The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ស្ត្រី​ជប៉ុន​ ​ចំណាយ​ពេល​​រស់​នៅ​ជាង ២ ទសវត្សរ៍ និង​ជា​អ្នក​បាន​នាំយក​មុខម្ហូប​អាហារ​ជប៉ុន​មុន​គេ​មក​កម្ពុជា

ស្ត្រី​ជប៉ុន​ ​ចំណាយ​ពេល​​រស់​នៅ​ជាង ២ ទសវត្សរ៍ និង​ជា​អ្នក​បាន​នាំយក​មុខម្ហូប​អាហារ​ជប៉ុន​មុន​គេ​មក​កម្ពុជា

Content image - Phnom Penh Post
អ្នកស្រី គីមូរ៉ា តូមិកុូ ម្ចាស់ភោជនីយ​ដ្ឋាន Origami។ ហេង ជីវ័ន

ស្ត្រី​ជប៉ុន​ ​ចំណាយ​ពេល​​រស់​នៅ​ជាង ២ ទសវត្សរ៍ និង​ជា​អ្នក​បាន​នាំយក​មុខម្ហូប​អាហារ​ជប៉ុន​មុន​គេ​មក​កម្ពុជា

ភ្នំពេញៈ ដោយសារតែ​មានការ​ប្តេជ្ញា​ចិត្ត​ជួយ​ដ៏​មុតមាំ និង​មាន​ទឹកចិត្ត​អាណិត​ស្រឡាញ់​កុមារ​ខ្មែរ​ប្រៀប​បី​ដូចជា​អារម្មណ៍​ម្តាយ​ចំពោះ​កូន​នោះ​ក៏​ជំរុញ​ឲ្យ​ស្ត្រី​ជន​ជាតិ​ជប៉ុន​ម្នាក់ បាន​សម្រេច​ចិត្ត​រស់​នៅ​ស្រុក​ខ្មែរ​ជាង ២០ ឆ្នាំ ហើយ​ពុំទាន់​មាន​គម្រោង​ចង់​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​នៅ​ឡើយ​ទេ។

ស្ត្រីជាតិ​ជប៉ុន​អ្នកស្រី គី​មូរ៉ា តូ​មិ​កូ (Kimura Tomiko) ដែលមាន​ស្រុក​កំណើត​រស់​នៅ​ទីក្រុង​ក្យូ​តុ ប្រទេស​ជប៉ុន​រូប​នេះ បាន​មក​ដល់​ស្រុក​ខ្មែរ នា​អំឡុង​ឆ្នាំ ១៩៩៥-១៩៩៦ ក្នុង​នាម​ជា​បុគ្គលិក​ធ្វើការ​នៅ​អង្គការ NGO មួយ និង​ក្រោយ​មក​ឆ្លៀត​ទៅ​បើក​បង្រៀន​ភាសា​ជប៉ុន​ក្មេងៗ​ខ្មែរ នៅ​ឯ​សាលា​ជប៉ុន​មួយ​ដែល​មាន​ឈ្មោះ​អូរីហ្គាមិ (Origami School) រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ ហើយ​ក៏​ជា​ជន​ជាតិ​ជប៉ុន​ដំបូង​ដែល​បាន​នាំយក​នូវ​មុខម្ហូប​ជប៉ុន​នានា​មក​ដល់​ស្រុក​ខ្មែរ​ផង​ដែរ គឺ​អ្នក​ស្រី​បាន​បើក​កន្លែង​បម្រើ​ម្ហូបអាហារ​ជប៉ុន​ពិតៗ គឺ​ភោជនីយដ្ឋាន Origami Japanese Restaurant ខណៈ​ខ្លួន​ជា​ចុងភៅ​ចម្អិន​ផ្ទាល់​ទៀត​ផង។

ថ្លែង​ដោយ​ទឹកមុខ​ស្រស់ស្រាយ​នៅឯ​ភោជនីយដ្ឋាន Origami របស់​អ្នកស្រី​ដែល​ទើបតែ​ប្ដូរ​ទីតាំង​មក​នៅ​លើ​ផ្លូវ​សម្ដេច​ប៉ាន អ្នកស្រី គីមូរ៉ា តូមិកូ មាន​ការ​តាំង​ចិត្ត​ខ្ពស់​កើត​ចេញ​ពី​ក្តី​ស្រឡាញ់ និង​ចង់​មើល​ឃើញ​ពី​ភាព​រីក​ចម្រើន​កុមារ​កម្ពុជា ដែល​ជា​សិស្ស​សិក្សា ភាសា​ជប៉ុន​ពី​ក្មេង​វ័យ ហើយ​បន្ត​ការ​សិក្សា​ដល់​ពេញ​វ័យ និង​ទទួល​បាន​ការងារ​មាន​ប្រាក់​ខែ​ខ្ពស់​ទាំង​នៅ​ក្នុង​ប្រទេស​ខ្មែរ និង​នៅ​ប្រទេស​ជប៉ុន​ផងដែរ បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ផ្ទាល់​ខ្លួន​ពី​ការ​សម្រេច​ចិត្ត​រស់​នៅ​មាន​ពេល​យូរ​រហូត​ជាង ២ ទសវត្សរ៍​នោះ​ថា៖ «ព្រោះ​តែ​ទឹកចិត្ត​ក្នុង​ភាព​ជា​ម្តាយ​កើត​ចេញ​ពី​ក្តី​ស្រឡាញ់​ដល់​កុមារ​កម្ពុជា​ពេល​ដែល​ខ្ញុំ​បាន​ទៅ​បង្រៀន​ភាសា​ជប៉ុន​ពួកគេ​តាំង​ពី​ដំបូង​មក ជា​ពិសេស​ស្នាម​ញញឹម​ពួកគេ​តែម្តង ស្ថិត​នៅ​ដិត​ជាប់​ក្នុង​បេះដូង​របស់​ខ្ញុំ​ជានិច្ច។ ខណៈ​ពេល​នេះ​សភាព​ទឹកចិត្ត​នោះ វា​ក៏បាន​ក្លាយ​ទៅ​ជា​ផ្នែក​មួយ​នៃ​ជីវិត​របស់​ខ្ញុំ​ទៅ​ហើយ»។

Content image - Phnom Penh Post
សិស្សានុសិស្ស​ខ្មែរ កំពុង​រៀន​ភាសាជប៉ុន​នៅ​សាលា​ Origami School មានទីតាំង​នៅ​​ក្រោយសាលាបឋមសិក្សាពោធិ៍ចិនតុង​។ សហការី

ស្ត្រី​ជប៉ុន​រូបនេះ​បន្តថា៖ «ខ្ញុំ​សប្បាយចិត្ត​ខ្លាំងណាស់​ពេល​ឃើញ​មានការ​រីកចម្រើន​ច្រើន​ដូច្នេះ គឺ​ពី​សភាព​ដំបូង​មិន​ទាន់​ចេះ​ភាសា​ជប៉ុន​រហូត​ដល់​ចេះ​ស្ទាត់​ជំនាញ និង​ថែម​ទាំង​ចេះ​និយាយ​ភាសា​អង់គ្លេស និង​បាន​ទៅ​ដាក់​ពាក្យ​ប្រឡង​ជាប់​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន​ថែម​ទៀត​ផង ហើយ​ខ្ញុំ​ក៏​នៅ​តែ​ចង់​មើល​ឃើញ​ពី​ការ​អភិវឌ្ឍ​របស់​ពួកគេ​បន្ត ទៅ​មុខ​ទៀត»។

ក្រៅពី​មាន​ទឹកចិត្ត​ជួយ​បង្កើត​នូវ​ស្ពាន​ក្តី​ស្រមៃ​សម្រាប់​កុមារ​ខ្មែរ​តាមរយៈ​ការអប់រំ ជាពិសេស​ការ​សិក្សា​ភាសា​ជប៉ុន ឲ្យ​បាន​ចេះ​ស្ទាត់​ជំនាញ និង​ជា​លទ្ធផល​ពួកគេ​អាច​រក​បាន​ការងារ​ល្អ​ពី​បណ្តា​ក្រុមហ៊ុន​ជប៉ុន​នានា ដែល​បាន​ដាក់​ទុន​រក​ស៊ី នៅ​ស្រុក​ខ្មែរ និង​បាន​ប្រាក់​ខែ​ខ្ពស់ ហើយ​បើ​តាម​ស្តាប់​ការ​រៀបរាប់​ដោយ​ប្រៀប​ធៀប​នោះ ឃើញ​ថា អ្នកស្រី គី​មូរ៉ា តូមិកូ មិន​ត្រឹម​តែ​ជា​អ្នក​ជួយ​បំភ្លឺ​ផ្លូវ​ផ្នែក​ការ​អប់រំ និង​បាន​ត្រួស​ត្រាយ​ផ្លូវ​នាំ​យក​ម្ហូប​ជប៉ុន​មក​ស្រុក​ខ្មែរ​ដំបូង​ប៉ុណ្ណោះ​ទេ គាត់​ថែម​ទាំង​ជា​អ្នក​តាម​ដាន អំពី​ដំណើរ​វិវត្តន៍​ផ្នែក​សហប្រតិបត្តិការ ឬ​ការ​វិនិយោគ​ទុន​រវាង​កម្ពុជា និង​ជប៉ុន​ទៀត​ផង។ ម្ចាស់​ភោជនីយដ្ឋាន​ជប៉ុន រូប​នេះ​បញ្ជាក់​ថា៖ «បើ​តាម​ការ​សង្កេត និង​ជា​បទពិសោធ​របស់​ខ្ញុំ​ផ្ទាល់​នោះ ទាំង​កំណើន​ទេសចរ ទាំង​ការ​រក​ស៊ី​បណ្តាក់​ទុន​ផង​ដែរ​នោះ គឺ​មាន​ការ​កើន​ឡើង​ជា​ហូរហែ គឺ​ខ្ញុំ​មើល​ឃើញ​ថា ពលរដ្ឋ​ជប៉ុន​គឺ​កាន់​តែ​ចូលចិត្ត​ស្រុក​ខ្មែរ​ខ្លាំង​ដែរ»៕

អត្ថបទគួរចាប់អារម្មណ៍