វើ​សកម្មភាព​មនុស្ស​ធម៌​គ្រប់​ទីកន្លែង​ទូទាំង​ប្រទេស​នា ពេល​នោះ ស្ដ្រី​វ័យ​ជិត ៣០ ឆ្នាំ​ដែល​បញ្ចេញ​សំឡេង​ស្រដៀង​នឹង​ក្មេង​ស្រី​និយាយ​មិន​ច្បាស់ បាន​រៀបរាប់​ប្រាប់​អំពី​ជីវភាព​ពេល​បច្ចុប្បន្ន និង​បំណង​ប្រាថ្នា​នា​ពេល​អនាគត​របស់​ខ្លួន។

គេង​នៅលើ​គ្រែ​រនាប​ដៃ​ម្ខាង​ដាក់​កើយ​ក្បាល និង​ដៃ​ម្ខាង​ទៀត ឃើញ​ដូចជា​បាក់​ជា ៣ កំណាត់ សុខ ណេន និយាយ​ប្រាប់​តេជគុណ កក្កដា សុភ័ណ្ឌ ដែល​លោក​បាន​និមន្ដ​ទៅ​ជួប​ផ្ទាល់​ក្នុង​ស្រុក​សាមគ្គី​មានជ័យ​ថា៖ «ខ្ញុំ​ចង់​បាន​ផ្ទះ​ស្អាត ខ្ញុំ​ចង់​បាន​សម្លៀក​បំពាក់​ស្អាត និង​ស្រូវ​ក្នុង​ជម្រុក។ ស្រូវ​អត់​មាន។ ខ្ញុំ​មាន​បងប្អូន ៤ នាក់ សុទ្ធ​តែ​ក្រីក្រ»។

​​សុខ ណេន អាយុ ២៨ ឆ្នាំ កើត​ជំងឺហ្ស៊ែន​បាក់​ឆ្អឹង​។សហការី

វីដេអូ​ឃ្លី​ប​បន្ដ​ជាមួយ​សំឡេង​សាកសួរ​ព័ត៌មានខ្លះៗពី​ព្រះតេជគុណ កក្កដា សុ​ភ័​ណ្ឌ ថា៖ «សុំ​ឲ្យ​សប្បុរស​ជន​ជួយ​ជា​ខោអាវ ដែល​បង​ស្រី សុខ ណេន អត់​មាន​សម្លៀក​បំពាក់​ស្លៀក​ពាក់​សមរម្យ ដោយ​បងស្រី មាន​តែ​ខោអាវ​មួយ​កុំ​ប្លេ​ជាប់​ខ្លួន​ប៉ុណ្ណោះ»។

ភ្ជាប់​ជាមួយនឹង​ប្រាក់ឧបត្ថម្ភ​ផ្ទាល់ខ្លួន​ជូន​ដល់​ស្ដ្រី​ពិការ​រូបនោះ ព្រះសង្ឃ កក្កដា សុ​ភ័​ណ្ឌ បាន​អំពាវនាវ​ថា៖ «បង​ស្រី​សុំ​របស់​របរ​ហូប​ចុក ដោយសារ​មាន​ជីវភាព​ខ្វះខាត​មែន​ទែន។ ថ្ងៃ​នេះ អាត្មា​ភាព​សំណូមពរ​ញាតិ​ញោម​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ជួយ​តាម​លទ្ធភាព»។

Osteogenesis imperfecta ជា​ប្រភេទ​ជំងឺ​ហ្ស៊ែនក​ម្រ​ដែល​ប៉ះពាល់​លើ​ឆ្អឹង​ពី​ប្រភេទ​ស្រាល​រហូតដល់​ធ្ងន់ធ្ងរ រួម​មាន ស្នាម​ជាំ​ខៀវ និង​ភ្នែក​ស ក្រិន របូត​សន្លាក់ ត្រចៀក​ធ្ងន់ ពិបាក​ដក​ដង្ហើម និង​បញ្ហា​ជំងឺ​មាត់​ធ្មេញ​ជាដើម៕