ក្រុងខេបថោន: អ្នកជំនួញកំពូលដែលជាស្ដ្រីអាហ្វ្រិកស្បែកខ្មៅដំបូងឡើងភ្នំអេវើរ៉េស បាននិយាយកាលពីថ្ងៃពុធថា ដោយដឹងថាការឡើងភ្នំនេះអាចធ្វើឲ្យខ្លួនចូលក្នុងកំណត់ត្រា ជួយផ្ដល់កម្លាំងចិត្ដឲ្យអ្នកស្រីឡើងដល់កំពូលភ្នំ។
អ្នកឡើងភ្នំសញ្ជាតិអាហ្វ្រិកខាងត្បូង សារ៉េ ឃូម៉ាឡូ អាយុ ៤៧ ឆ្នាំបានឡើងដល់កំពូលភ្នំអេវើរ៉េសកម្ពស់ ៨៨៤៨ ម៉ែត្រកាលពីសប្ដាហ៍មុន ក្រោយពីបរាជ័យ ៣ ដងក្នុងការប៉ុនប៉ងឡើងភ្នំខ្ពស់បំផុតនេះ។
អ្នកស្រីបាននិយាយថា៖ «ខ្ញុំបានដឹងរួចរៀបចំផែនការដែលវាពិតជាពិបាកនឹងសម្រេចជោគជ័យ តែខ្ញុំត្រូវតែធ្វើវាឲ្យបាន។ ខ្ញុំគិតថា វាជាមូលហេតុមួយដែលជំរុញចិត្ដខ្ញុំ បើទោះជាខ្ញុំបានជួបនូវបរាជ័យច្រើនលើកច្រើនសាក៏ដោយ»។
អ្នកស្រី ឃូម៉ាឡូ បានសិក្សាស្រាវជ្រាវស្វែងរកភ្នំខ្ពស់ៗបំផុតក្នុងពិភពលោក។ អ្នកស្រីបានផ្ដល់បទសម្ភាសដំបូងតាំងពីពេលឡើងភ្នំថា៖ «ការសម្រេចជោគជ័យលើភ្នំអេវើរ៉េស ឬកំពូលភ្នំខ្ពស់ៗដទៃគួរតែគ្មានអ្វីប្លែកនោះទេ ពីព្រោះមានមនុស្សជាច្រើនអាចធ្វើបាន។ ចុះតើហេតុអ្វីយើងមិនអាច?»។
អ្នកស្រីបន្ដថា៖ «មិនបញ្ហាទេ ដែលយើងត្រូវមកពីប្រភពណា ឬគេមើលមកយើងយ៉ាងម៉េច ចូរបន្ដធ្វើកិច្ចការតាមបំណងទៀត ពីព្រោះកំពូលភ្នំនៅខាងលើនេះឯង។ វានៅសេសសល់តែប៉ុន្មានជំហានទៀតប៉ុណ្ណោះ»។
អ្នកស្រី ឃូម៉ាឡូ បានលើកឡើងថាអ្នកស្រីបានពិភាក្សាជាមួយកូនប្រុស ២ នាក់អាយុ ១៦ ឆ្នាំ និង ២១ ឆ្នាំអំពីកត្ដាគ្រោះថ្នាក់នានា។ អ្នកស្រីបានឲ្យដឹងថា៖ «ពួកគេបានដឹងថា ខ្ញុំនឹងមិនហ៊ានប្រថុយគ្រោះថ្នាក់ដោយគ្មានហេតុផលឡើយ។ ខ្ញុំខំចំណាយពេលចុះក្រោមវិញយ៉ាងយូរ។ យើងមិនយកទូរស័ព្ទឡើងភ្នំតាមខ្លួនទេ។ ដូច្នេះខ្ញុំគ្រាន់តែនិយាយប្រាប់ពួកគេពេលខ្ញុំមកដល់ជើងភ្នំ តែពួកគេរីករាយណាស់»។
អ្នកស្រីបានរៃអង្គាសប្រាក់ចំពោះដំណើរចាយលុយខ្លួនឯងនេះដើម្បីជួយដល់បណ្ណាល័យ និងសកម្មភាពអប់រំរបស់កុមារនៅអាហ្វ្រិក។
ក្នុងឆ្នាំ ២០០៣ ឆ្មាំឧទ្យានអាហ្វ្រិកខាងត្បូង Sibusiso Vilane បានក្លាយជាជនស្បែកខ្មៅដំបូងដែលឡើងភ្នំអេវើរ៉េស៕ HR