ក្រុងម៉ាទ្រីដ៖ នារីជាច្រើនដែលត្រូវបានគេលួចថតពេលកំពុងបត់ជើងតូចតាមដងផ្លូវ ហើយរូបភាពទាំងនោះដែលប្រទះឃើញលើវេបសាយសិច កំពុងទាមទាររកយុត្ដិធម៌នៅអេស្ប៉ាញ នៅប៉ុន្មានសប្ដាហ៍ក្រោយករណីបណ្ដឹងរបស់ពួកគេត្រូវបានច្រានចោល។
អ្នកស្រី ផាឡូម៉ា ម៉ាសេដា ដែស អ្នកនាំពាក្យឱ្យក្រុមស្ដ្រី ៨៧ នាក់ ដែលបានដាក់ពាក្យបណ្ដឹងកាលពីខែសីហា ឆ្នាំ ២០១៩ បានប្រាប់ AFP សប្ដាហ៍នេះថា៖ «យើងនឹងមិនបញ្ឈប់នោះទេ ដរាបណាវីដេអូឃ្លីបទាំងនោះបន្ដនៅលើវេបសាយ ហើយអ្នកកេងចំណេញនៅតែរកចំណូលពីវា»។
វីដេអូឃ្លីបត្រូវបានថតអំឡុងពេលពិធីបុណ្យរដូវក្ដៅ Maruxaina ក្នុងភូមិនេសាទមួយស្ថិតនៅភាគពាយព្យប្រទេសអេស្ប៉ាញ ដែលស្ដ្រីជាង ១០០ នាក់ ខ្លះជាក្មេងជំទង់ ត្រូវបានគេលួចថតពេលកំពុងអង្គុយចោងហោងបទជើងតូចតាមផ្លូវ។
អ្នកស្រី ផាឡូម៉ា ម៉ាសេដា ដែស ដែលស្ថិតក្នុងវីដេអូនោះផងដែរ បាននិយាយថា មួយឆ្នាំក្រោយមក បុរសក្នុងភូមិម្នាក់បានចុចមើលតំណរភ្ជាប់ឈ្មោះពិធីបុណ្យនោះក្នុងវេបសាយ ដែលលោកស្រាប់តែបានឃើញមិត្ដស្រី និងបងប្អូនជីដូនមួយនាង។
អ្នកស្រីបានបន្ដថា សរុបមក ស្ដ្រីលើសពី ១១០ នាក់ ត្រូវបានថតក្នុងវីដេអូ ៦ ឃ្លីបផ្សេងៗគ្នា ដែលត្រូវបានដាក់បញ្ចូលក្នុងវេបសាយសិច។
អ្នកស្រីបានឱ្យដឹងថា៖ «បុគ្គលដែលបានថតយើងបានដឹងច្បាស់ក្នុងការបង្កប់កាមេរ៉ា។ កាមេរ៉ាសរុបមានរហូតដល់ ៥ទីតាំង»។
រដូវក្ដៅឆ្នាំ ២០២០ ស្ដ្រីជិត ១០០ នាក់បានដាក់ពាក្យបណ្ដឹងតាងនាមក្រុមពីបទរំលោភសិទ្ធិឯកជន និងទីផ្សារមាតិការអាសអាភាសក្រៅច្បាប់។
ប៉ុន្ដែកាលពីថ្ងទី ១៥ ខែមីនា តុលាការក្នុងក្រុង Viveiro បានច្រានចោលបណ្ដឹងនោះ ដោយបដិសេធបើកការស៊ើបអង្កេតនៅកន្លែងកើតហេតុនាំឱ្យមានការលួចថតស្ដ្រីបន្ទោលបង់តាមទីសាធារណៈដែលអ្នកដំណើរក៏អាចមើលឃើញ៕ AFP/HR