ក្រុងញូវយ៉ក: អ្នកច្នៃ​ម៉ូដ​ក្រចក​តារារ៉េប Cardi B មិន​ខ្លាច​នឹង​លាតត្រដាង​ជីវប្រវត្ដិ និង​ដំណើរ​ជីវិត​វិវត្ដ​ពី​ជីវភាព​ក្រីក្រ​តោកយាក​ទៅ​ជា​អ្នក​មាន​ទ្រព្យ​ស្ដុកស្ដម្ភ​ដោយ​ពឹង​អាស្រ័យ​លើ​ការតស៊ូ​របស់​ខ្លួន​បាន​ប្រាប់​វិបសាយ​ព័ត៌មាន​ល្បីៗ​មាន Dailymail, Metro និង Insider Edition ជាដើម​។

ចេន្នី ប៊ុយ (Jenny Bui) ទទួល​រហស្សនាម​ថា​ជា​ «​រាជិនី​ក្រចក​» ពេល​នេះ​ជា​ថៅកែ​ហាង​ក្រចក​ល្បី ២ នៅ​ទីក្រុង​ញូវយ៉ក និង​ជាប់​ប្រជាប្រិយភាព​ខ្លាំង ដោយ​មាន​ការគាំទ្រ​ពី​តារា​ល្បីៗ​ថែម​ទៀត​។

បច្ចុប្បន្ន​អ្នកស្រី​ជា​បុគ្គល​ល្បី​ចំពោះ​ការឌីហ្សាញ​ម៉ូដ​ក្រចក​មាន​ដាំ​គ្រឿង​អលង្ការ​ឲ្យ​តារាចម្រៀង​រ៉េប Cardi B​។ វិថី​ជោគជ័យ​របស់​អ្នកស្រី ប៊ុយ ហាក់​មិន​កើតឡើង​ដោយសារ​តោង​អាលីប​ប្រជាប្រិយភាព​តារាល្បីៗ​ឡើយ​។ ជាក់ស្ដែង​អ្នកស្រី​នៅ​ចងចាំ​ពី​ការរត់​ភៀស​ខ្លួន​សម័យ​សង្គ្រាម​តាំងពី​កុមារភាព​។

អ្នកស្រី ប៊ុយ បាន​រំឭក​ថា​៖ «​កុមារភាព​របស់​ខ្ញុំ​ពិតជា​លំបាកលំបិន​ណាស់​។ ខ្ញុំ​ធ្លាប់​ឃើញ​មនុស្ស​ជាច្រើន​ជាន់មីន និង​ស្លាប់​នៅ​ចំពោះមុខ​។ វា​ពិតជា​អាណោចអាធ័ម​ណាស់​។ ​ទោះបី​ជា​ពេល​នេះ​ជួនកាល​ខ្ញុំ​នៅ​តែ​សុបិន​ឃើញ​រឿង​អតីតកាល​នៅ​នឹង​ភ្នែក​»​។

អ្នកស្រី​ប្រសូត​ក្នុង​ប្រទេស​កម្ពុជា​នៅ​ចុង​ទសវត្សរ៍​ឆ្នាំ​ ១៩៧០​។ ឪពុក​របស់​អ្នកស្រី​គឺជា​ចុងភៅ ហើយ​អ្នក​ម្ដាយ​លក់​ភេសជ្ជៈ​តាម​ដងផ្លូវ​។ អ្នកស្រី​មាន​បងប្អូន​រហូត​ដល់ ៨ នាក់​។

ពេល​អ្នកស្រី អាយុ ៥ ឆ្នាំ​ខ្មែរក្រហម​បាន​គ្រប់គ្រង​ប្រទេស និង​ធ្វើឲ្យ​ឆាកជីវិត​ក្រឡាប់​ចាក់ ។ អ្នកស្រី ប៊ុយ បាន​និយាយ​ថា​៖ «​ខ្ញុំ​គ្មាន​ជម្រក​ជ្រក​កម្ដៅ​ និង​ភ្លៀង​ឡើយ​។ ខ្ញុំ​រស់នៅ​ក្រោម​លម្ហ​មេឃ​សុទ្ធសាធ​។ យើង​គ្មាន​សូម្បីតែ​ស្បែកជើង និង​សម្លៀកបំពាក់​គ្រប​កាយ​សោះ​ឡើយ​។ អង្ករ​ ១ ​ស្លាបព្រា យើង​ត្រូវ​ញ៉ាំ​គ្នា ៣០ នាក់​។ យើង​ញ៉ាំ​ដើម​ចេក យើង​កាប់​វា​រួច​បក​យក​ស្រទាប់​ខ្ចី​ខាង​ក្នុង​ញ៉ាំ​។ យើង​ឆ្លង​មេរោគ​ជាច្រើន​»​។

ទើប​អាយុ ៨ ឆ្នាំ​អ្នកស្រី​រត់​ភៀសខ្លួន​ទៅ​កាន់​ប្រទេស​ថៃ និង​ត្រូវ​បាន​​គេ​ទម្លាក់​ចោល​នៅ​ភ្នំ​ដែល​ពោរពេញ​ដោយ​គ្រាប់មីន​មរណៈ​។

តារាចម្រៀង​រ៉េប Cardi B ដែល​និយម​ម៉ូដ​ក្រចក​ដាំពេជ្រ​វែង​ស្រួច​។ រូបថត AFP

អ្នកស្រី​បាន​ប្រាប់​ពី​បទពិសោធ​ជីវិត​ដ៏សែនវេទនា​បំផុត​ដែល​បាន​ឃើញ​មនុស្ស​ ៧ នាក់​បាន​ស្លាប់ ព្រោះ​តែ​ដណ្ដើម​គ្នា​ផឹកទឹក​។

អ្នកស្រី ប៊ុយ បាន​ធ្វើ​អន្ដោប្រវេសន៍​ទៅ​កាន់​ប្រទេស​កាណាដា​តាំងពី​ក្មេង​ជំទង់ ដែល​មាន​ការឧបត្ថម្ភ​ដោយ​បងប្រុស​ម្នាក់ និង​ចាប់ផ្ដើម​អាជីព​ជា​អ្នក​រត់តុ និង​បេះ​ផ្លែ​ស្ដ្រូប៊ឺរី​ចិញ្ចឹម​ជីវិត​។

ពេល​អ្នកស្រី អាយុ ២២ ឆ្នាំ​អ្នកស្រី​បាន​ប្ដូរ​មក​រស់នៅ​ខណ្ឌ Bronx ទីក្រុង​​ញូវយ៉ក​ជាមួយ​ស្វាមី ។ អាយុ ២៥ ឆ្នាំ​អ្នកស្រី​បាន​រៀន​ផ្នែក​សម្អាង​។

អ្នកស្រី​បាន​បន្ដ​ថា​៖ «​ខ្ញុំ​បាន​ចូល​ធ្វើការ​នៅ​ហាង​សាឡន​ជាច្រើន​ដោយ​គ្រាន់តែ​ឈរ​មើល​។ ខ្ញុំ​ចាប់ផ្ដើម​កាត់​ក្រចក​ខ្លួនឯង និង​កាត់​ដាច់​សាច់​ស្បែក​ដាច់​ចេញ​ឈាម​កក្លាក់​»​។

អ្នកស្រី​បាន​បើក​ហាង​សាឡន​ដំបូង​ក្នុង​សង្កាត់ Bronx រួច​ប្ដូរ​មក​ទីតាំង​ថ្មី​នៅ​តំបន់ Harlem អស់​រយៈពេល ១៦ ឆ្នាំ​។ អ្នកស្រី ប៊ុយ បាន​ឲ្យ​ដឹង​ថា​អ្នកស្រី​ជួប​ការលំបាក​ក្នុង​ការប្រកបរបរ​នេះ​ពេល​ចាប់ផ្ដើម​ដំបូង​។ អតិថិជន​រិះគន់ និង​មើល​ងាយ​អ្នកស្រី​ចំពោះ​បញ្ហា​កង្វះ​បទពិសោធ​។

ស្ដ្រី​ខ្មែរ​ដែល​ខិតខំ​តស៊ូ​លើ​ទឹកដី​អាមេរិក​រូប​នេះ​បាន​បន្ដ​ថា​៖ «​ខ្ញុំ​នៅតែ​បន្ដ​ពុះពារ​ ពីព្រោះ​ខ្ញុំ​ដឹងថា ខ្ញុំ​ត្រូវ​តែ​ចិញ្ចឹម​កូន​។ ខ្ញុំ​មាន​កូន ៣ នាក់​ពេល​នោះ​ពិតជា​លំបាក ពីព្រោះ​ខ្ញុំ​ជា​ស្ដ្រី​មេម៉ាយ​ចិញ្ចឹម​កូន​តែឯង​»​។

អ្នកស្រី​មាន​ទេពកោសល្យ​ផ្ទាល់ខ្លួន និង​យក​លំនាំ​រចនា​ម៉ូដ​ក្រចក​តាម​ជប៉ុន ដែល​នាំឲ្យ​អ្នកស្រី​ល្បី​ខ្លាំង​។

អ្នកស្រី ប៊ុយ បាន​បញ្ជាក់​ថា​៖ «​មិត្ដភ័ក្ដិ​ខ្ញុំ​ម្នាក់​នៅ​ជប៉ុន គាត់​បាន​ផ្ញើ​សៀវភៅ​ ១ ​ក្បាល​បង្ហាញ​ពី​ម៉ូដ​ក្រចក​ស្អាតៗ​។ ខ្ញុំ​តប​ថា អូ​! ខ្ញុំ​គួរ​តែ​សាកល្បង​ធ្វើ​បែប​នេះ​ដែរ ពីព្រោះ​នៅ​សហរដ្ឋអាមេរិក​អត់​មាន​បែប​នេះ​ទេ​។ តាំងពី​ពេល​នោះ​ខ្ញុំ​ក៏​ជាប់​ងារ​ជា រាជិនីក្រចក ដ៏ភ្លឺ​ផ្លេក​»​។

អ្នកស្រី​បាន​ក្លាយ​ជា​បុគ្គល​ល្បី​ចំពោះ​ស្នាដៃ​រចនា​ម៉ូដ​ក្រចក​រហូត​ដល់​តារាល្បី Yandy Smith ដែល​ជំរុញ​ឲ្យ​អ្នកស្រី​បង្ហោះ​រូប​ស្នាដៃ​ក្នុង​អ៊ីនស្តាក្រាម​ដែល​បច្ចប្បន្ន​មាន​អ្នកគាំទ្រ ជិត ២០ ម៉ឺន​នាក់​។

យ៉ាងណា​ក្ដី អ្នកស្រី ប៊ុយ នៅ​តែ​មាន​អ្នក​មិន​ចូលចិត្ត​ដែល​អ្នកស្រី​បាន​និយាយ​លេង​ក្នុង​វីដេអូ​សម្ភាស​ថា​៖ «​ដឹង​ទេ​ថា បើ​គ្មាន​អ្នក​ស្អប់ យើង​ក៏​មិន​ល្បី​ដែរ​»៕ HR