ភ្នំពេញ: អ្នកស្រី Cecile Dahome បញ្ជា​ដៃចង្កូត​រ៉ឺម៉ក ឬ​តុកតុក​កាត់​ដង​វិថី​នានា​ក្នុង​រាជធានី​ភ្នំពេញ ដោយ​ការ​ជិះ​គេច​យ៉ាង​ប៉ិនប្រសប់​នៅ​ចំពោះមុខ​ក្រុម​អ្នកបើកបរ​បត់​ដ៏ខ្វាត់ខ្វែង​។

ទម្លាប់​បើកបរ​ដែល​មិន​ខុស​អី​ពី​កូន​ទា​ដើរ​តាមដាន​មេ​យ៉ាង​ប្រសេចប្រសាច​ឆ្ពោះ​ទៅ​គោលដៅ​តាម​ចិត្ដ​ចង់​នោះ ធ្វើឲ្យ​ចរាចរណ៍​ស្ទះ​កកកុញ​លើ​ដង​វិថី​ព្រះស៊ីសុវត្ថិ​។

អ្នកស្រី Cecile បាន​និយាយ​លេងសើច​ថា​៖ «​ពេលនោះ​វា​ធ្វើឲ្យ​អ្នក​នឹកឃើញ​ដល់​បំណងប្រាថ្នា​មួយ​ឡើង​ថា អ្នក​ចង់​ជះ​ទឹក​សូកូឡា​លើ​ពួកគេ​»​។

ស្ដ្រី​វ័យ ៣៧ ឆ្នាំ​រូបនេះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា ការបើកបរ​រ៉ឺម៉ក​ក្នុង​ក្រុងភ្នំពេញ​ហាក់​ដូចជា​ការលេង​ហ្គេម​ម៉ារីអូ​ជិះ​កូន​ឡាន «Mario Kart» ដូច្នោះ​ដែរ​។ អ្នកស្រី​បាន​ទិញ​រ៉ឺម៉ក​កង់បីឥណ្ឌា​ពណ៌​ស ៤ ម៉ាស៊ីន​ដែល​កំពុង​ពេញនិយម​ធ្វើ​ចរាចរណ៍​ពាសពេញ​ទីក្រុង​។

ខណៈ​យាន​កង់បី​នេះ​មាន​ការអភិវឌ្ឍ​ពី​ម៉ូដែល​ជំនាន់​ចាស់​ក្នុង​ការបង្កើន​បរិវេណ​ផ្ទុក​មនុស្ស បន្ថែម​លើ​សមត្ថភាព​រយាល​ក្រោយ និង​គុណភាព​ខ្លះៗ អ្នកស្រី Cecile បាន​និយាយ​ថា​ទំនាក់ទំនង​រវាង​អ្នកស្រី និង​រ៉ឺម៉ក​ឥណ្ឌា​នេះ គ្រាន់តែ​បំពេញ​សេចក្ដី​ត្រូវការ​ប៉ុណ្ណោះ​មុនដំបូង​។

ស្ត្រី​បរទេស​បើក​រ៉ឺម៉ក​កង់បីឥណ្ឌា ទាក់ទាញ​ការចាប់អារម្មណ៍​ពី​អ្នកដំណើរ​នានា​។ រូបថត Husain Haider

រ៉ឺម៉ក​កង់​បី​គឺជា​ការប៉ុនប៉ង​លើក​ទី ៣ របស់​អ្នកស្រី​ក្នុង​មធ្យម​បាយ​ធ្វើដំណើរ​ប្រកប​ដោយ​សុវត្ថិភាព មិន​ប៉ះពាល់​បរិស្ថាន និង​ចំណាយ​ដើម​តិច​ក្នុង​រាជធានី​ភ្នំពេញ​។

ដំបូង អ្នកស្រី​ជិះកង់ តែ​បាន​ដឹង​ថា​អ្នកស្រី​មិនអាច​បង្ហាញ​ខ្លួន​ទាន់​ក្នុង​កិច្ចការ​ជំនួញ​ទាំង​រាងកាយ​បែកញើស​ជោក​។ ក្រោយមក​អ្នកស្រី និង​ស្វាមី​ប្រើ​ជម្រើស​ថ្មី​ដោយ​ការទិញ​ម៉ូតូ​ថ្មី​។ ដំបូង​ឡើយ វា​ជា​មធ្យោបាយ​ដ៏ល្អ​។ យ៉ាងណា​មិញ​ក្រោយពី​មាន​ភារៈ​ដឹកជញ្ជូន​កូន អ្នកស្រី​ត្រូវ​ផ្លាស់ប្ដូរ​មធ្យោបាយ​ធ្វើ​ដំណើរ ដើម្បី​សម្រួល​ដល់​សុវត្ថិភាព​ក្មេង​។

រថយន្ដ​មិនមែន​ជា​អាទិភាព​ឡើយ​ដោយ​ក្រៅពី​តម្លៃ​ខ្ពស់ បន្ថែម​លើ​សេវា​ធានារ៉ាប់រង និង​ប្រេងសាំង​ក៏​ជា​បន្ទុក​ដ៏ធ្ងន់ធ្ងរ​ផងដែរ​។ ទាំងនេះ​មិន​ទាន់​គិត​ដល់​ពេលវេលា​ត្រូវ​ចំណាយ​អំឡុងពេល​ធ្វើដំណើរ​ដ៏ស្ទះ​ណែនណាន់​តាន់តាប់ និង​ផលប៉ះពាល់​បរិស្ថាន​ដោយ​ការប្រើ​ប្រេងសាំង​ដែល​អ្នក​ម្ដាយកូន​មួយរូប​នេះ​មិន​គិត​ជា​ជម្រើស​ដាច់ខាត​។

ក្នុងនាម​ជា​ស្ថាបនិក Sevea Consulting អ្នកស្រី Cecile បាន​បន្ដ​ថា​អ្នកស្រី​មិន​អាច​មិន​គិតពី​ផលប៉ះពាល់​នៃ​ការប្រើប្រាស់​រថយន្ដ​ចំពោះ​បរិស្ថាន​ដោយ​កិច្ចការ​របស់​អ្នកស្រី​ជួយ​ដល់​អង្គការ​នានា និង​ដៃគូ​ដទៃ​ទៀត​លើ​បញ្ហា​គម្រោង​បរិស្ថាន មនុស្សធម៌ និង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ស្ទួយ​ដល់​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​កម្ពុជា ជាពិសេស​សហគមន៍​ជនបទ​នានា​។

អ្នកស្រី​និយាយ​ពី​ការប្រើប្រាស់​ប្រភេទ​ម៉ាស៊ីន​រ៉ឺម៉ក​ប្រើ​ហ្គាស​ថា​៖ «​បំណង​ចម្បង​របស់​យើង​គឺ​មិនមែន​វា​ឡើយ វា​ត្រូវតែ​ផ្ដល់​សុខ​សុវត្ថិភាព​ដល់​ក្រុម​គ្រួសារ​ខ្ញុំ តែ​ក្រោយពី​បើកបរ​បាន ២ ​ឆ្នាំ​ពេល​នេះ​ខ្ញុំ​គិតថា វា​គួរតែ​មធ្យោបាយ​ធ្វើដំណើរ​ល្អ​ដែល​អាច​ទទួល​យក​បាន ពីព្រោះ​វា​ប៉ះពាល់​បរិស្ថាន​តិច​»​។

អ្នកស្រី​ស្វែងរក​មធ្យោបាយ​ធ្វើ​ដំណើរ​មាន​សុវត្ថិភាព​ដល់​កូន តែ​វា​មិនមែន​ជា​រថយន្ត​។ រូបថត Husain Haider

នៅ​ស្ថានីយ​ប្រេង​ក្បែរ​ផ្សារ​ថ្មី​មួយ​កន្លែង រ៉ឺម៉ក​ពណ៌​សក្បុស​ដូច​កូន​ឆ្កែ​រោម​ស្រមូវ Pomeranian Lilou របស់​អ្នកស្រី Cecile មាន​រូបរាង​ឃ្យូត​ដែល​ទាក់ទាញ​ចំណាប់​អារម្មណ៍​អ្នកដំណើរ​។

វា​ជា​ទិដ្ឋភាព​ដ៏ប្លែក​ភ្នែក​ពេល​ឃើញ​ជនបរទេស​បើក​រ៉ឺម៉ក​នៅ​ភ្នំពេញ ជាពិសេស​អ្នកបើក​ជា​ស្ដ្រី​។ នៅ​កែង​ដង​វិថី​សុធារស និង​មហាវិថី​ព្រះសីហនុ ស្ដ្រី​ម្នាក់​កំពុង​ជិះ​ម៉ូតូ​ស្រប​តាម​រ៉ឺម៉ក​របស់​អ្នកស្រី Cecile បាន​បង្ហាញ​ទឹកមុខ​យ៉ាង​ងឿងឆ្ងល់​។ មុន​នេះ​បន្ដិច​ស្ដ្រី​ទាំង​ ២ ​បាន​ចូល​ផ្សារ​ម៉ាត​ក្បែរ​នោះ ដោយ​ស្ដ្រី​ជិះ​ម៉ូតូ​បាន​ទាញ​ទូរស័ព្ទ​ថត​ Lilou ពី​កែប​ក្រោយ​នៃ​ម៉ូតូ​។

ស្ដ្រី​ជិះ​ម៉ូតូ​ស្រែកសួរ​ឡើង ខណៈ​ភ្នែក​សម្លឹងមើល​ភ្លើង​សញ្ញា​ចរាចរណ៍​ថា​៖ «​មែន​ក៏​អី​? ជា​របស់​អ្នក​?»​។

ក្រោយពី​បញ្ជាក់​ពី​ចម្ងល់​របស់​ស្ដ្រី​រូបនោះ​អ្នកស្រី Cecile បាន​ឲ្យ​ដឹងថា ចំណូល​ចិត្ដ​មួយ​ចំពោះ​ការបើក​រ៉ឺម៉ក​កង់បីឥណ្ឌា​ក្នុង​ក្រុងភ្នំពេញ​គឺជា​ប្រតិកម្ម​ចម្លែក​ពី​ពលរដ្ឋ​ខ្មែរ​។

អ្នកស្រី Cecile បាន​និយាយ​ថា​៖ «​ស្មោះត្រង់​ទៅ​! ចំណូល​ចិត្ដ​របស់​ខ្ញុំ​ចំពោះ​ការបើក​រ៉ឺម៉ក​នេះ​គឺ​ប្រតិកម្ម​ពី​មហាជន មុនពេល​យើង​សម្រេច​ចិត្ដ​ទិញ​វា យើង​បាន​សាកសួរ​មនុស្ស​មួយ​ចំនួន​ទាំង​ខ្មែរ និង​បរទេស ហើយ​ពួកគេ​គ្រប់រូប​និយាយ​ថា វា​ពិតជា​គំនិត​ដល់​ល្អ​។ អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ​គឺថា​ទាំង​ខ្មែរ និង​បរទេស​សួរ​ខ្ញុំ​វិញ​ថា តើ​ខ្ញុំ​ទិញ​ក្នុង​តម្លៃ​ប៉ុន្មាន និង​មាន​សុវត្ថិភាព​ដែរ​ឬ​ទេ​? ហើយ​ពេល​ខ្ញុំ​ប្រាប់​ពួកគេ​ថា ខ្ញុំ​បាន​ទិញ​វា​ក្នុង​តម្លៃ​ប្រមាណ ២៥០០ ដុល្លារ ហើយ​ពេល​នេះ​វា​ឡើង​ដល់ ៣៥០០ ដុល្លារ ពួកគេ​ចាប់​អារម្មណ៍​ខ្លាំង​»​។

ស្ដ្រី​ជនជាតិ​បារាំង​រូបនេះ​បាន​បញ្ជាក់​ថា​៖ «​ខ្ញុំ​គិត​ថា​វា​បាន​ក្លាយ​ជា​អ្នក​ណែនាំ​គេ​ថា លោកអ្នក​អាច​ធ្វើអ្វីៗ​គ្រប់យ៉ាង​ដោយ​មិន​ចាំបាច់​ស្ទាក់ស្ទើរ​ច្រើន​ចំពោះ​ការរស់នៅ​ប្រចាំថ្ងៃ​។ នោះ​ជា​កិច្ចការ​ប្រចាំថ្ងៃ​របស់​ខ្ញុំ ដោយ​ណែនាំ​ពលរដ្ឋ​ថា យើង​ត្រូវ​មាន​ការផ្លាស់ប្ដូរ តែ​ការផ្លាស់ប្ដូរ​មិន​អាច​សម្រេច​ឡើង​តែមួយ​ថ្ងៃ​ឡើយ​»​។

ស្ត្រី​បារាំង​ញញឹម​ស្រស់​រូបនេះ​លើក​ឡើង​ថា​៖ «​ដូច្នេះ​តើ​លោកអ្នក​អាច​សម្រាល​ផលប៉ះពាល់​ជីវិត​ប្រចាំថ្ងៃ​យ៉ាង​ដូចម្ដេច​? ការបើកបរ​រ៉ឺម៉ក​កង់បី​ក៏​ជា​ជម្រើស​មួយ​»៕ HR

Husain Haider