ក្រុងស៊ីដនី៖ បណ្ដាញផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃចន្ទថា ស្ដ្រីម្នាក់បានស្លាប់ ខណៈចូលរួមប្រកួតបរិភោគនំខេក ដើម្បីអបអរទិវាអូស្ដ្រាលី។
ក្រុមគ្រូពេទ្យត្រូវបានខលហៅមកកាន់ហាងមួយក្នុងរដ្ឋឃ្វីនលែនកាលពីរសៀលថ្ងៃអាទិត្យ ក្រោយពីស្ដ្រីម្នាក់ជួបបញ្ហាផ្នែកវេជ្ជសាស្ដ្រ។
បណ្ដាញផ្សព្វផ្សាយសាធារណៈ ABC បានរាយការណ៍ថា ស្ដ្រីអាយុ ៦០ ឆ្នាំរូបនោះ បានគាំងបេះដូងដួលភ្លាមៗ ក្រោយពីខំប្រឹងញាត់នំខេកឡាមីងតុនចូលមាត់។
នំឡាមីងតុន បង្អែមប្រពៃណីអូស្ដ្រាលី ជានំស្ពោតៗរាងជ្រុងៗស្រោចសូកូឡា និងលាបក្រែមដូង។ ស្ដ្រីរូបនោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗក្នុងទីក្រុងឆ្នេរហេវេរ បេ តែក្រោយមកបានស្លាប់។ នេះបើយោងតាម ABC។
ស្ដ្រីចំណាស់កំពុងព្យាយាមប្រកួតបរិភោគនំឡាមីងតុន និងនំផាយក្នុងទិវាជាតិអូស្ដ្រាលីប្រចាំឆ្នាំ នៅសណ្ឋាគារផ្ទះឆ្នេរ Beach House។ ក្នុងការបង្ហោះលើហ្វេសប៊ុក គណគ្រប់គ្រង និងបុគ្គលិកបានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះមិត្ដភក្ដិ និងសាច់ញាតិស្ដ្រីរងគ្រោះ។
ការបង្ហោះនោះ បានសរសេរថា៖ «យើងទទួលស្គាល់ និងសូមអរគុណដល់អ្នកគាំទ្រ បុគ្គលិក និងអង្គភាពសេវាកម្មសង្គ្រោះបន្ទាន់របស់ឃ្វីនលែន សម្រាប់ការជួយដុតដៃដុតជើង និងផ្នែកបច្ចេកទេស ខណៈឧប្បត្ដិហេតុមិននឹកស្មានបង្កជាសោកនាដកម្មនេះបានកើតឡើង»។
បុគ្គលិកសណ្ឋាគារត្រូវបានផ្ដល់ការគាំទ្រផ្នែកបច្ចេកទេស ខណៈយើងបានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំដល់ក្រុមគ្រួសារសព។
ប៉ូលិសបាននិយាយថា មរណភាពនេះគ្មានអ្វីគួរឲ្យសង្ស័យឡើយ ហើយរបាយការណ៍នឹងត្រូវបានបញ្ជូនដល់ដៃក្រុមកោសល្យវិច័យ៕ AFP/HR