ភ្នំពេញៈ ប្រលោមលោក​ស្នេហា​អម​ដោយ​សំណេរ​សន្ទនា និង​រូបភាព​តួអង្គ បាន​បង្កើន​ភាព​ទាក់ទាញ​យុវវ័យ​ដែល​អ្នកខ្លះ​តាមដាន​គ្រប់​ទំព័រ​ស្ទើរតែ​ដាច់​យប់​តាមរយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​។

អ្នកនាង សេង សៀវម៉ី វ័យ ២៦ ​ឆ្នាំ​ដែល​ជា​អ្នក​បកប្រែ​ប្រលោមលោក​ស្នេហា និង​រឿង​បែប​កំប្លែង​បាន​ថ្លែងប្រាប់ ភ្នំពេញ ប៉ុស្ដិ៍​ពី​ទឹកដី​អូស្ត្រាលី​ថា​៖ «​ដោយសារ​តែ​ខ្ញុំ​ទើប​តែ​មក​រស់នៅ​ប្រទេស​គេ ដូច្នេះ​ខ្ញុំ​ក៏​គិត​ថា​អាច​ធ្វើឲ្យ​ខ្ញុំ​ចេះ​ភាសា​អង់គ្លេស​បន្ថែម ព្រោះ​ប្រលោមលោក​ដែល​ខ្ញុំ​បាន​បក​នេះ​ប្រែ​ពី​ភាសា​អង់គ្លេស​»​។

អ្នកនាង​ក៏​លើក​ហេតុផល​ដែរ​ថា​៖ «​ហើយ​ណា​មួយ​ទៀត​ខ្ញុំ​ចង់​ហ្វឹកហាត់​ការសរសេរ​ភាសា​ខ្មែរ​យើង​ឲ្យ​បាន​ច្រើន ខ្លាច​ថា​នៅពេល​ដែល​យើង​មិន​ប្រើ​ការសរសេរ​យូរ​ទៅ​វា​អាច​ភ្លេច និង​ចង់​ពង្រីក​ការអាន​របស់​អ្នក​ចូល​មើល​ប្រលោមលោក​របស់​ខ្ញុំ ព្រោះ​ថា​ការអាន និង​សរសេរ​ភាសាជាតិ​បាន​ច្រើន​គឺ​ដូចជា​ការ​បាន​អភិរក្ស​អក្សរ​ជាតិ​យើង​ផង​ដែរ​»​។

ទំព័រហ្វេសប៊ុក Jasmine Khmer reader translated របស់​អ្នកនាង​ដែល​ទើប​តែ​បង្កើត​កាលពី​ថ្ងៃទី​ ៥ ខែ​មេសា ឆ្នាំ​ ២០១៩ កន្លង​មក​នេះ​មាន​ចំនួន Like រហូត​ដល់ ៤៨ K ក្នុង​រយៈពេល​ត្រឹមតែ​ ១ ​ខែ​។

អ្នក​ម្ដាយកូន​មួយ​ដែល​មាន​ស្រុកកំណើត​មកពី​ខេត្ត​បន្ទាយមានជ័យ និង​បាន​បញ្ចប់​ការសិក្សា​ពី​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដុនបូស្កូ​ទឹកថ្លា ឯ​ទីក្រុង​ភ្នំពេញ​ផ្នែក​វិជ្ជា​មេផ្ទះ​រូប​នេះ​បាន​បកប្រែ​ប្រលោមលោក​ស្នេហា​ពី​ភាសា​អង់គ្លេស​ទៅ​ជា​ភាសា​ខ្មែរ​ដោយ​ទាក់ទាញ​មិត្ត​អ្នកអាន​ភាគច្រើន​ជា​នារី​។

ដោយ​ឆ្លៀត​ពេល​ទំនេរ​ពី​ការមើលថែ​កូន អ្នកនាង​បាន​ធ្វើ​​កិច្ចការ​តែ​ម្នាក់ឯង​ក្នុង​ការបកប្រែ​រឿង «​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ភរិយា​ជា​ទី​ស្រឡាញ់​» ហើយ​ក៏​កំពុង​បន្ត​បកប្រែ​រឿង «​ភរិយា​ជា​ទីស្រឡាញ់​»​។

រូបភាព​ដកស្រង់​ពី​ទំព័រ​ប្រលោមលោក​ស្នេហា​។ រូបថត ហ្វេសប៊ុក

អ្នកនាង​បាន​លាន់មាត់​ថា​៖ «​ខ្ញុំ​ធ្វើ​តែ​ម្នាក់ឯង ហើយ​ខ្ញុំ​ផ្ទាល់​ក៏​មិន​នឹក​ឃើញ​ថា​មាន​អ្នកគាំទ្រ​ច្រើន​បែប​នេះ​។ វា​ពិតជា​ធ្វើ​ឲ្យ​ខ្ញុំ​រំភើប​ណាស់​»​។

ផ្អែក​ទៅ​លើ​បទពិសោធ​អាន​ប្រលោមលោក​ក្នុង​បណ្តាញ​សង្គម​ដែល​ពុំ​មាន​សំណេរ​ត្រឹមត្រូវ​តាម​អក្ខរាវិរុទ្ធ អ្នកនាង សៀវម៉ី បាន​ខិតខំ​អភិរក្ស​អក្សរ​ខ្មែរ​ឲ្យ​ត្រឹមត្រូវ​តាម​វចនានុក្រម​សម្តេច​សង្ឃរាជ​ជួនណាត​។

អ្នកនាង​បញ្ជាក់​ថា​៖ «​ពាក្យពេចន៍​ដែល​ខ្ញុំ​បាន​បកប្រែ​ទៅ​ជា​ភាសា​ខ្មែរ បើសិន​ជា​ខ្ញុំ​មិន​ច្បាស់​គឺ​ខ្ញុំ​ពិនិត្យ​មើល​ក្នុង​វចនានុក្រម​»​។

រីឯ​ការបកប្រែ​រឿង​ប្រលោមលោក​ស្នេហា និង​កំប្លែង​អម​ដោយ​រូបភាព​សន្ទនា​នេះ​អ្នកនាង សេង សៀវម៉ី បាន​រៀបរាប់​ថា​មិន​បាន​កម្រៃ​មកពី​ការ Like និង Share ច្រើន​នោះ​ទេ​គឺ​មាន​តែ​អស់ថ្លៃ​អ៊ីនធឺណិត និង​ថ្លៃ​ទិញ​សំបុត្រ​ចូល​មើល​រឿង​។

យ៉ាងណា​អ្នកនាង​ពេញ​ចិត្ត​នឹង​ការងារ​នេះ​ក្រោម​ហេតុផល​ថា​៖ «​ទោះបី​ជា​មិន​បាន​ប្រាក់​មកវិញ ហើយ​ក៏​ត្រូវ​ចំណាយ​ពិតមែន ប៉ុន្តែ​ធ្វើ​ហើយ​គឺ​បាន​សប្បាយចិត្ត ព្រោះ​បំណង​គឺ​ចង់​ជួយ​ជំរុញ​ឲ្យ​មាន​ការអាន​ឲ្យ​បាន​ច្រើន​តែ​ប៉ុណ្ណោះ ហើយ​ក៏​អាច​ធ្វើឲ្យ​យើង​បាត់​ភាព​ធុញថប់​នៅពេល​ដែល​បាន​អាន​​ប្រលោមលោក​បែប​នេះ​»​។

អ្នក​បកប្រែ​រស់នៅ​ទីក្រុង​ប្រ៊ីសប៊េន​ជាង ២ ​ឆ្នាំ​រូបនេះ​បាន​ឲ្យ​ដឹង​ពី​គម្រោង​អនាគត​ថា​៖ «​ខ្ញុំ​ចង់​បង្កើត​វេបសាយ​មួយ​ទៀត​ដើម្បី​ផ្សព្វផ្សាយ​លើក​កម្ពស់​ចំណេះដឹង​សុខុមាលភាព​មាតា និង​ទារក​ដោយ​ស្រាវជ្រាវ​ព័ត៌មាន​ណា​ដែល​ពិតប្រាកដ និង​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ផ្ទាល់​ពិគ្រោះ​រឿងនេះ​ចែកចាយ​ជា​ចំណេះដឹង​ដល់​ប្រជាជន​កម្ពុជា​យើង​»៕