The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ស្តាប់ ឌីជេ ខេក បំភ្លឺ​រឿង​សម្ព័ន្ធភាព​ខ្លួន​នឹង​តារាចម្រៀង បាន មុន្នីល័ក្ខ

ស្តាប់ ឌីជេ ខេក បំភ្លឺ​រឿង​សម្ព័ន្ធភាព​ខ្លួន​នឹង​តារាចម្រៀង បាន មុន្នីល័ក្ខ

Content image - Phnom Penh Post
ឌីជេ ខេក និង​កញ្ញា បាន មុន្នីល័ក្ខ ដែល​កំពុង​តែ​បែកធ្លាយ​នូវ​រឿង​បង្កាត់ភ្លើង​ស្នេហ៍​។ រូបថត ហ្វេសប៊ុក

ស្តាប់ ឌីជេ ខេក បំភ្លឺ​រឿង​សម្ព័ន្ធភាព​ខ្លួន​នឹង​តារាចម្រៀង បាន មុន្នីល័ក្ខ

ភ្នំពេញៈ នាពេល​ថ្មីៗ​នេះ​មាន​លេចឮ​ដំណឹង​បែកធ្លាយ​ថា តារា​រ៉េប​ប្រុស​ល្បីឈ្មោះ ឌីជេ ខេក ដែល​ជា​អ្នកដឹកនាំ និង​បណ្តុះបណ្តាល​ក្រុម​សិល្បករ​មួយ​ចំនួន​ឲ្យ​មាន​ឱកាស​ចូលប្រឡូក​នៅ​ក្នុង​វិស័យ​សិល្បៈ​មិន​ថា​ជា​តារាចម្រៀង ឬ​តារាសម្តែង ឬ​បង្ហាញ​ម៉ូដ​ទេ បាន​សំងំ​បង្កាត់ភ្លើង​ស្នេហ៍​នឹង​តារាចម្រៀង​ស្រី​ជ្រក​នៅឯ​ទ្រនំ​ផលិតកម្ម​ហង្សមាស កញ្ញា បាន មុន្នីល័ក្ខ អស់​រយៈពេល​ ៤-៥ ​ឆ្នាំ​មក​ហើយ ខណៈ​លោក​បាន​បំភ្លឺ​ថា​នាង​ក៏​ធ្លាប់​ត្រូវ​បាន​លោក​បណ្តុះ​ម្នាក់​ផង​ដែរ​នោះ​សព្វថ្ងៃ​មិន​មាន​ជាប់​ចំណង​ស្នេហ៍​ពិសេស​អ្វី​ឡើយ​។

ក្រៅពី​មាន​ស្ទូឌីយោ ផលិត​បទចម្រៀង​ដោយ​ខ្លួនឯង​ហើយ​នោះ ឌីជេ ខេក ក៏​មាន​ក្រុមហ៊ុន​សម្រាប់​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម និង​រៀបចំ​កម្មវិធី​ផ្សេងៗ​រួមទាំង​រៀបចំ​ក្រុម​តារាចម្រៀង ឬ​តារា​បង្ហាញ​ម៉ូដ​សម្រាប់​កម្មវិធី​នានា​ទៅ​តាម​តម្រូវការ​ចង់​បាន​របស់​មហាជន​ទៀត​ផង​។

ដោយសារ​តែ​មាន​លេចឮ​ដំណឹង​រឿង​ថា​កំពុង​មាន​ទំនាក់ទំនង​ស្នេហា​រវាង​លោក និង​តារាចម្រៀង​ស្រី​ជ្រក​នៅ​ទ្រនំ​ហង្សមាស​កញ្ញា បាន មុន្នីល័ក្ខ ដែល​អតីត​ជា​បេក្ខនារី​ប្រឡង​កម្មវិធី The Voice Cambodia រដូវកាល​ទី ១ នោះ​ ឌីជេ ខេក ក៏​បាន​បកស្រាយ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​តាម​ទូរស័ព្ទ​ថា​៖ «​តាមពិត​ទៅ​បង និង​កញ្ញា បាន មុន្នីល័ក្ខ មិន​មាន​ទំនាក់ទំនង​ស្នេហា​អី​នឹង​គ្នា​នោះ​ទេ​! គ្រាន់តែ​ជា​អ្នក​រួម​ការងារ​ជាមួយ​គ្នា​តែ​ប៉ុណ្ណោះ ហើយ​បង​ក៏​ជា​អ្នក​បាន​នាំ​គាត់​ឲ្យ​គាត់​ចូល​សិល្បៈ​ផង​ដែរ​»​។

Content image - Phnom Penh Post
កញ្ញា បាន មុន្នីល័ក្ខ ជា​តារាចម្រៀង​ស្រី​ជ្រក​នៅ​ទ្រនំ​ហង្សមាស​។ រូបថត ហ្វេសប៊ុក

ឌីជេ ខេក ដែល​មាន​ឈ្មោះ​ល្បី​ក្នុង​សិល្បៈ​តាមរយៈ​ជំនាញ​ច្រៀង​រ៉េ​ប​នោះ ក៏​បាន​បន្ត​ប្រាប់​ពី​ទំនាក់ទំនង​នឹង​កញ្ញា បាន មុន្នីល័ក្ខ ក៏​បន្ត​ទៀត​ផង​ដែរ​ថា​៖ «​ជាធម្មតា បង​គឺជា​អ្នក​រៀបចំ​កម្មវិធី បង​ត្រូវ​តែ​ទៅ​ណា​មក​ណា​ជាមួយ​ក្រុម​ការងារ ឬ​ជូន​គាត់​ទៅ​ជា​រឿង​ធម្មតា​ទេ​!​ប៉ុន្តែ​អាច​ប្រហែល​មកពី​គេ​ឃើញ​បង និង​កញ្ញា បាន មុន្នីល័ក្ខ ទៅ​ណា​មក​ណា​ជាមួយ​គ្នា​ញឹក​ពេក​ទេ​ដឹង ទើប​បាន​ជា​ធ្វើឲ្យ​លេចឮ​នូវ​ព័ត៌មាន​បែប​នេះ​កើតឡើង​មក​នោះ​?»​។

ឌីជេ ខេក ក៏បាន​បង្ហើប​ដែរ​ថា​លោក​គឺជា​អ្នក​បាន​ដឹកនាំ​តារាចម្រៀង​ស្រី​ជ្រក​ក្រោម​ទ្រនំ​ហង្សមាស កញ្ញា បាន មុន្នីល័ក្ខ ទៅ​ចូលរួម​ប្រឡង​នៅ​ក្នុង​កម្មវិធី​ចម្រៀង​លំដាប់​ពិភពលោក The Voice Cambodia នា​រដូវកាល​ទី​ ១ ហើយ​ក៏​ទើប​តែ​បាន​ស្គាល់ តារា​ស្រី​រូប​នេះ​នៅ​មុន​ពេល​កម្មវិធី​ប្រឡង​បាន​ចាប់ផ្តើម​នាពេល​ប៉ុន្មាន​ខែ​នោះ ហើយ​ព្រោះ​តែ​កញ្ញា មុន្នីល័ក្ខ មាន​គោលជំហរ​រឹងមាំ ចង់​ចូល​ប្រឡូក​នៅក្នុង​វិស័យ​សិល្បៈ​នោះ​ទើប​លោក​បាន​ជួយ​នាង​ឲ្យ​ឆាប់​បាន​សម្រេច​គោលដៅ​ក្នុង​សិល្បៈ​ចម្រៀង​មួយ​នេះ​។

លើស​ពី​នេះ​ដោយ​សូម្បីតែ​ការតស៊ូ​របស់​តារាស្រី​វ័យ ២៤ ឆ្នាំ​ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ត​បាត់ដំបង កញ្ញា បាន មុន្នីល័ក្ខ បែប​ណា​នោះ​ក៏ ឌីជេ ខេក បាន​ដឹង​ឮ​ដែរ​។

ឌីជេ ខេក បាន​បន្ថែម​ថា​៖​ «​ទម្រាំ​តែ មុន្នីល័ក្ខ បាន​ល្បី​មក​ដល់​សព្វថ្ងៃ នាង​ពិតជា​លំបាក​ណាស់ ប៉ុន្តែ​នាង​ក៏​មាន​ផលិតកម្ម​ជាច្រើន​ដែល​បាន​ទាក់ទង​ឲ្យ​ចូល​ច្រៀង​ក្នុង​ផលិតកម្ម​គេ​ដែរ ហើយ​ក្នុង​រយៈកាល​នោះ​ដោយសារ​តែ​គិត និង ថែម​ទាំង​មាន​ទំនុកចិត្ត​ទៅ​ផលិតកម្ម​រស្មី​ហង្សមាស​ទើប​បង​បាន​សម្រេច​ចិត្ត​ឲ្យ​គាត់​ដាក់​ពាក្យ​ទៅ​ប្រឡង​កម្មវិធី The Voice Cambodia តែ​ម្តង​ទៅ​»៕

អត្ថបទគួរចាប់អារម្មណ៍